យុត្ថារ៉ា ឆាន្នី និង ចន ច័ន្ទលក្ខិណា ចង់បានកូនម្នាក់ទៀត
លោក យុត្ថារ៉ា ឆាន្នី និង អ្នកនាង ចន ច័ន្ទលក្ខិណា ដែលគេកត់ សម្គាល់ឃើញថា... ជាប្តីប្រពន្ធចេះមាន ផែនការគ្រួសារច្បាស់លាស់ ក្នុងការ មានកូនតាមបំណងបានបង្ហើបប្រាប់ កាលពី ពេលថ្មីៗកន្លង ទៅនេះថា ចង់បានកូនម្នាក់ទៀតដែល កើតក្នុងឆ្នាំថោះ ។ ក្រោយរៀបការអស់រយៈពេល ច្រើនឆ្នាំ គូស្វាមីភរិយាលោក យុត្ថារ៉ា ឆាន្នី និង ចន ច័ន្ទលក្ខិណា មិនមានកូន ធ្វើឱ្យគេមានការសង្ស័យថា អ្នកទាំង ពីរពុំអាចមានកូន ប៉ុន្តែរយៈពេល ១០ ឆ្នាំ នៃខួបអាពាហ៍ពិពាហ៍ ពួកគេបង្កើតបានកូនស្រីម្នាក់ ធ្វើឱ្យគេចាប់អារម្មណ៍ និង ទទួលស្គាល់ថា ជាគ្រួសារចេះមាន ផែនការក្នុងការចង់បានកូន ព្រមទាំងលុបបំបាត់នូវក្តីមន្ទិល ទាំងឡាយចំពោះពួកគេទាំងពីរ ។ ចន ច័ន្ទលក្ខិណា បានប្រាប់ថា គ្រួសារនាងចង់បានកូនម្នាក់ទៀតនៅក្នុងឆ្នាំក្រោយ គឺកូនកើតចំឆ្នាំថោះ ព្រោះអាយុនាងក៏ច្រើនដែរ ៣០ ឆ្នាំហើយ កូនស្រី ក៏ធំដែរ អាយុបួនឆ្នាំ អាចយកកូនម្នាក់ទៀតបាន ។ ចំណែកលោក យុត្ថារ៉ា ឆាន្នី ជាស្វាមីក៏ មានទស្សនៈដូចភរិយាគឺនាង ចន ច័ន្ទលក្ខិណា ដោយ លោកបានទទួលស្គាល់ថា ពិតជាមានផែនការ គ្រួសារយ៉ាងដូច្នេះមែន ។ ខាងក្រោមនេះ ជាបទសម្ភាសតាមទូរ ស័ព្ទជាមួយលោក យុត្ថារ៉ា ឆាន្នី កាលពីថ្ងៃទី ៩ កញ្ញា ២០១០ ជុំវិញការចង់បានកូនម្នាក់ទៀតរបស់គ្រួសារលោក ៖ * តើជាការពិតទេ ដែលថាលោក និង ភរិយា បានព្រមព្រៀងគ្នាយកកូនម្នាក់ទៀតនៅឆ្នាំ ក្រោយ ? - និយាយទៅ ខាងខ្ញុំចេះតែចង់បានកូនឆាប់ៗ ប៉ុន្តែទាស់ត្រង់ខាងគាត់ដោយ សារការងារមមាញឹក ទើបមិនទាន់ចង់បានចេះតែពន្យារៗ ។ ឥឡូវពួកយើងបានព្រម ព្រៀងគ្នាហើយថា នឹងយកកូនក្នុងឆ្នាំក្រោយ ។ * ហេតុអ្វីទើបគិតថា ចង់បានកូនម្នាក់ទៀត ? - ជាផែនការ និង ជាបំណងក្នុងគ្រួសារខ្ញុំ គឺចង់បានកូនយ៉ាងច្រើនបីនាក់ ដូច្នេះពេលនេះ មានកូនស្រីម្នាក់ហើយ ទើបចង់បានម្នាក់ទៀត ព្រោះបើគិតពី អាយុកូនស្រីខ្ញុំគឺជិតបួនឆ្នាំដែរ ល្មមនឹងមានកូនម្នាក់ទៀតដែរ ។ * ឆ្នាំក្រោយជាឆ្នាំថោះ ចាស់ៗពោលថា ក្មេងកើតឆ្នាំនោះឆ្លាត ? - ពេលខ្លះក៏ជឿតាមដែរ ព្រោះ “អាគមផ្សំអាយុ” ឬ ដូចពាក្យចាស់ និយាយ “គ្រូទាយម្តាយថា” ដូច្នេះការនិយាយរបស់ចាស់បុរាណមានក្បួន ខ្នាត យល់ថាអាចត្រូវ ៥០ ភាគរយដែរ ។ * កូនក្រោយនេះ តើចង់បានស្រី ឬ ប្រុស ? - ព្រោះតែកូនដំបូងជាស្រី ទើបចង់បានឆ្លាស់គ្នា ហេតុនេះកូនក្រោយ ចង់បានកូនប្រុស ។ * តើកូនស្រីមានអាយុប៉ុន្មានហើយ និង ឈ្មោះអ្វីដែរ ? ចូលរៀនឬនៅ ? - កូនស្រីខ្ញុំអាយុ ៣ ឆ្នាំ ៩ ខែហើយ និង មានឈ្មោះ នី ហង់ ហ្សាចូលី ។ ខ្ញុំបានរៀបចំឱ្យកូនចូលរៀនថ្នាក់មត្តេយ្យឆ្នាំនេះហើយ ។ * ក្រោយពីរៀបការបានប៉ុន្មានឆ្នាំ ទើបគ្រួសារលោកមានកូន ? - បើនិយាយទៅ ថ្ងៃកំណើតកូនខ្ញុំគឺជាឆ្នាំខួបអាពាហ៍ពិពាហ៍ ១០ ឆ្នាំរបស់ខ្ញុំដែរ ៕