លោកប៊ុន ចាន់ថន ធ្លាក់ខ្លួនឈឺធ្ងន់បញ្ជូនទៅព្យាបាលនៅវៀតណាម
រាជធានីភ្នំពេញ ៖ តារាចំរៀងជើងចាស់ និងល្បីឈ្មោះក្នុងសម័យទសវត្សឆ្នាំ៨០ គឺលោកប៊ុន ចាន់ថន បានធ្លាក់ខ្លួនឈឺជាទំងន់ ហើយត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ក្នុងពេលដែលគេដឹងថា... ជីវភាពតារាចំរៀងរូបនេះជួបការលំបាក និងអំពាវនាវសុំការជួយឧបត្ថម្ភពីសប្បុរសជន។ នៅចំពោះមុខការលំបាករបស់លោកប៊ុន ចាន់ថន សមាគមសិល្បករខ្មែរដែលមានលោកម៉ិញ សុធីវណ្ណ ជាប្រធាន បាននាំយកថវិកាមួយចំនួនទៅជូនដល់ក្រុមគ្រួសារលោកប៊ុន ចាន់ថន ក្នុងនោះថវិការបស់សមាគមចំនួន២០ម៉ឺនរៀល និងថវិកាផ្ទាល់ខ្លួនចំនួន២០ម៉ឺនរៀល។
តាមក្រុមគ្រួសារបានឱ្យដឹងថា លោកប៊ុន ចាន់ថេន បានធ្លាក់ខ្លួនឈឺធ្ងន់ជាងមួយខែមកហើយ ហើយតាមក្រុមគ្រូពេទ្យប្រាប់ថា គាត់មានជំងឺទឹកនោមផ្អែម ខ្វះគ្រាប់ឈាមក្រហម និងជំងឺទឹកក្នុងសួត។ លោកធ្លាប់បានព្យាបាលនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់មកហើយ ដែរ តែស្ថានភាពជំងឺមិនបានស្រាកស្រាន្តនោះឡើយ ដូច្នេះហើយទើបក្រុមគ្រួសារត្រូវបង្ខំចិត្តបញ្ជូនទៅព្យាបាលនៅ ប្រទេសវៀតណាមតែម្តង បើទោះបីជាមានការខ្វះខាតថវិកាយ៉ាងណាក៏ដោយចុះ។
លោកប៊ុន ចាន់ថន ត្រូវបានគេទទួលស្គាល់ថា ជាអ្នកចំរៀងដែលមានឈ្មោះល្បីល្បាញក្នុងសម័យសាធារណរដ្ឋប្រជា មានិតកម្ពុជា និងសម័យរដ្ឋកម្ពុជា។ ភាពល្បីល្បាញរបស់លោក គឺតាមរយៈការលើកយកបទ ចំរៀងលោកស៊ិន ស៊ីសាមុត មកច្រៀង ហើយសំនៀងរបស់លោកក៏ពីរោះទាក់ទាញអ្នកស្តាប់ណាស់ដែរ។ លោកធ្លាប់បាននិយាយប្រាប់អ្នកសារព័ត៌មានថា លោកមានចំណង់ចំណូលចិត្តខាងវិស័យសិល្បៈតាំងពីកុមារភាព។ ពេលអាយុបានជាង១០ឆ្នាំ លោកបានហាត់រៀនខាងជំនាញបទភ្លេងនិងច្រៀង ហើយក៏បានសាកល្បងច្រៀងម្តងម្កាលជាមួយតារាចំរៀងល្បីៗនាសម័យ មុន។ ប៉ុន្តែអាស្រ័យដោយប្រទេសជាតិ ធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍ធ្វើឱ្យជីវិតសិល្បៈរបស់លោកត្រូវកាត់ ផ្តាច់មួយរយៈ។
ក្រោយថ្ងៃ៧មករា ១៩៧៩ លោកបានវិលចូលមកបំរើវិស័យសិល្បៈវិញ ក្នុងជួរកងក័ព ហើយក៏មានឈ្មោះបោះសំលេងរហូតមក។ បច្ចុប្បន្នលោកក៏ជាគ្រូបង្រៀនភ្លេង និងច្រៀងដល់យុវវ័យជំនាន់ក្រោយផងដែរ។ លោកម៉ិញ សុធីវណ្ណ ប្រធានសមាគមសិល្បករខ្មែរដែលបាននាំយកថវិកាទៅជូនដល់លោកប៊ុន ចាន់ថន ដល់គេហដ្ឋាន បានសំដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពជំងឺរបស់ អតីតតារាចំរៀងរូបនេះ។ យ៉ាងណាក៏ដោយ លោកបានបួងសួងសុំឱ្យលោកប៊ុន ចាន់ថន ឆាប់ជាសះស្បើយពីជំងឺ ហើយវិលមកបំរើវិស័យសិល្បៈជាធម្មតាឡើងវិញ ព្រោះមនុស្សជំនាន់ក្រោយកំពុងត្រូវការខ្លាំងណាស់នូវអ្នកដែលមាន សមត្ថភាពដូចលោកប៊ុន ចាន់ថន នេះ៕