សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

កុដិបុរាណអាយុប្រហែល១០០ឆ្នាំ នៅក្នុងវត្តមួយចំណាស់ជាង១សតវត្សរ៍នៅស្រុកកោះសូទិន


កុដិបុរាណមួយសង់ពីឈើប្រក់ក្បឿង នៅក្នុងវត្ត«វិសុទ្ឋិវង្សាកណ្តាលកោះសូទិន» ដែលស្ថិតនៅភូមិទី១០ឃុំកោះសូទិន ស្រុកកោះសូទិនខេត្តកំពង់ចាម បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងស្រុកនិងក្រៅស្រុកដែលបាន មកធ្វើបុណ្យនៅទីនេះ ព្រោះកុដិនេះមានអាយុកាលយូរអង្វែងជិតមួយរយឆ្នាំ... ទោះជាឥឡូវនេះចាស់ទ្រុឌទ្រោមបាក់បែក ខ្លះក៏ដោយ។
លោកតា មិន យីន ដែលមានព្រះជន្ម៨០ឆ្នាំ ជាគណៈកម្មការវត្ត វិសុទ្ឋិវង្សាកណ្តាលកោះសូទិនបានបញ្ជាក់ឱ្យដឹងថាវត្តនេះបានត្រូវចុះក្នុងបញ្ជីធម្មការស្រុកកសាងនៅឆ្នាំ១៩១៨ ដែលរហូតមកដល់ពេលនេះ១០២ឆ្នាំហើយ។ទាក់ទងនឹងកុដិបុរាណនៅក្នុងវត្តនេះ លោកតាបានប៉ាន់ប្រមាណថាមានអាយុប្រហែល១០០ឆ្នាំព្រោះពេលគាត់ចូលមកនៅវត្តនាឆ្នាំ១៩៦៨ គាត់ឃើញកុដិនោះសង់រួចស្រាប់ទៅហើយ។

លោកតា ភិន សៀត អាយុ៥៩ឆ្នាំ ប្រជាជនចំណុះជើងវត្ត បានមានប្រសាសន៍ថាគាត់បានមកធ្វើជាសិស្សលោក នៅឆ្នាំ១៩៥៩។គាត់ធ្លាប់ជាសិស្សរបស់ចៅអធិការវត្តព្រះនាម វ៉ន តាមតែចាស់ៗតំណាលតគ្នាមកកុដិនេះគឹមាន អាយុប្រហែល១០០ឆ្នាំ។

លោកយាយ យុទ្ឋ រ៉េត អាយុ៦០ឆ្នាំ ប្រជាជននៅភូមិ៣កណ្តាលកោះ បានអះអាងថាកុដិបុរាណនេះមានអាយុ យ៉ាងតិចក៏ជិត១០០ឆ្នាំដែរព្រោះតាំងពីដឹងក្តីមកគាត់បានឃើញកុដិនេះស្រាប់ទៅហើយ។ម៉្យាងទៀតម្តាយរបស់ គាត់ដែលឥឡូវអាយុ៨៧ឆ្នាំបានប្រាប់គាត់ថាវត្តនិងកុដិមានអាយុយ៉ាងតិច១០០ឆ្នាំ។

លោក ខៀវ វុត្ថា មេឃុំកោះសូទិន បានបញ្ជាក់ឱ្យដឹងថា នៅឃុំនេះមានវត្តចំនួនប្រាំហើយវត្ត «វិសុទ្ឋិវង្សាកណ្តាល កោះសូទិន»នេះមានចំណាស់ជាងគេ។កាលសម័យសង្គ្រាមក្នុងទសវត្សរ៍ឆ្នាំ១៩៧០ទាំងវត្ត កុដិ និង ព្រះវិហារ បានទទួលរងការខូចឃាតយ៉ាងធ្ងន់ធ្ងរ។ក្នុងរបបខ្មែរក្រហមទីអារ៉ាមនេះបានត្រូវគេយកធ្វើជាកន្លែងចិញ្ចឹមជ្រូក។

តាមរយៈលោកតា មិនយីន គណៈកម្មការវត្ត វិសុទ្ឋវង្សាកណ្តាលកោះសូទិន បានឱ្យដឹងថាបច្ចុប្បន្នវត្តនេះមាន ព្រះសង្ឃគង់តែ៦អង្គប៉ុណ្ណោះហើយមានចៅអធិការវត្តព្រះនាម ប៊ុត គុត ព្រះជន្ម៨១ព្រះវស្សាដែលកំពុងមានអាពាធិ។ កាលពិសម័យសង្គមរាស្ត្រនិយម មានព្រហសង្ឃគង់ជាង៨០អង្គ។

ពាក់ព័ន្ឋនឹងការរស់នៅរបស់ប្រជាជននោះ លោក ខាត់ សាអែម មេភូមិទី១០ បាននិយាយថាប្រជាជនខ្លះលក់ដូរអិវ៉ាន់តាមកង់ ខ្លះដាំថ្នាំជក់ និងខ្លះទៀតធ្វើស្រែ។អ្នកស្រុកមិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយទេ គឺមានតែប្រើអាគុយ និងខ្លះប្រើចង្កៀងប្រេងកាត។

លោក ផេន សុផល អភិបាលរងស្រុក កោះសូទិន បានឱ្យដឹងថា នៅឃុំកោះសុទិន មានប្រជាជន៣០០៩គ្រួសារ ប្រជាពលរដ្ឋ១២៤៣០នាក់ ភុមិចំនួន១៤ វត្ត៥ និង ផ្ទៃដី២២២៣ហិកតា៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP