សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ក្ដីសង្ឃឹមនិងស្នាមញញឹមរបស់ ប្រាសាទបុរាណភ្នំចៅស្រីវិបុលកេរ្តិ៍


នៅលើភ្នំដ៏តូចច្រឡឹងមានប្រាសាទ មួយល្អវិចិត្រ គឺប្រាសាទ “ចៅស្រី វិបុលកេរ្តិ៍” ក៏ប៉ុន្តែសព្វថ្ងៃប្រាសាទ នេះរងនូវការបាក់បែកខូចខាត ស្ទើរតែទាំងស្រុងដោយសារធម្មជាតិ និង សង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃអស់ជិតសាមសិប ឆ្នាំ ។ ប្រាសាទបុរាណបាក់បែកស្ទើររលាយនេះកំពុង តែត្រូវការឱ្យមានការថែរក្សា និង អភិវឌ្ឍឡើងវិញដូច ប្រាសាទបុរាណផ្សេងៗទៀតនៅខេត្តសៀមរាបដែរ ។

យើងធ្វើដំណើរទៅតាមបណ្តោយផ្លូវជាតិលេខ ៦ ពីភ្នំពេញទៅសៀមរាប ហើយបត់ចូលត្រង់ភូមិរលួស សសៀរ តាមផ្លូវមុខសាលាស្រុកសូទ្រនិគម ចម្ងាយប្រមាណជាប្រាំពីរគីឡូម៉ែត្រ នៅទិសខាងជើងនៃសាលាស្រុក យើង នឹងបានឃើញផ្លូវលំមួយក្រាលក្រួសក្រហមទៅត្រង់យើងនឹងទៅដល់ភ្នំស្រីវិបុលកេរ្តិ៍ ។ កាលបើ ទៅដល់ភ្នំនេះ ជាបឋមយើងប្រទះឃើញវត្តមួយយ៉ាងសមរម្យនៅអែបជើងភ្នំនោះ ។ បើតាមសម្តីអ្នកស្រុកនិយាយថា វត្តនេះ កាលពីដើមនៅឯកំពូលភ្នំឯណោះទេ តែព្រះ សង្ឃចេះតែមានជំងឺទើបមូលមតិគ្នាលើកវត្តមកនៅជើងភ្នំវិញ ទុកតែ ព្រះវិហារមួយនៅលើនោះ ។ ជណ្តើរដែលឡើងទៅលើភ្នំនោះមានបួន ប៉ុន្តែសព្វថ្ងៃសល់តែជណ្តើរ ពីរទេដែល បង្កលក្ខណៈងាយស្រួលដល់ការឡើងទៅទស្សនាប្រាសាទ គឺជណ្តើរខាង លិច និង ខាងជើង ។ នៅតាម បណ្តោយជណ្តើរទាំងអស់សុទ្ធតែមានរូបចម្លាក់ ខ្លោងទ្វារថ្មរចនាបថបែបខ្មែរបុរាណ ប៉ុន្តែសព្វថ្ងៃនេះបានរង នូវការខូចខាតស្ទើរទាំងស្រុងទៅហើយ ។ ចំណែកតួប្រាសាទវិញកំពុងរងនូវការបាក់បែកដួលរលំដោយសារ សំណឹកធម្មជាតិនិងសង្គ្រាមកាលពីជាងសាមសិបឆ្នាំមុន ។ គួរបញ្ជាក់ផងដែរថា កាលពីសម័យបនប្រល័យ ពូជសាសន៍ប៉ុលពតនៅលើភ្នំចៅស្រីវិបុលកេរ្តិ៍នេះ ជា ចំណុចសង្គ្រាមយ៉ាងក្តៅគគុករវាងកងទ័ពសាធារណរដ្ឋខ្មែរ និងទាហានប៉ុលពតហើយទីតាំងទាហានព្រៃ ប៉ុល ពត គឺស្ថិតនៅជុំវិញភ្នំ នេះតែម្តង ។ តាមអ្នកស្រុកឱ្យដឹងថា ច្បាំងលើកណាក៏កងទ័ពប៉ុល ពត ពុំអាចធ្វើអ្វីកងទ័ពសាធារណរដ្ឋខ្មែរបានដែរ ដោយសារ បារមីភ្នំ និង ប្រាសាទចៅស្រីវិបុលកេរ្តិ៍ជួយថែរក្សាការញរបិទបាំង ។





លោកតា រឹម ហ៊ាប អាយុហុកសិបប្រាំបីឆ្នាំ មានទីលំនៅអែបជើងភ្នំបាន មានប្រសាសន៍ឱ្យដឹងថា កាលពី ដើមឡើយបារមីប្រាសាទនេះពូកែស័ក្តិសិទ្ធិណាស់ រូបគាត់ និង អ្នកស្រុក ពេលឡើងភ្នំនេះម្តងៗពុំហ៊ាន និយាយអ្វីផ្តេសផ្តាសទេព្រោះខ្លាចបារមីព្រះកម្ចាយដែលតែងតែធ្វើឱ្យចុកញេះ ឬ ឈឺស្លាប់ បើហ៊ាននិយាយ ពាក្យពុំសមគួរឬសើចឡកឡាយ ។ លុះដល់ជំនាន់ ប៉ុល ពត រូបចម្លាក់នោះ ត្រូវបានពួកទាហាននាំគ្នា​សែងទៅចោលក្នុងព្រៃមួយកន្លែងនៅជើងភ្នំ ហើយកន្លែង ដែលចោលរូបចម្លាក់ព្រះកម្ចាយនោះ អ្នកស្រុក​ ពុំហ៊ានដើរទៅក្បែរទេព្រៃនោះ ក៏ក្លាយជាព្រៃរហោស្ថានរហូតសព្វថ្ងៃ ហើយបារមីនោះក៏ត្រូវបានសាបរលាប បន្តិចម្តងៗរហូតដល់សព្វថ្ងៃ ។ នៅលើភ្នំនេះ នៅអែបនឹងតួប្រាសាទដែលដួល រលំខ្លះទៅហើយ ហើយត្រូវ​បានអាជ្ញាធរអប្សរាយកឈើទល់ច្រូងច្រាងរៀបចេញ ជារាងប្រាសាទឡើងវិញ តែសោភណភាព និង រូបចម្លាក់​ នៅតាមតួសិលាពុំមានសេសសល់ទេ ដោយសារពួកជនទុច្ចរិតកាត់ក្បាលយកទៅលក់ឱ្យបរទេសអស់ មួយចំនួនធំ ។ បច្ចុប្បន្ននេះមានសេសសល់បំណែកដងទង់បុរាណដែលធ្វើឡើង ពីដើមជើងចាបព្រៃ បាក់បែកដេករដូករណែលនៅជិតនោះ ។ ដងទង់បុរាណនោះ ហើយដែលអ្នកស្រុកមានជំនឿថាមានឫទ្ធិបារមីពូកែអាចព្យាបាលជំងឺផ្សេងៗបាន ជាពិសេស​ចំពោះទារកទើបនឹងកើត គេតែងតែស្ទោះយកបំណែកឈើនេះទៅដាក់លើក្បាលដំណេកដើម្បីសុំសេចក្តីសុខ​ សប្បាយជានាពីជំងឺផ្សេងៗ ។ លោកតារៀប រាប់ទៀតថា ជារៀងរាល់ថ្ងៃសីល គេតែងឮសូរសំឡេងភ្លេង​ ពិណញទ្យប្រគំល្វើយៗពីលើកំពូលប្រាសាទ តែបច្ចុប្បន្នជួនកាលឮ ជួនកាលក៏អត់ ។ ចំណែកព្រះវិហារ លើភ្នំវិញមានសភាពចាស់ទ្រុឌទ្រោមទៅហើយ នៅទិសខាងកើតប្រាសាទយើង ឃើញមានចេតិយដ៏ចំណាស់ ពីរទន្ទឹមគ្នាដែលជាផ្នូរលោកគ្រូសង្គ្រាជវត្តកាលពី ប្រមាណហាសិបឆ្នាំមុន ស្ថិតនៅជម្រាលភ្នំពីក្រោមដើមចន្ទន៍ ។ រីឯនៅជុំវិញតួប្រាសាទមានចេតិយបុរាណចំនួនបីដែលល្បីតៗគ្នាមកថាជាចេតិយរបស់ព្រះបាទ យសកេរ្តិ៍ និង ព្រះមហេសី ព្រមទាំងបុត្រាព្រះនាមព្រះបាទ ចៅស្រីវិបុលកេរ្តិ៍ ។

ទាក់ទងទៅនឹងប្រាសាទចៅស្រីវិបុលកេរ្តិ៍នេះដែរ ក៏មានរឿងនិទានបុរាណ តំណាលថា ៖
កាលពីដើមឡើយមានព្រះមហាក្ស ​ត្រមួយព្រះអង្គព្រះនាម យសកេរ្តិ៍ គ្រង រាជ្យនៅដែនសិម្ពលី មានមហេសីព្រះនាម សុវណ្ណមាលា ។ ទ្រង់មានព្រះទ័យប្រកបដោយធម៌សប្បុរស ថ្ងៃមួយមានមហាក្សត្រនគរជិតខាងមានក្តីលោភលន់ចង់បានព្រះនគរក៏លើកពលរេហ៍មកច្បាំងដណ្តើមយកទឹកដី ។ ព្រះរាជាត្រាស់ហើយទ្រង់នឹកអាណិតដល់ប្រជានុរាស្ត្រ ក៏សម្រេចព្រះទ័យភៀសព្រះអង្គ និង មហេសី យាងទៅគង់ក្នុងព្រៃទុកនគរឱ្យរាជា អង្គនោះសោយរាជ្យតទៅ តែរាជាអង្គនោះនៅតែតាមចាប់ព្រះអង្គទាល់តែបាន មកធ្វើទុក្ខទោសយ៉ាងព្រៃផ្សៃ ។ ពេលនោះព្រះនាង សុវណ្ណមាលា គង់នៅតែ អង្គឯង ណាមួយផ្ទៃជិតគ្រប់ខែផង ។

ចំណេរក្រោយមកប្រមាណជាដប់ប្រាំដប់ប្រាំមួយឆ្នាំ រាជកុមារតែងតែសួរ រកបិតា លុះដឹងសព្វគ្រប់ហើយ​ ក៏សុំមាតាទៅរំដោះបិតាតែមាតាផ្តាំថា “បើកូនទៅ កុំឱ្យហួសប្រាំពីរឆ្នាំ បើហួសម្តាយនឹងបែកទ្រូងស្លាប់មិនខាន” ។ លុះបានជួបបិតាហើយត្រូវជាវេលាដែលត្រូវប្រហារជីវិតព្រះបាទ យសកេរ្តិ៍ ព្រះបាទ វិបុលកេរ្តិ៍ ក៏សុំស្លាប់ជំនួសព្រះបិតា រាជាអង្គនោះក៏យល់ព្រម តែជាការអស្ចារ្យណាស់ ដាវ ពេជ្ឈឃាតក៏ប្រែទន់ដូចសំឡី ពុំអាចសម្លាប់ព្រះអង្គបានឡើយ ។ ដោយហេតុចម្លែក ដូចនេះរាជាអង្គនោះក៏ភ្ញាក់ព្រះអង្គ ហើយប្រគល់នគរឱ្យព្រះបាទយសកេរ្តិ៍វិញ ប្រជានុរាស្ត្រនឹកស្ងើចអំណាចព្រះរាជកុមារគ្រប់ៗគ្នាក៏រៀបចំអភិសេកព្រះស្រីវិបុលកេរ្តិ៍ពេលនោះទៅ ។​ព្រះរាជកុមារក៏ប្រាប់ពីបណ្តាំមាតាឱ្យបិតាដឹងថា ជា យប់គម្រប់ទីប្រាំពីរហើយក៏រូតរះទៅជួបមាតា តែតាមផ្លូវជួបឧបសគ្គទម្រាំទៅដល់ព្រះមាតាស្លាប់ទៅហើយ ។ ព្រះអង្គវិតក្កជាខ្លាំងក៏សម្រេចចិត្តផ្ទំទ្រម​ ឈូសមាតា រហូតសុគត ។ ហេតុដូចនេះហើយទើបនៅផ្តែរខ្លោងទ្វារខាងលិចមានរូបចម្លាក់ មនុស្សប្រុសទ្រមឈូសរាងផ្កាឈូក ដែលតំណាងឱ្យព្រះបាទ ស្រីវិបុលកេរ្តិ៍ ផ្ទំទ្រ មឈូសព្រះមាតា ប៉ុន្តែសព្វថ្ងៃចម្លាក់នេះបាត់បង់សោភណភាពដើមអស់ទៅ ហើយ ។ កន្លែងដែលទ្រង់ផ្ទំទ្រមឈូសនោះក៏ត្រូវព្រះបិតាសាងជាប្រាសាទឡើង ហើយប្រសិទ្ធនាមថា “ប្រាសាទចៅស្រីវិបុលកេរ្តិ៍” ។

រហូតមកទល់សព្វថ្ងៃនេះ រមណីយដ្ឋានប្រាសាទនេះមានសភាពស្ងាត់ជ្រងំ ដោយជាទូទៅក្នុងមួយថ្ងៃមានភ្ញៀវ​តែបួនទៅប្រាំនាក់ប៉ុណ្ណោះដែលទៅទស្សនា ឬ ស្ទើរតែគ្មាន ហើយសុទ្ធសឹងជាភ្ញៀវបរទេសប៉ុណ្ណោះ ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP