សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

កំពង់​ហ្លួង គឺ​ជា​រមណីយ​ដ្ឋាន​ធម្ម​ជាតិ


ខេត្ត​ពោធិ៍​សាត់ ៖ កំពង់​ហ្លួង គឺ​ជា​រមណីយ​ដ្ឋាន​ធម្ម​ជាតិ​មួយ​ក្នុង​ចំណោម​រមណីយ​ដ្ឋាន​ធម្ម​ជាតិ​នានា​ ក្នុង​ខេត្ត​ពោធិ៍​សាត់​ ដែល​មាន​ចំងាយ​ប្រមាណ​៣៧​គីឡូ​ម៉ែត្រ​​ពី​ទីរួម​ខេត្ត​ និង​៥​គីឡូ​ម៉ែត្រ​​ពី​ទី​រួម​ស្រុក​ក្រគរ ។ កំពង់​ហ្លួង​ពុំ​​មាន​ទឹក​ធ្លាក់​ ព្រៃ​ភ្នំ​ និង​ព្រៃ​ឈើ​ទេ គឺ​ស្ថិត​នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេ​សាប ។ នៅ​រដូវ​ប្រាំង​​​ទឹក​ស្រក​រាក់... ហើយ​ល្អក់ ​​បរិ​ស្ថាន​មិន​សូវ​ល្អ ហើយ​ភ្ញៀវ​ទេស​ចរ​ក៏​មិន​សូវ​ទៅ​លេង​ដែរ លើក​លែង​តែ​ភ្ញៀវ​ទេស​ចរ​បរទេស​ ឬ​អ្នក​មក​ពី​ចំងាយ​គេ​ចុះ​ទៅ​សិក្សា​ស្វែង​​យល់​អំពី​ការ​រស់​នៅ​របស់​​​បង ​ប្អូន​ប្រជា​ពល​រដ្ឋ​​លើ​ផ្ទះ​​បណ្តែត​ទឹក ឬ​ការ​ងារ​នេសាទ​ប៉ុណ្ណោះ​ ។ នៅ​រដូវ​វស្សា ​ទឹក​ទន្លេ​ឡើង​មក​ដល់​តាម​ជើង​ភូមិ​ថ្លា​យង់ ពេល​នោះ​សំបូរ​​ភ្ញៀវ​ទេស​ចរ​ទៅ​លេង​ច្រើន​ណាស់ ពិសេស​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​តែ​ម្តង ។

ភ្ញៀវ​ទេស​ចរ​​អាច​​ជួល​ទូក កាណូត​ជិះ​ចេញ​ផុត​ពី​ទី​ប្រជុំ​ជន​ផ្ទះ​ប្រជា​ពល​រដ្ឋ​ ទៅ​លំហែ​កាយ​មើល​រលក​ផ្ទៃ​ទឹក​ដ៏​ធំ​ល្វឹង​​ល្វើយ​ដាច់​កន្ទុយ​ភ្នែក។ ជា​មួយ​គ្នា​នេះ​ភ្ញៀវ​ទេស​ចរ​​អាច​ចង​ទូក​កាណូត​ជាប់​នឹង​ចុង​ដើម​រាំង ដើម​ក្ទម្ព ងូត​ទឹក​លេង​ត្រជាក់​កាយ ឬ​ក៏​បាច​ទឹក​ដាក់​គ្នា​យ៉ាង​សប្បាយ​រីក​រាយ​បំផុត ប៉ុន្តែ​ហាម​លេង​គប់​ទឹក​​កខ្វក់​ ទឹក​ល័ក្ខ ទឹក​ប្រេង​​ម៉ាស៊ីន​បាត​កាណូត ឬ​គប់​វត្ថុ​រឹង​ដាក់​គ្នា ​ដែល​អាច​មាន​គ្រោះ​ថ្នាក់​ជាយ​ថាហេតុ​នាំ​ឱ្យ​មាន​ភាព​សៅ​​ហ្មង ។
តាម​ ប្រសាសន៍​លោក​តា​ប៉ាច ប៉ុន ជា​ចាស់​ព្រឹទ្ធា​ចារ្យ​អាយុ​៦៨​ឆ្នាំ នៅ​ភូមិ​បន្ទាយ​​ក្រង ស្រុក​ក្រគរ ឱ្យ​ដឹង​ថា កាល​ដើម​ឡើយ​កំពង់​ហ្លួង គឺ​ជា​កំពង់​សំរាប់​ស្តេច​សំចត​តាំង​ពី​មុន​រជ្ជ​កាល​ស្តេច​អង្គ​ច័ន្ទ​រាជា ​មក​ម៉្លេះ លុះ​មក​ដល់​រជ្ជ​កាល​ព្រះ​អង្គ​​កំពង់​នោះ​ក៏​នៅ​​តែ​ជា​កំពង់​សំចត​របស់​ ស្តេច​ដដែល ។ ក្នុង​រជ្ជ​កាល​ស្តេច​អង្គ​ច័ន្ទ​រាជា​ ស្រុក​យើង​បាន​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​សៀម ។ ពេល​នោះ​សៀម​បាន​លើក​ទ័ព​មក​វាយ​យក​បន្ទាយ​លង្វែក​ក្នុង​ឆ្នាំ​១៥៣០ តែ​ពុំ​បាន​សំរេច ។ ក្នុង​​ដំណាក់​កាល​កើត​សង្គ្រាម ​ព្រះ​អង្គ​ច័ន្ទ​រាជា​បាន​​ភៀស​​ព្រះ​កាយ​ជា​​ច្រើក​លើ​ក​ច្រើន​សា​មក​គង់​ ប្រថាប់​នៅ​ខេត្ត​ពោធិ៍​សាត់ ដោយ​យាង​តាម​ទូក​ក្តោង​តាម​បឹង​ទន្លេ​សាប ​មក​សំចត​ឡើង​តាម​កំពង់​ហ្លួង ក្នុង​ស្រុក​ក្រគរ ដែល​ជា​កំពង់​របស់​ស្តេច​យាង​ចុះ​​យាង​ឡើង​ស្ថិត​នៅ​ក្នុង​ឃុំ​កំពង់​ហ្លួង​ សព្វ​ថ្ងៃ​នេះ ។

លោក​តា​ឱ្យ​ដឹង​ទៀត​ថា ពី​ដើម​ជា​កំពង់​របស់​ស្តេច​មក​សំ​ចត​ចុះ​​​ឡើង ហើយ​យាង​បន្ត​ទៅ​មុខ​ទៀត​តាម​រទេះ​គោ រទេះ​សេះ ឬ​ក៏​ដោយ​សារ​ដំរី​។ ទ្រង់​យាង​ទៅ​តាម​ផ្លូវ​​ហ្លួង​ឆ្ពោះ​ទៅ​កាន់​កន្លែង​ដទៃ​ទៀត ដូច​ជា​ខេត្ត​ពោធិ៍​សាត់​យើង​នេះ ព្រះ​អង្គ​តែង​មក​​គង់​ប្រថាប់​​នៅ​ទី​នេះ ដើម្បី​លាក់​ខ្លួន​ ឬ​លំហែ​កាយ ។ កំពង់​ហ្លួង​បាន​ជា​គេ​​ហៅ​កំពង់​ហ្លួងៗ ព្រោះ​កន្លែង​នេះ​ជា​កន្លែង​កំពង់​ស្តេច​សំចត​យាង​ចុះ​​យាង​ឡើង​​កាល​ពី​ ជំនាន់​ដើម។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ កំពង់​នេះ​គេ​នៅ​តែ​ហៅ​កំពង់​ហ្លួងៗ​ដដែល ជា​ការ​ពិត​​ពី​ដើម​ គឺជា​កំពង់​សំចត​របស់​ស្តេច ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP