២០១២ WB ថាសេដ្ឋកិច្ចកម្ពុជាកើន៦,៦% អ្នកវិភាគថាខ្ពស់ជាងនេះ
ក្នុងការរបាយការណ៍មួយ របស់ធនាគារពិភពលោក ដែលចេញផ្សាយកាលពីម្សិលមិញ បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១២នេះ ត្រូវបានរំពឹងទុកថា នឹងកើនឡើងប្រមាណ ៦,៦% ខណៈដែលអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យរំពឹងទុកថា នឹងមានកំណើនខ្ពស់ជាងនេះ។
នៅក្នុងរបាយការណ៍មួយដែល មានឈ្មោះថា បច្ចុប្បន្នភាពនៃប្រតិបត្តិការ និងកំណែទម្រង់សេដ្ឋកិច្ច ប្រចាំខែឧសភា បានបង្ហាញថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ដែលកំពុងមានសន្ទុះកំណើនសេដ្ឋកិច្ចខ្ពស់។
របាយការណ៍នោះ ក៏បានបង្ហាញដែរថា ប្រភពដែលជំរុញកំណើនសេដ្ឋកិច្ចខ្លាំងនៅឆ្នាំ ២០១២នេះ គឺដោយសារតែកើនឡើងនៃវិស័យឯកជន ក្នុងនោះ វិស័យកាត់ដេរ និងវិស័យកសិកម្ម ត្រូវបានគេសម្លឹងឃើញថា នឹងមានកំណើនខ្ពស់។
ប្រជាកសិករនៅ ភូមិផ្លាង សង្កាត់ស្នោរ ខណ្ឌពោធិសែនជ័យ កំពុងស្ទួងស្រូវ
នៅឆ្នាំ២០១១កន្លងទៅនេះ ឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌកម្ពុជា នាំ ចេញមានទឹកប្រាក់សរុបប្រមាណ ៤០០០លានដុល្លារ គឺកើនឡើងបានប្រមាណជាង ៣០% បើធៀបនឹងឆ្នាំ២០១០។ ចំណែកវិស័យកសិកម្ម កាលពីឆ្នាំទៅមិញកើនប្រមាណ ៣,៣%។
ដោយឡែក លោក បណ្ឌិត កង ច័ន្ទដារារ័ត្ន អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យកម្ពុជា បានអះអាងថា លោកទទួលស្គាល់ថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចខ្ពស់ តែមិនអាចទាបជាងឆ្នាំទៅមិញបាននោះទេ។ លោកលើកឡើងបែបនេះ ដោយសម្អាងថា ស្ថានភាពក្នុងវិស័យមួយចំនួនរបស់ប្រទេសកម្ពុជា បានងើបឡើងវិញ និងមានលក្ខណៈប្រសើរជាងឆ្នាំមុនច្រើនណាស់ ក្នុងនោះគឺ វិស័យកសិកម្ម និងទេសចរណ៍ នឹងកើនខ្ពស់។
លោកបញ្ជាក់ “ទេសចរណ៍ឆ្នាំនេះ មិនទទួលរងឥទ្ធិពលពីប្រទេសជិតខាង (ទឹកជំនន់នៅថៃ) ទៀតទេ ហើយកសិកម្មវិញ រដ្ឋបានធ្វើអន្តរគមន៍ស្វែងរកទីផ្សារបានច្រើន និងមានឧបត្ថម្ភធនខ្លះផង អីចឹងវិស័យទាំងពីរនឹងមានកំណើនខ្ពស់ ខណៈដែលវិស័យវាយនភណ្ឌ និងកាត់ដេរ យ៉ាងហោចណាស់ នឹងអាចរក្សាបានកំណើនដដែល”។
នៅឆ្នាំ២០១២នេះ តម្លៃប្រេងបានកើនឡើងខ្ពស់ ហើយសហគមន៍អឺរ៉ុបកំពុងជួបបញ្ហាលើវិបត្តិបំណុលដែរ។ ចំពោះបញ្ហាពីរនេះ លោកបណ្ឌិត អះអាងថា នឹងមិនអាចបង្កបញ្ហា អាចបន្ទាបកំណើនសេដ្ឋកិច្ចកម្ពុជាបាននោះទេ ព្រោះឆ្នាំទៅមិញ តំបន់អឺរ៉ុបក៏ជួបបញ្ហាធ្ងន់ធ្ងរ ហើយអាមេរិកក៏ជួបបញ្ហាដែរ តែកម្ពុជានៅតែអាចរក្សាកំណើនបានខ្ពស់ មានន័យថា បញ្ហានេះ មិនមានឥទ្ធិពលធំដុំមកលើសេដ្ឋកិច្ចកម្ពុជានោះទេ។
របាយការណ៍របស់ធនាគារពិភពលោក ក៏បានបង្ហាញផងដែរថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចគិតជាមធ្យមប្រមាណ ៨%ក្នុងមួយឆ្នាំ។ សម្រាប់ឆ្នាំ២០១១កន្លងទៅនេះ កំណើនសេដ្ឋកិច្ចពិតប្រាកដរបស់ប្រទេសកម្ពុជា គឺកើនឡើងបានប្រមាណ ៦,៩%៕
អត្ថបទ៖ សេង ណារិទ្ធិ
Coca-Cola នឹងវិនិយោគនៅភូមាសាជាថ្មី!
ក្រុមហ៊ុនភេសជ្ជៈយក្ស Coca-Cola នឹងចាប់ផ្ដើមដំណើរការក្នុងប្រទេសភូមាសាជាថ្មី បន្ទាប់ពីអវត្តមានអស់រយៈពេល ៦០ ឆ្នាំ។ ការសម្រេចត្រឡប់ជាថ្មីក្នុងប្រទេសមួយនេះ គឺដោយសារសហរដ្ឋអាមេរិកបានសម្រេចពន្យារទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសនេះ ដោយមើលឃើញពីកំណែទម្រង់ជាវិជ្ជមានឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។
ក្រុមហ៊ុនភេសជ្ជៈដ៏ល្បីល្បាញមួយនេះ បានឲ្យដឹងថា ខ្លួននឹងចាប់ផ្ដើមជំនួញភ្លាមៗបន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណ អនុញ្ញាតពីរដ្ឋាភិបាលអាមេរិក។
ភូមាជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនបីដែល Coca-Cola មិនធ្វើជំនួញជាមួយដោយក្នុងនោះមានកូរ៉េខាងជើង និងគុយបាផងដែរ។
ក្នុងរបាយការណ៍របស់ខ្លួន ក្រុមហ៊ុន Coca-Cola បានបញ្ជាក់ថា ខ្លួននឹងចាប់ផ្ដើមជំនួញដោយការនាំចូលផលិតផលនេះ ពីប្រទេសជិតខាងដែលខ្លួនមានរោងចក្រស្រាប់នៅទីនោះ ខណៈពេលការសាងសង់រោងចក្រនៅភូមាកំពុងចាប់ផ្ដើម។ ការប្រកាសរបស់ក្រុមហ៊ុននេះធ្វើឡើង ស្របពេលដែលជម្លោះរវាងអ្នកកាន់សាសនាព្រះពុទ្ធ និងសាសនាឥស្លាម កំពុងបន្ដដែលបណ្ដាលឲ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនពីផ្ទះសម្បែង ដើម្បីសន្តិសុខ សុវត្ថិភាព។
របបយោធាផ្ដាច់ការបានគ្រប់គ្រង ប្រទេសភូមាដោយអស់រយៈពេល ៤៩ ឆ្នាំ បានធ្វើឲ្យប្រទេសមួយនេះក្លាយជាប្រទេសឯកា និងហ៊ុមព័ទ្ធដោយទណ្ឌកម្មសេដ្ឋកិច្ច។ ប៉ុន្តែដោយមើលឃើញពីកំណែទម្រង់ក្នុងរយៈពេលចុងក្រោយនេះ ពោលគឺការបើកឲ្យមានការបោះឆ្នោតដោយសេរីនៅឆ្នាំ ២០១១ និងដោះលែងអ្នកទោសនយោបាយ ប្រទេសលោកខាងលិចបានបន្ទន់ឥរិយាបថ និងបន្ធូរបន្ថយទណ្ឌកម្មជាច្រើនមកលើប្រទេសនេះវិញ៕
ប្រែសម្រួល៖ សីហា Read more...តូក្យូ ជាទីក្រុងថ្លៃជាងគេបំផុតសម្រាប់ការរស់នៅ
តូក្យូ បានក្លាយជាទីក្រុង ដែលមានការចំណាយថ្លៃជាងគេបំផុតក្នុងលោក សម្រាប់បុគ្គលិកបរទេសក្នុងការរស់នៅ។ នេះបើយោងតាមការស្រាវជ្រាវមួយរបស់ក្រុមហ៊ុនប្រឹក្សា Mercer។
ការកើនឡើងនៃតម្លៃប្រាក់យ៉េន ធ្វើឲ្យតម្លៃរស់នៅក្នុងប្រទេសនេះកើនឡើងខ្ពស់។ ទន្ទឹមនឹងនេះ វិបត្តិក្នុងតំបន់អឺរ៉ូ ដែល ធ្វើឲ្យរូបិយប័ណ្ណអឺរ៉ូរង្គោះរង្គើបានធ្វើឲ្យទីក្រុងជាច្រើន ដូចជា ប៉ារីស រ៉ូម អាស្ត៊ែរដាំ ធ្លាក់ចំណាត់ថ្នាក់ទាបជាងមុន។ ការធ្លាក់ចុះនៃប្រាក់ខែ និងកំណើនភាពអត់ការងារធ្វើក្នុងប្លុកប្រទេសអឺរ៉ូបានធ្វើឲ្យ តម្លៃរស់នៅក្នុងប្រទេសនេះធ្លាក់ចុះផងដែរ។ ចំណែកក្រុងឡុងដ៍ របស់ប្រទេសអង់គ្លេសវិញ ក៏បានធ្លាក់ចំណាត់ថ្នាក់មកនៅត្រឹមលេខ ២៥ ដោយថយចុះ ៧ ចំណាត់ថ្នាក់។ ការសិក្សាស្រាវជ្រាវនេះ ធ្វើឡើងក្នុងទីក្រុងធំៗ ចំនួន ២១៤ ជុំវិញ ពិភពលោក។
តាមក្រុមហ៊ុនស្រាវជ្រាវដដែលឲ្យដឹងថា តម្លៃការស្នាក់នៅជាតម្លៃដែលធំជាងគេក្នុងការរស់នៅគឺស្មើនឹង ២៥% នៃការចំណាយសរុប បន្ទាប់មកគឺតម្លៃការធ្វើដំណើរ និងទំនិញ។
បន្ថែមពីនេះ ការកើនឡើងយ៉ាងរហ័សនៃសេដ្ឋកិច្ចអាស៊ី ធ្វើឲ្យតម្លៃរស់នៅនៃប្រទេសដែលមានសេដ្ឋកិច្ចធំៗក្នុងទ្វីបនេះ ហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ធ្វើឲ្យការចំណាយរបស់បុគ្គលិកបរទេសជួបនឹងការលំបាកច្រើនជាងមុន៕
ប្រែសម្រួល៖ សីហា Read more...