ជនជាតិបារាំងម្នាក់ធ្លាក់ខ្លួនដើរសុំទាន
ខេត្តព្រះសីហនុ ៖ ខណៈពេលដែលពុទ្ធបរិស័ទនាំគ្នាទៅធ្វើបុណ្យទាននៅវត្តឥន្ទ ញ្ញាណ ក្រុងព្រះសីហនុ ជាមួយនឹងការបូជាទេយ្យទាន ប្រគេនដល់ព្រះសង្ឃ នាឱកាសបុណ្យភ្ជុំបិណ្ឌកន្លងទៅ... ពុទ្ធបរិស័ទមកធ្វើបុណ្យបានដាក់ទានដល់ទុគ៌តជន ស្មូមទាំងឡាយ ដែលត្រាច់ចរ ដើម្បីអាហារតាមវត្តអារាមជាហូរហែរនោះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ ក្នុងចំណោមទុគ៌តជនអ្នកសុំទានជាច្រើន ក៏មានបុរសជាជនបរទេសម្នាក់ដែរ ដែលដៃម្ខាងដឹកដៃកូនស្រីច្បងអាយុប្រហែល៤ឆ្នាំ ឯដៃម្ខាងទៀតពរកូនស្រីប្អូនអាយុប្រមាណ២ឆ្នាំ ធ្វើកាយវិការគោរពសុំការដាក់ទានពីពុទ្ធបរិស័ទអ្នកមានសទ្ធា ជ្រះថ្លា ហើយក៏ទទួលត្រឡប់មកវិញ នូវម្ហូបអាហារ នំចំណី ព្រមទាំងថវិកាជាបន្តបន្ទាប់ផងដែរ។
បុរសជនបរទេសម្នាក់នេះ ត្រូវបានអ្នករស់នៅក្បែរស្ថានីយរថភ្លើងក្រុងព្រះសីហនុ ឱ្យដឹងថា គាត់មានឈ្មោះអាជែល អាយុប្រហែលជាង៥០ឆ្នាំ ជាជនជាតិបារាំង ដែលបានចូលមកប្រទេសកម្ពុជា កាលពី៥ឆ្នាំមុន។ បុរសជនជាតិបារាំងរូបនេះ នៅមានកាយសម្បទាល្អធម្មតា ប៉ុន្តែការធ្លាក់ខ្លួនជាទុគ៌តជនរហូតដើរសុំទានគេបែបនេះ ត្រូវបានប្រភពពីអ្នកជិតខាងឱ្យដឹងថា ដោយសារតែរូបគាត់មានភរិយាជាជនជាតិខ្មែរ ហើយនាំគ្នាស៊ីចាយសប្បាយភ្លេចខ្លួនធ្វើឱ្យអស់លុយប្រមាណជាង៨ ម៉ឺនដុល្លារអាមេរិកគ្មានសល់។ ទោះបីជាយ៉ាងណាគ្រួសារបុរសជនជាតិបារាំង ដែលមានភរិយាជាជនខ្មែរម្នាក់នេះ ទទួលបានចំណងដៃកូនស្រី២នាក់ ក្នុងនោះកូនស្រីច្បងឈ្មោះម៉ារី និងកូនស្រីប្អូនឈ្មោះសុហ្វ៊ី។