សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ហ៊ានក្បត់ចិត្តអូនផង




អគតិឆ្កួតជឿលើទំនាយ ហោរគ្មានការត្រិះរិះពិចារណា រកហេតុផល ដែលកាប់ សម្លាប់ប្តីឯង រួចប្រមូលទ្រព្យសម្បត្តិ មានតម្លៃរត់គេចខ្លួនបាត់នោះឈ្មោះ ងួន វន អាយុ ៤៩ ឆ្នាំ ឯស្វាមីឈ្មោះ ចិន ជីម អាយុ ៤២ ឆ្នាំ មានទីលំនៅភូមិត្រពាំងស្នោ ឃុំពញ្ញាពន់ ស្រុកពញ្ញាឮ ខេត្ត កណ្តាល ។
លោក យាយ ព្រឿង មុត វ័យ ៧០ ឆ្នាំ ជាម្តាយបង្កើតរបស់ជនរងគ្រោះ ចិន ជីម ជាប្តីបានឱ្យដឹងថា ស្ត្រីជាប់ ចោទឈ្មោះ ងួន វន នេះជាកូនប្រសាក្រោយទេ បន្ទាប់ពីប្រពន្ធដើមកូនគាត់ស្លាប់ គាត់ក៏ដណ្តឹងនាងរៀបការជាមួយកូនប្រុសរបស់គាត់តែម្តង ។
កូនប្រុសរបស់គាត់ដែលស្លាប់នេះមានភរិយាពីរនាក់ប្រពន្ធដើមឈ្មោះ ភន រឿង (ស្លាប់កាលពីឆ្នាំ ១៩៨៩) បានកូនប្រុសម្នាក់ឈ្មោះ ចិន គង់ ។ ក្រោយពីកូនប្រសាស្លាប់ រូបគាត់ក៏រៀបការប្រពន្ធឱ្យមួយទៀតគឺនាង ងួន វន នេះ ដែលនាងមានស្រុកកំណើតនៅឯសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ឯណោះ និង បានកូនពីរនាក់បន្ថែមទៀត គឺកូនប្រុស ឈ្មោះ ចិន ថូ អាយុ ១៨ ឆ្នាំ និង កូនស្រីពៅ ឈ្មោះ ចិន វិន វ័យ ១៥ ឆ្នាំ ។
កូនប្រុសរបស់គាត់ម្នាក់នេះប្រសប់រកស៊ី និង ស្រឡាញ់ប្រពន្ធណាស់ មិនដែលឱ្យប្រពន្ធធ្វើអ្វីធ្ងន់ក្រៅពីមើលរៀបចំផ្ទះសម្បែង ថែកូនៗនោះទេ សូម្បីតែស្រូវស្រែក៏ពុំដែលឱ្យចុះ ជួយដកស្ទូង ច្រូតកាត់ដែរ គឺសុខចិត្តរ៉ាប់រ៉ងម្នាក់ឯងទាំងអស់ គ្រាន់តែចូលចិត្តផឹកស្រាបន្តិចប៉ុណ្ណោះ ជាមួយគ្នានោះក៏ចូលចិត្តលេងសើចច្រើនផងដែរ ។ កូនប្រសាស្រីរបស់គាត់មួយនេះមួយថ្ងៃៗគ្មានរវល់អ្វីក្រៅអំពីប្រចណ្ឌប្តី និង ស្វែងរកគ្រូទាយនោះទេ ហើយឱ្យតែត្រឡប់ពីរកហោរគន់គូរមើលវិញនោះ តែងមកនិយាយប្រាប់គាត់ថា “កូនម៉ែឯងមានស្រីក្មេង លួចលាក់នៅទីនេះកន្លែងនោះរាល់លើក លុះគាត់សួរបញ្ជាក់ថា ដឹងមកពីណា ? នាងបានឆ្លើយថា គ្រូទាយថាអ៊ីចឹង” ។ រយៈពេលប៉ុន្មានខែនេះកូនប្រសាតែងឱ្យកូន និង ឧស្សាហ៍ពឹងបងប្អូនក្មួយឌុបជូនទៅរកគ្រូណាស់ស្ទើររាល់ថ្ងៃ និង តែងនិយាយប្រាប់ថា “កូនម៉ែងឯងមានស្រីក្មេងហើយ ស្រីនោះសក់ក្រហមទៀតផង” ។ គាត់ក៏មិនដេញដោលដែរ លុះរំលងអធ្រាត្រថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១០ ស្រាប់តែចៅស្រីរត់ទៅប្រាប់យ៉ាងត្រហេបត្រហបថា ម៉ែកាប់ពុកស្លាប់បាត់ហើយ គាត់រត់ទៅមើល ឃើញកូនប្រសាស្រីកំពុងប្រមូលប្រាក់កាស មាសប្រាក់ បម្រុងគេចខ្លួន គាត់ឃាត់រួចនិយាយថា បើឯងកាប់វាស្លាប់ហើយ នៅធ្វើបុណ្យឱ្យវាសិនទៅ ប៉ុន្តែនាងមិនស្តាប់ឡើយ ហើយថែមទាំងទាញរនាស់រកវាយគាត់ទៀត រួចក៏គេចខ្លួនបាត់ទៅ ។
នាង ចិន វិន អាយុ ១៥ ឆ្នាំ កូនស្រីពៅ ដែលស្ថិតនៅក្នុងហេតុការណ៍នោះ ហើយរងរបួសត្រូវម្តាយកាប់មួយ កាំបិត ខណៈដែលចូលទៅជួយឪពុកបាននិយាយថា ម៉ែជាមនុស្សងប់ងុលជឿគ្រូទាយណាស់ ឱ្យតែមករកគ្រូម្តងៗ ពេលត្រឡប់មកវិញតែងចោទថា ពុកមានស្រីក្មេងរហូត ។ កាលពីថ្ងៃទី ១៩ ខែធ្នូកន្លងទៅនេះ បន្ទាប់ពីមកពីរកគ្រូវិញ ម៉ែក៏អង្គុយសំលៀងកាំបិងប៉័ងតោ រួចរអ៊ូថា ហ៊ានក្បត់លួចមានស្រីក្មេងអញនឹងកាប់ឯងចោល ។ ភ្លាមនោះនាងក៏សួរថា ម៉ែសំលៀងកាំបិតធ្វើអី ស្រាប់តែពុកចូលមកដល់ ម្តាយក៏ឆ្លើយថា ទុកកាប់ឪឯងចោល កុំឱ្យពូកែលួចមានស្រីក្មេងសក់ក្រហមទៀត ហើយពុកក៏សើចរួចសម្រាកក្នុងអង្រឹងទៅ ។


លុះយប់កើតហេតុ ម៉ោងប្រហែលជា ១១ ទៅហើយ ពុកត្រឡប់មកដល់ផ្ទះស្រវឹងដាប ហើយក៏សម្រាកក្នុងអង្រឹង និង ប្រាប់ម៉ែឱ្យបិទទូរទស្សន៍ ។ លុះកន្លះម៉ោងក្រោយមកទើបងើបចូលបន្ទប់ក៏ឮពុកនិយាយថា ចង់ក្អួត ម៉ែប្រាប់ ឱ្យទៅខាងក្រៅទៅកុំក្អួតដាក់ពូក ។ បន្តិចក្រោយមកឮផាំងៗ ពុកស្រែកអូយៗថា ម៉េចម៉ែវាឯងកាប់ខ្ញុំ ម៉ែក៏និយាយថា អញកាប់ឱ្យងាប់កុំឱ្យប៉ិនដើររកស្រីទៀត ។ គ្រានោះនាងក៏ចុះមកឃើញឪពុករត់ជុំវិញផ្ទះ ត្រូវម្តាយតាមចាប់អូសមកកាប់ចិញ្ច្រាំនៅមាត់ទ្វារស្លាប់ទៅ នាងបានចូលទៅជួយដែរ តែត្រូវម៉ែកាប់ចំដៃស្តាំមួយកាំបិតក៏រត់ទៅប្រាប់យាយ ។
ចំណែកលោក ចិន ខែម ប្អូនបង្កើតជនរងគ្រោះបាននិយាយថា មូលហេតុដែលបងថ្លៃកាប់សម្លាប់បងរបស់ លោក គឺបណ្តាលមកពីជឿគ្រូទាយប្រាប់ថា ប្តីលួចមានស្រីក្មេងសក់ក្រហមហ្នឹងឯង ។

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP