រមណីយដ្ឋានព្រែកត្នោត បង្អួតរាងឱ្យភ្ញៀវទេសចរ
ប្រទេសកម្ពុជា ក្រៅពីមានកន្លែង មើលផ្សោតទឹកសាប នៅខេត្តក្រចេះ និង ខេត្តស្ទឹងត្រែង ដែលពេញនិយមមានតែ នៅប្រទេសយើង និង ប្រទេសលាវនោះ មានកន្លែងមើល ហ្វូងផ្សោតសមុទ្រថ្មីមួយ ដែលភ្ញៀវទេសចរបរទេសនិយម ចូលចិត្តទស្សនានោះ គឺរមណីយដ្ឋានព្រែកត្នោត ខេត្តកំពត ។ ប្រសិនបើយើងបានទៅដល់ទីនោះ យើងពិតជាមិននឹកស្មាន ដល់ទាល់តែសោះថា ប្រទេសយើងនៅមានហ្វូងសត្វផ្សោត សមុទ្រយ៉ាងច្រើនដែលបានបណ្តែត ខ្លួនបង្អួតរាងឱ្យភ្ញៀវទេសចរ បានគយ គន់រូបរាងដ៏គួរជាទីទាក់ទាញរបស់វា ។
ដោយសារតែទីនោះទើបតែ បានរកឃើញថ្មីនេះហើយ ទើបឆ្នាំនេះភ្ញៀវ ទេសចរជាតិ និង អន្តរជាតិជាច្រើន បាននាំគ្នាទៅកម្សាន្តកាយនៅរមណីយដ្ឋាន ធម្មជាតិព្រែកត្នោតកាន់តែច្រើនឡើងៗជាលំដាប់ ។ ចំណុចសំខាន់ដែលនាំឱ្យ ភ្ញៀវទៅទស្សនាកាន់តែច្រើនឡើងៗ គឺការទស្សនាព្រៃព្រឹក្សា ការងូតទឹកលេង កម្សាន្តនៅតាមដងស្ទឹង ដែលរំលេចទៅដោយផ្ទាំងថ្មដែលផុសចេញពីទឹក និង ជាពិសេសនោះគឺការទស្សនាមាត់សមុទ្រ ។ រមណីយដ្ឋានព្រែកត្នោតស្ថិតក្នុង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដោយសារនៅតំបន់នោះមានទឹកជ្រោះ ជាច្រើនកន្លែងដែលហូរចុះពីភ្នំបូកគោទៅទម្លាក់ក្នុងផ្ទៃសមុទ្រ ទើបធ្វើឱ្យទីនេះ ក្លាយទៅជាកន្លែងពេញនិយមរបស់ មន្ត្រីនានានៅខេត្តកំពត និង អ្នកទេសចរនៅ ខេត្តកំពតក៏ដូចជាទេសចរបរទេស បានចាត់ទុកថារមណីយដ្ឋាន ព្រែកត្នោតប្រៀប ប្រដូចថាជាទឹកឈូថ្មី ។
លោកមេឃុំព្រែកត្នោតបានមានប្រសាសន៍ថា រមណីយដ្ឋានព្រែកត្នោតត្រូវ បានអង្គការសង្គ្រោះសត្វព្រៃ ( SCW ) នៅខេត្តកំពតជាអ្នកជួយបង្កើតឱ្យទៅជា អេកូទេសចរណ៍ដែលគ្រប់គ្រង ដោយសហគមន៍នៅ ក្នុងឃុំឱ្យចេះមើលថែ និង របៀបទាក់ទាញភ្ញៀវទេសចរ ជាតិ និង ទេសចរអន្តរជាតិដែលមកកម្សាន្តដោយពួក គាត់នៅទីនេះរកបានប្រាក់កម្រៃយ៉ាងងាយក្នុងការជូន ភ្ញៀវដើរកម្សាន្តនៅក្នុងព្រៃ ពិសេសការជូនភ្ញៀវជិះ ទូកទៅមើលហ្វូងផ្សោតនៅសមុទ្រយ៉ាងសប្បាយរីក រាយទៀតផង ។
លោក ឡេង សារ៉ន ប្រធានអង្គការសង្គ្រោះសត្វ ព្រៃបានឱ្យដឹងថា ប្រធានអង្គការសង្គ្រោះសត្វព្រៃដែល ហៅកាត់ថា ជ្ថឺ ប្រចាំការខេត្តកំពតបានឱ្យដឹងថា អង្គការសង្គ្រោះសត្វព្រៃកម្ពុជាបានមកធ្វើការសិក្សា នៅឃុំព្រែកត្នោត ខេត្តកំពត តាំងពីឆ្នាំ ២០០៧ មកម៉្លេះ ហើយក៏ចាប់ផ្តើមបង្កើតឱ្យមានជាសហគមន៍ទេសចរណ៍ រហូតមកដល់សព្វថ្ងៃនេះ ។ កាលពីមុនប្រជាពលរដ្ឋ នៅឃុំព្រែកត្នោតជាច្រើនមានមុខ របរបាញ់សត្វ កាប ព្រៃឈើយកទៅលក់ និង ដាក់អន្ទាក់សត្វនៅភ្នំបូកគោ និង ពលរដ្ឋមួយផ្នែកទៀតគឺមានរបរជាអ្នកនេសាទសមុទ្រ ។
លោក ឡេង សារ៉ន មានប្រសាសន៍ថា តាំងពីអង្គ ការបានបង្កើតសហគមន៍ទេស ចរណ៍ធម្មជាតិនេះមក ប្រជាពលរដ្ឋបានបញ្ចប់ការដាក់អន្ទាក់សត្វ ការកាប់ឈើដោយ ងាកមកធ្វើជាអ្នកជូនភ្ញៀវទៅកម្សាន្តតាមកន្លែងផ្សេងៗ ឬក៏លក់ដូរនំចំណីឱ្យភ្ញៀវ មកកម្សាន្តនៅទីនេះ ហើយភ្ញៀវខ្លះនៅពេលត្រឡប់ទៅវិញ គេបានទិញវត្ថុ អនុស្សាវរីយ៍មួយចំនួនដែលសហគមន៍ផលិតថែមទៀតផង ។ នៅសមុទ្រសហគមន៍អាចជូនភ្ញៀវជិះទូកទៅមើលហ្វូងផ្សោតសមុទ្រវនិង ព្រៃកោងកាង នេះជា ការរកកម្រៃដោយវិធីស្របច្បាប់របស់ សហគមន៍ ដោយអង្គការសង្គ្រោះសត្វព្រៃ មន្ទីរទេសចរណ៍ខេត្ត មន្ត្រីមូលដ្ឋាន ជាអ្នកជួយសម្របសម្រួលឱ្យ ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេស ចរណ៍ខេត្តកំពតមានប្រសាសន៍ ថា រមណីយដ្ឋាននៅខេត្តកំពត មានចំនួន ១៣ កន្លែងផ្សេងៗគ្នា ដូចជា រមណីយ ដ្ឋាននៅភ្នំកំពង់ត្រាចស្ថិតនៅស្រុកកំពង់ត្រាច តំបន់ទេសចរណ៍នៅអន្លង់ព្រីង ជាប់ព្រំដែនវៀតណាម ដែលទីនោះភ្ញៀវអាចទស្សនាហ្វូងសត្វក្រៀលដ៏កម្រ នៅស្រុកកំពង់ត្រាច រមណីយដ្ឋាននៅភ្នំខ្យងស្ថិតនៅស្រុកកំពង់ត្រាច សួនសត្វ ទឹកឈូ រមណីយដ្ឋានណាតាយ៉ា រមណីយដ្ឋានភ្នំឈ្ងោក ស្រុកទឹកឈូ រមណីយដ្ឋានភ្នំស ស្រុកទឹកឈូ រមណីយដ្ឋានទឹកឈូ រមណីយដ្ឋានទំនប់ប្រទាក់ក្រឡា ស្រុកទឹកឈូ រមណីយដ្ឋានទំនប់ម្លេច ស្រុកជុំគិរី រមណីយដ្ឋានព្រែកអម្ពិល រមណីយដ្ឋានភ្នំដូង រមណីយដ្ឋានភ្នំបូកគោ ពិសេសជាងទៅទៀតនោះ គឺភ្ញៀវ ទេសចរអាចទស្សនាផ្សោតនៅរមណីយដ្ឋានព្រែកត្នោតដែលទើបបង្ហាញខ្លួន ថ្មីៗនេះ ។
លោក សយ ស៊ីណុល មានប្រសាសន៍ថា ឆ្នាំនេះភ្ញៀវជាតិបានថយចុះ តែមានភ្ញៀវអន្តរជាតិបានកើនទៅដល់ ១០ ម៉ឺននាក់ឯណោះ ។ បើចង់ទៅទស្សនា ផ្សោតសមុទ្រនៅព្រែកត្នោត គេត្រូវចេញទៅខេត្តកំពត ទិសខាងលិច តាមផ្លូវជាតិ លេខ ៣ ក្នុងចម្ងាយ ២០ គីឡូម៉ែត្រ តាមផ្លូវក្រួសក្រហមដែលឡើងទៅកាន់អន្លង់ ទឹកហូរ ៤ ទៅ ៥ ថ្នាក់ គឺមានរូបថត និង ស្លាកសញ្ញាបង្ហាញផ្លូវដែលមានរូប ថតប្លែកៗជាច្រើននៅរមណីយដ្ឋានព្រែកត្នោត ជាពិសេសគឺរូបថតហ្វូងផ្សោត សមុទ្រដែលធ្វើឱ្យមានការទាក់ទាញចំពោះភ្ញៀវទេសចរដែលបានឃើញស្លាក សញ្ញានេះ ៕