សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ប្រាសាទសម្បូណ៌ព្រៃគុហ៍ កំពុង​ ដំណើរការ​ជួសជុលមុននឹងដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក

ជាយូរឆ្នាំមកហើយប្រាសាទសម្បូណ៌ ព្រៃគុហ៍ហាក់បីដូចជារស់នៅ ឯកោដាច់ពី ក្រសែភ្នែកអ្នកអភិរក្សបើទោះបីកន្លង មកគេបានឃើញមានការ ជួសជុលខ្លះក្តី ក៏ការជួសជុលនោះគ្រាន់តែជាការ ពន្យារពេលកុំឱ្យមានការបាក់ និង ខូច ខាតច្រើនបន្តទៀតតែប៉ុណ្ណោះ ប៉ុន្តែពេលនេះប្រាសាទសម្បូណ៌ ព្រៃគុហ៍ជាក្រុមប្រាសាទដ៏ចំណាស់កសាងឡើង... នៅសតវត្សរ៍ទី ៦-៧ កំពុង ទទួលរងការខូចខាតដោយធម្មជាតិ ខូចខាតដោយសារមានមនុស្សមួយចំនួន លួចគាស់កកាយ និងបាក់បែកដោយសារសង្គ្រាមក្នុងរយៈពេលកន្លងមក បច្ចុប្បន្នត្រូវបានសាកលវិទ្យាល័យវ៉ាសេដានៃប្រទេសជប៉ុនកំពុងដំណើរការ ជួសជុលក្រុមប្រាសាទខាងជើង ( ក្រុមប្រាសាទសម្បូណ៌ ) ចំនួនប្រាំប្រាសាទ បន្ទាប់ពីសាកលវិទ្យាល័យនេះធ្វើការជួលជុលខ្លះនៅពេលកន្លងមក ។

កាលពីឆ្នាំ ២០០៩ សាកលវិទ្យាល័យវ៉ាសេដា បានដំណើរការជួសជុលប្រាសាទ ណ១ ហើយនៅពេល ថ្មីៗកន្លងទៅនេះក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានបើកការដ្ឋានដំណើរការជួសជុលប្រាសាទបួន ទៀត គឺប្រាសាទ N14.1- N14.2-N10 និង N11 សម្រាប់ឆ្នាំ ២០១០ ដល់ឆ្នាំ ២០១២ ។ ការជួសជុល នេះមានការរៀបចំធ្វើប្រព័ន្ធការពារ កុំឱ្យទឹកជ្រាបចូលក្នុងជញ្ជាំងប្រាសាទ ហើយរៀបចំជួសជុលគ្រឹះ ខឿន និង កម្រាលខឿនប្រាសាទ ។

លោក ឆាង កង ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តកំពង់ធំ បានបញ្ជាក់ថា ការជួសជុល ប្រាសាទ នីមួយៗមានការលំបាកណាស់ គ្រាន់តែ កំណកដីមានកម្រាស់ជាងមួយម៉ែត្រ ។ ការជួសជុល នេះ សាកលវិទ្យាល័យ វ៉ាសេដាបានយកកម្មករជា បុគ្គលិកអណ្តែតរបស់មន្ទីរដែលជាកូនចៅរបស់ ប្រជាពលរដ្ឋនៅទីនោះដើម្បីធ្វើការផង និង រៀនសូត្រផង។ អ្នកដែលបានចូលធ្វើការនៅទីនោះមាន ការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងដោយក្រុមជំនាញ ឯកទេសជប៉ុន បានណែនាំពីបច្ចេកទេសក្នុងការគូរ ប្លង់ និង ធ្វើកំណាយ ជាដើម ៘ ឥឡូវពួក គេ អាចធ្វើការបានហើយ ខ្ញុំមានការត្រេកអរណាស់។ លោក ឆាង កង បញ្ជាក់ថា ពេលធ្វើកំណាយទៅ ឃើញមានជណ្តើរឡើងពីណាទៅណា គឺជាស្នាដៃស្ថាបត្យកម្មយ៉ាងល្អឯករបស់បុព្វបុរសខ្មែរយើងនា សម័យនោះបានស្ថាបនា និង មានគំនិតច្នៃប្រឌិតខ្ពស់ ណាស់ដែលយើងមិននឹកស្មានដល់ ហើយបើពិនិត្យ ទៅលើរូបសំណាកនៃផ្តែរនីមួយៗមិនអាចមានអ្នក ណាធ្វើបានឡើយ ។

នៅក្នុងឱកាសជូនដំណើរលោក នុត ណារ៉ាង ទៅធ្វើជាឯកអគ្គរដ្ឋទូតអង្គការយូនីស្កូ ឯកឧត្តម ហឹម ឆែម រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ មានប្រសាសន៍ថា កម្ពុជានឹងដាក់ប្រាសាទបន្ទាយឆ្មារ ចាប៉ីដងវែង ល្ខោនខោល និង ប្រាសាទសម្បូណ៌ ព្រៃគុហ៍ ជាបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់ ។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា លោក នុត ណារ៉ាង នឹង ធ្វើការងារនេះបានល្អ ។ ប្រាសាទសម្បូណ៌ព្រៃគុហ៍ ជាអតីតរាជធានីខ្មែរសម័យចេនឡា ដែលមានឈ្មោះ ថា ឦសានបុរៈ ស្ថិតនៅភូមិសម្បូណ៌ ឃុំសម្បូណ៌ ស្រុកប្រាសាទសម្បូណ៌ ចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រ ភាគឦសាននៃក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ នៅក្នុងតំបន់ប្រាសាទសម្បូណ៌ព្រៃគុហ៍ ក្រៅពីចំនួន ដ៏ច្រើននៃប្រាសាទកសាងឡើងអំពីឥដ្ឋដែលបង្កប់ខ្លួន នៅក្នុងព្រៃនៅភាគខាងលិចនៃក្រុមប្រាសាទទាំង នោះក៏មានបរិវេណទីក្រុងព័ទ្ធជុំវិញដោយកំពែងដីពីរ ជាន់ និង មានប្រព័ន្ធផ្លូវទឹកយ៉ាងសម្បូណ៌បែបនៅ ក្នុងបរិវេណខាងក្នុង ។

លោក ហ៊ិន សោភ័ណ អនុប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខេត្តកំពង់ធំ បានបញ្ជាក់ថាតាមការស្រាវជ្រាវ ជាច្រើនដំណាក់កាលចាប់ពីឆ្នាំ ១៨០០ ជាងមកដល់បច្ចុប្បន្ននេះគេបានរកឃើញប្រាសាទ នៅក្នុងតំបន់ប្រាសាទ សម្បូណ៌ព្រៃគុហ៍មានចំនួន ២៩០ ប្រាសាទ បានកសាងឡើងជាច្រើនដំណាក់កាល បន្តបន្ទាប់គ្នាចាប់តាំងពីសតវត្សរ៍ទី ៦-៧ ដល់សតវត្សរ៍ទី ១១ ។ ប្រាសាទភាគច្រើននៅទីនោះកសាង ឡើងនៅក្នុងរជ្ជកាលស្តេចបីព្រះអង្គបន្តបន្ទាប់ គឺ ព្រះបាទមហេន្ទ្រវរ្ម័នព្រះបាទ ឦសានវរ្ម័នទី ១ និង ព្រះបាទ ភវរ្ម័នទី ១ ។ ស្ថាបត្យកម្មទាំងអស់ភាគច្រើន កសាងអំពីឥដ្ឋលាយជាមួយថ្មភក់នៅផ្នែកសំខាន់ៗមួយ ចំនួន លើកលែងតែប្រាសាទដែលស្ថិតនៅក្នុងក្រុម ប្រាសាទរបងរមាសប៉ុណ្ណោះ ដែលភាគច្រើនកសាង ឡើងអំពីថ្មបាយក្រៀមនៅក្នុងសតវត្សរ៍ទី ១១ ។

ប្រាសាទសម្បូណ៌ព្រៃគុហ៍កសាងឡើងជាតួប៉ម ទោលលើខឿនមួយដាច់ៗពីគ្នា ។ ប្រាសាទខ្លះមាន រាងបួនជ្រុងស្មើ ខ្លះមានរាងចតុកោណកែង និង ខ្លះទៀតមានរាងជា ៨ ជ្រុង ហើយប្រាសាទទាំងនេះ ភាគច្រើនសង់បែរមុខទៅទិសខាងកើត ។ ប្រាសាទ ទាំងនេះកសាងឡើងដើម្បីឧទ្ទិសដល់អាទិទេពតាម ជំនឿព្រហ្មញសាសនា ។ ប្រាសាទសម្បូណ៌ព្រៃគុហ៍ មានសក្តានុពលជាច្រើនសម្រាប់បម្រើដល់វិស័យ ទេសចរណ៍ដោយមានព្រៃឈើធំៗត្រឈឹងត្រឈៃ មានប្រាសាទបុរាណ ទួលបុរាណ ស្រះបុរាណ ផ្លូវ បុរាណ ព្រែកជីកបុរាណ និង ភូមិបុរាណព័ទ្ធជុំវិញ ។ តាមការគ្រោងទុករបស់រាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជា ប្រាសាទសម្បូណ៌ព្រៃគុហ៍នេះនឹងត្រូវ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅពេល វេលាដ៏សមស្របណាមួយដើម្បីធ្វើការអភិវឌ្ឍ ។

នៅឆ្នាំ ២០១១ ខាងមុខនេះ ក្រសួងអភិវឌ្ឍ ជនបទនឹងដំណើរការធ្វើផ្លូវចាក់កៅស៊ូ បែកចេញពីផ្លូវជាតិលេខ ៦២ ( កំពង់ធំ-ព្រះវិហារ ) ឆ្លងកាត់តំបន់ប្រាសាទសម្បូណ៌ព្រៃគុហ៍នេះ ដើម្បីបង្ក លក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវ ទេសចរទៅទស្សនាកម្សាន្តនៅទីនោះកាន់តែច្រើន ថែមទៀត ។

ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០១០ នេះ មានភ្ញៀវ ទេសចរទៅទស្សនាកម្សាន្ត និង សិក្សាស្រាវជ្រាវ នៅរមណីយដ្ឋានសម្បូណ៌ព្រៃគុហ៍ចំនួន ២៣.៤០៥ នាក់ នៅក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ២.៧៨០ នាក់ ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP