សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

អ្នកទោសតណ្ហារំលោភមិនបានសំរេច


មនុស្សស្ទើរតែគ្រប់រូប កាលណា បើឃើញ ជនពិការជរាគ្មានទីពឹង តែង តែមានក្តីអាណិត អាសូរដល់រូបគេជានិច្ច ធ្វើម្តេចធម្មជាតិបានកំណត់ឱ្យ រូបពួកគាត់ទៅជាយ៉ាងនេះ ប៉ុន្តែ ចំពោះប្រុសព្រាន ដែលជាជនអគតិម្នាក់នេះវិញ បែរជាមានគំនិតអគតិដោយសារតែតណ្ហាគ្របមុខ បាន ប្រព្រឹត្តអំពើមិនគួរគប្បីមួយដោយ ខ្វះការពិចារណាបាន ទៅចាប់នារីម្នាក់ដែលគហើយថ្លង់ទៀត ដើម្បីរំលោភ បំពេញនូវសេចក្តីតណ្ហារបស់ខ្លួន ។

នារីដែលគួរឱ្យអាណិត គហើយថ្លង់ទៀតត្រូវជនអប្រិយចាប់រំលោភ មិនបានសម្រេចនោះមានឈ្មោះ រ.យ.រ. អាយុ ២៣ ឆ្នាំ រស់ភូមិព្រៃ ឃុំគប់ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានបងប្អូនចំនួន ប្រាំនាក់ នាងជាកូនទីបីក្នុងគ្រួសារ ។ ដោយឪពុកម្តាយបានលាចាកលោកចោល នាង និង បងប្អូនតាំងពី ១០ ឆ្នាំមុនមកម៉្លេះ ទុកឱ្យនាង និង បងប្អូនរស់នៅ កំព្រាយ៉ាងកណ្តោចកណ្តែងគួរឱ្យសង្វេគ ។ អ្វីដែលយើងមិននឹកស្មានដល់នោះ នាងពិការគថ្លង់ទៅហើយ បែរជាជនអគតិម្នាក់មានគំនិតរំលោភលើរូបរាង កាយរបស់នាងទៀត ដែលទង្វើនេះបានធ្វើឱ្យសង្គមស្អប់ខ្ពើមយ៉ាងខ្លាំង ។

បើតាមការឱ្យដឹងរបស់បងប្រុសនាងឈ្មោះ រ៉ាន់ ចាន់ អាយុ ២៦ ឆ្នាំថា ដោយខ្លួន និង ប្អូនម្នាក់ទៀតមានគ្រួសារទៅហើយនោះ បន្ទុកគ្រួសារបាន ធ្លាក់មកលើប្អូនស្រីដែលជានាងគហើយថ្លង់ទៀតជាអ្នកចេញទៅស៊ីឈ្នួល ធ្វើចម្ការនៅប្រទេស សៀមជាមួយរូបគេដែរ ដើម្បីយកប្រាក់មកចិញ្ចឹមប្អូនៗ ដែលនៅតូចៗទៀត ប៉ុន្តែជាអកុសល ដោយជនអគតិ មានបំណងគិតទុកជាមុននោះ ប្រុសព្រានម្នាក់ដែលមានឈ្មោះ ថែន ពេជ្រ អាយុ ២៥ ឆ្នាំមានស្រុកកំណើតនៅភូមិអន្លង់ ឃុំតាអាន់ ស្រុកក្រឡាញ់ ខេត្ត សៀមរាប ដែលមកធ្វើជាកម្មករសំណង់នៅក្រុងប៉ោយប៉ែតនេះ ដែរ បានមកលួចចាប់រំលោភប្អូនស្រីរបស់គាត់ ។ នៅយប់ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១០ កន្លងទៅនេះ ប្អូនស្រីរបស់គាត់បាន ត្រឡប់មកពីធ្វើការនៅស្រុកសៀមវិញដូចសព្វមួយដង និង ក្រោយពីនាងបានទទួលទានបាយល្ងាចរួចហើយក៏ចេញទៅរក ទទួលទានបង្អែមនៅផ្សារដែលមានចម្ងាយប្រមាណពីរគីឡូម៉ែត្រ ពីផ្ទះ លុះត្រឡប់មកវិញក្នុងម៉ោងជាង ៥ ល្ងាច ។ ដោយ ព្រលប់ៗចូលមកដល់ផងនោះ វាជាឱកាសរបស់ប្រុសព្រាន ដែលជាជនកំហូចដែលគិតទុកជាយូរមកហើយនោះ ព្រោះ អីនាងគថ្មើរនេះតែងតែដើរកាត់តាមនេះទៅទទួលទានបង្អែម រាល់ថ្ងៃ ។ ពេលនោះឱកាសបានហុចឱ្យ ជនកំហូចក៏បានអូស ដៃនាង ចាប់ឱបរូបនាងដោយនឹកស្មានថានាងមិនតដៃ ដឹង អីរូបគេបានត្រូវវាយតប់តគ្នាជាមួយនឹងនាងគជាប្អូនគាត់ មួយសន្ទុះធំ ដោយគេបានវាយនាងគត្រូវច្រើនកន្លែងហើយ ព្រមទាំងច្របាច់កនាងគយ៉ាងខ្លាំង ព្រោះតែគេខ្លាចប្អូនគាត់ ស្រែកឮដល់គេឯងដែលមានផ្ទះនៅក្បែរៗនោះ ។ ការវាយ តប់គ្នាមួយសន្ទុះធំរវាងនាងគ និង ប្រុសព្រាន ថែន ពេជ្រ ដោយបង្ក្រាបនាងគមិនបាន ជនអគតិរូបនេះក៏ដកឃ្លារត់ ទាំងភិតភ័យដោយមិនបានសម្រេចបំណងរបស់ខ្លួនឡើយ ។ ឯនាងគវិញ ក្រោយពីខិតខំវាយតប់រើបង្រះរួចពីក្រញ្ញាំដៃជន កំហូចរួចហើយ នាងក៏រត់ទៅគោះទ្វារផ្ទះអ្នកនៅក្បែរនោះ ឱ្យជួយ និង ធ្វើកាយវិការប្រាប់អំពីការចាប់រំលោភរបស់ជន កំហូច ឈ្មោះ ថែន ពេជ្រ ព្រមទាំងបង្ហាញស្នាមរបួសក និង មានខោអាវរហែករយ៉ៃ និង ប្រឡាក់សុទ្ធតែដីទៀតផង ។

ដោយអ្នកភូមិនៅទីនោះធ្លាប់ស្គាល់នាងគ និង បានដឹង ពីកាយវិការរបស់នាងគប្រាប់ពីការចាប់រំលោភរបស់ ប្រុសព្រានកំហូចនោះស្ត្រីដែលជាម្ចាស់ផ្ទះនៅក្បែរនោះក៏បាននាំនាងគទៅប្តឹងប៉ូលិសប៉ុស្តិ៍ ព្រំដែន ៩១១ ទាំងយប់ ។ ដោយទទួលពាក្យបណ្តឹងពីនារីពិការរងគ្រោះនោះប៉ូលិស ប៉ុស្តិ៍ ៩១១ ក៏មិនបង្អែបង្អង់ឡើយ គឺគេនាំគ្នាចាត់ការទាំងយប់ ដើម្បីស្វែងរកមុខសញ្ញាចាប់ខ្លួនជាបន្ទាន់ដែរ ។

លោក កែវ បូរ៉ា នាយប៉ុស្តិ៍នគរបាលការពារព្រំដែន ៩១១ ក្រោយពីទទួលបាន ព័ត៌មានគ្រប់ជ្រុងជ្រោយ ហើយ ក៏នាំកម្លាំងរបស់លោកទៅចាប់ជនកំហូចឈ្មោះ ថែន ពេជ្រ ដែលជាជនជាប់ចោទមកធ្វើការសាកសួរតាមបណ្តឹង របស់នារីរងគ្រោះនោះ តែម្តង ។ ក្រោយពីធ្វើការសាកសួរចម្លើយរួចមក ជនល្មើសឈ្មោះ ថែន ពេជ្រ ក៏បាន សារភាពចំពោះមុខមន្ត្រីប៉ូលិសប៉ុស្តិ៍រដ្ឋបាល ៩១១ ថា ខ្លួនពិតជាបានចាប់រំលោភនាងគ ពេលព្រលប់មែន ។ ការចាប់រំលោភលើរូបនាងគនេះក៏ព្រោះតែគេលួចស្រឡាញ់ នាងគតាំងពីយូរណាស់មកហើយ ហើយគេ ក៏ធ្លាប់ធ្វើកាយវិការសារភាពសុំស្នេហ៍ពីរូប នាងគជាច្រើនដងដែរ ប៉ុន្តែនាងមិនធ្វើសញ្ញាអ្វីជាការឆ្លើយតបមកវិញ លើរូបគេឡើយ ។ ដោយឃើញនាងមិនមានប្រតិកម្មខឹងនឹងសញ្ញាសុំស្នេហ៍ពីរូបគេនោះ គេស្មានតែនាងគយល់ព្រម ហើយនាងអៀនមិនឆ្លើយទើបគេបានស្កាត់លួចសុំស្នេហ៍រូបនាងម្តងទៀត នៅព្រលប់ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១០ នេះតែម្តង ។ ដោយកំដៅតណ្ហារបស់គេពុះកញ្ជ្រោលទ្រាំលែងបាន គេក៏សម្រេចចិត្តចាប់នាងគឱប និង ចាប់រំលោភតែម្តង ប៉ុន្តែ ដឹងអីនាងគមិនព្រមប្រគល់ខ្លួនប្រាណងាយៗឱ្យគេដូចការគិតរបស់គេឡើយ ។ មិនតែ ប៉ុណ្ណោះនាងគក៏បានវាយតប់តមកវិញជាមួយគេយ៉ាងខ្លាំងទៀតផង ។ ដោយទ្រាំទ្រ នឹងការតដៃពីនាងគលែងបាន គេក៏បានរត់គេចយករួចខ្លួន ដោយមិននឹកស្មានថានាង គ មានគំនិតប្តឹងគេបានឡើយ ព្រោះនាងគហើយថ្លង់ទៀត ។ ចុងបញ្ចប់រូបគេក៏ត្រូវ ចូលទ្រុងដែករបស់ប៉ុស្តិ៍ប៉ូលិស ៩១១ ទាំងយប់ ហើយជនកំហូច ថែន ពេជ្រ នេះក៏ ត្រូវប៉ូលិសប៉ុស្តិ៍ ៩១១ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីកាត់ទោសតាមផ្លូវច្បាប់ផងដែរ ។

និយាយពីនាងគវិញក្រោយពីកើតរឿងគួរឱ្យសោកសង្វេគនោះមក ទោះបីនាង ជាមនុស្សពិការគហើយថ្លង់ ទៀតក៏ដោយក៏រូបនាងមានការខ្មាសគេឯងក្នុងភូមិយ៉ាង ខ្លាំង រហូតនាងលែងចង់ហ៊ានឆ្លងដែនចូលដីថៃ ដើម្បី ស៊ីឈ្នួលធ្វើចម្ការឱ្យថៃទៀត ផង ។ សព្វថ្ងៃនេះជីវភាពគ្រួសារកំពុងតែស្ថិតនៅក្នុងភាពលំបាកខ្លាំងណាស់ ព្រោះរូប នាងមានមុខងាររកស៊ីចិញ្ចឹមប្អូនៗពីរនាក់ទៀត ព្រោះបងៗពីរនាក់គេមានប្តីប្រពន្ធអស់ ហើយ គេរកស៊ីចិញ្ចឹម ប្រពន្ធកូនរបស់គេដែរ ។ នាងគបានធ្វើទឹកមុខសម្តែងចេញជាកាយវិការថា សូមឱ្យសប្បុរសជនជួយដល់រូបនាងផង ព្រោះពេលនេះនាងបាក់ស្បាតលែងហ៊ានចេញទៅរកស៊ីទៀតហើយ ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP