សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

សម្តេច​តេជោ ៖ការ​ស្រុះ​ស្រួល​គ្នា គឺជា​រឿង​​ល្អ​ប្រសើរ


រាជធានីភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា មាន​ប្រសាសន៍​បញ្ជាក់​ថា... «ខ្ញុំ​អះអាង​ហ៊ាន​ទទួលខុសត្រូវ​ក្នុ​ង​ការ​បង្កើត​បរិយា​កាស​​ងាយស្រួល​ ដោយការ​ស្រុះ​ស្រួល​គ្នា គឺជា​រឿង​​ល្អ​ប្រសើរ ​គឺការ​ផ្តល់សច្ចា​ប័ន​ទៅលើ​កំណត់​ហេតុ​នៃការ​​ប្រជុំ​ទាំង​៣​លើក ដែលក្នុងនោះ ទី​១-​ត្រូវ​កែ​សំរួល​កង​ទ័ពនៅ​ក្នុង​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​ ទី​២-​កែ​សំរួល​កងទ័ព​​ ទី​៣-​ឱ្យ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ទាំង​ពីរ​ធ្វើការ​ងារ​នេះ។ សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​មាន​ប្រសាសន៍​​បញ្ជាក់​បែបនេះ នៅ​វិទ្យាស្ថាន​ជាតិ​​អប់រំ នា​ព្រឹកថ្ងៃទី​១៣ តុលា ឆ្នាំ​២០១០ ក្នុង​​ឱកាស​អញ្ជើញ​ជាអធិបតី​​ដ៏​ខ្ពង់ខ្ពស់​ក្នុងពិធី​ប្រគល់​សញ្ញា​បត្រ​​ ជូនដល់និស្សិត​ថ្នាក់​បរិញ្ញា​បត្រ​រង ថ្នាក់​បរិញ្ញា​បត្រ ថ្នាក់​បរិ​ញ្ញា​បត្រ​ជាន់​ខ្ពស់ និង​ថ្នាក់​បណ្ឌិតនៃ​សាកល​វិទ្យា​ល័យ​វេស្ទើន សរុប​ចំនួន​១.០៥៩​នាក់ ដែលបាន​បញ្ចប់​ការ​សិក្សា​ក្នុងឆ្នាំ​សិក្សា​​២០០៦-២០០៧ ឆ្នាំ​សិក្សា​​២០០៧-២០០៨ ឆ្នាំសិក្សា​២០០៨-២០០៩ និង​ឆ្នាំសិក្សា​២០០៩-២០១០ កន្លងមក។

http://www.embassyofcambodia.org.nz/July302010/Hun%20Sen%20shaking%20hand%20with%20Obama%20(SEAsia%20Weekly).jpg


សម្តេច​​តេជោ​មានប្រសាសន៍​បន្ត​ថា អគ្គ​បញ្ជាការ​រង​កងទ័ព​ និង​​បញ្ជាការ​កង​ពល​កម្ពុជា ជាមួយ​យោធ​ភូមិ​ភាគ​របស់​កង​ទ័ព​ថៃ​ក៏​បានធ្វើ​ការងារ​រួច​មកហើយដែរ។ បើ​សិន​ជា​កែ​សំរួល​បញ្ហា​នេះចប់​ហើយ បើក​ទេសចរណ៍​ឡើង​វិញ ក៏បាន ​អត់បញ្ហា បើក​ដូចកាល​មុន​ថ្ងៃ​១៥ កក្កដា ឆ្នាំ​២០០៨ ​ព្រោះវា​អស់​បញ្ហា​ហើយ វា​នៅ​ជាប់​តែ​ប៉ុន្មាន​នាក់ហ្នឹង តែបញ្ហា​ហ្នឹង​ចប់​ទៅ វា​ចប់​ហើយ ជា​ទូទៅបរិយាកាស​ល្អ។ សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​បញ្ជាក់​ថា កំណាត់​ព្រំដែន​កម្ពុជា​-ថៃ ​មាន​ប្រមាណ​ជាង​៨០០​គីឡូ​ម៉ែត្រ ហើយ​​ជំលោះមិន​បានកើ​ត​មាន​តាម​​បណ្តោយ​ព្រំដែនទាំង​​ជាង​៨០០គីឡូម៉ែត្រ​នេះ ​ទេ។ វា​នៅសេស​សល់​​​ចំណុច​តូចមួយ ដែល​មិន​ទាន់​បាន​ដោះ​ស្រាយ ដូច្នេះ​យើង​កុំ​ឱ្យ​ជំលោះ​នេះវា​រីក​រាល​ដាល​​ក្លាយ​ទៅ​ជា​​ឧបសគ្គ​នៃ​សហ​ ប្រតិបត្តិការ​​រវាង​ប្រទេសទាំងពីរ​។ ដូចជា​អណ្តាត​ និងធ្មេញ អ៊ី​ចឹង​ដែរ ដក​មួយគ្រ​វាត់​​ចោល វា​អត់កើត​ ទុកមួយ​ចោលមួយ​វា​មិនកើត គឺវា​ត្រូវ​សំរួល​គ្នា​។ យើង​មិនអាចលើក​ប្រទេស​ថៃ​​​ទៅណា​បានទេ ហើយ​ថៃ​ក៏​មិន​អាចលើក​ប្រទេស​កម្ពុជា​ទៅណា​បានដែរ។ ដូច្នេះ​ត្រូវ​បង្កើត​បរិ​យាកាស​ងាយ​ស្រួល ហើយ​ការ​យោគ​យល់​គ្នា​នេះ ​គឺ​ជា​រឿង​មួយល្អ។ សម្តេច​មាន​ប្រសាសន៍​បន្ត​ថា ​​នៅ​ក្នុង​កំណត់​ហេតុ​នោះទៀត មានការ​វាស់​វែង​ដែល​ឱ្យ​អាទិភាព​ទៅលើ​ការ​វាស់វែង​នៅ​​តំបន់​ប្រា​សាទ​ ព្រះវិហារនោះថែមទៀត។

ចំពោះ​​​ការ​ពាក់ព័ន្ធ​ទៅនឹង​ពាក្យ​ថា ​មានក្រុម​សកម្ម​​ប្រយុទ្ធ​អាវ​ក្រហមនៅហ្វឹក​ហាត់​ក្នុង​ប្រទេស​កម្ពុជា ហើយត្រូវ​បាន​ចាប់​ខ្លួននោះ​ ​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រីបញ្ជាក់​ថា ​​អង្គ​ភាព​ប្រតិ​កម្ម​រហ័ស​ និង​ក្រសួង​ការ​បរទេស​កម្ពុជា​ក៏បាន​ចេញ​សេចក្តី​ប្រកាស​បដិសេធ​រួច​ស្រេច​ ទៅហើយ។ ទាក់ទិន​​នឹង​បញ្ហា​​នេះ​ ដោយ​​មាន​ទំនាក់​​ទំនង​ផ្ទាល់​​រវាង​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​ជាមួយ​ នាយក​រដ្ឋ​មន្ត្រី​អាប់ភីស៊ីត តាម​រយៈ​យន្តការ​មួយ​​ពិសេស ​ខាង​ថៃ​ SMS មក​ថា អ្នក​ដែល​​និយាយ​នោះ​គឺ​មិន​មែន​​ឆ្លុះបញ្ចាំង​គោល​ជំហរ​របស់​រដ្ឋាភិបាល​ ទេ។ បើ​ដូច្នេះ​ពេល​រាយ​ការណ៍​មក​ឱ្យ​ខ្ញុំ ខ្ញុំ​បាន​ឱ្យ​ផ្ញើ SMS ត្រឡប់​ទៅ​វិញថា តើ​អគ្គ​លេខាធិការ​ក្រុ​មប្រឹក្សា​សន្តិ​សុខ​ជាតិ​និយាយ​នោះ​តំណាង​ឱ្យ​ រដ្ឋាភិបាល​ឬ​អត់? ព្រោះ​វា​ដូច​ជា​ផ្ទុយ​គ្នា។ SMS មកដើម្បី​ជូន​ព័ត៌​មាន​ឱ្យខ្ញុំ​ថា មិនឆ្លុះ​បញ្ចាំង​គោលជំហរ​រដ្ឋាភិ​បាល។ តើ​អគ្គ​លេខាធិការ​ក្រុម​​ប្រឹក្សា​សន្តិសុខ​​ជាតិ​អាច​តំណាង​ឱ្យរដ្ឋាភិបាល ​​ទេ ព្រោះ​ខាងថៃ​បញ្ជូន​សារ​មក​ថា អ្នក​ដែល​និយាយ​​នោះ​មិន​ឆ្លុះ​បញ្ចាំង​គោលជំហររដ្ឋាភិ​បាល​ទេ។ ដូច្នេះ​ឱ្យ​ត្រឡប់​ទៅវិញ ព្រោះ​ដូចជា​ផ្ទុយ​គ្នា សូម​ការ​ពន្យល់​​អំពីបញ្ហា​ហ្នឹង។

ទាក់ទិន​នឹង​បញ្ហា​នេះ​ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មាន​ប្រសាសន៍​រំលឹក​ថា រឿង​​នេះ​ដូច​ជា​​មាន​​ប្រវត្តិ​​​វែង​ឆ្ងាយ​បន្តិ​ចទៅហើយ។ ​នៅចុង​ឆ្នាំ​២០០៦ មានផ្ទុះគ្រាប់បែក​​​មួយ​គ្រាប់ ​នៅ​កណ្តាល​ក្រុង​បាងកក ចំថ្ងៃ​ឆ្លង​ឆ្នាំ​ណូអែល គេ​ថា ​គ្រាប់បែក​​ទៅពី​កម្ពុជា អាហ្នឹង​រឿង​មួយ​ទៅ។ ​បន្ទាប់​​មក​ទៀត​​មាន​រឿង​ខ្មែរ​អ៊ិស្លាម កម្ពុជា ធ្វើដំណើរ​ក្នុង​មួយថ្ងៃ​២០០ទៅ​៣០០​នាក់ ទៅភាគ​ខាង​ត្បូង​ប្រទេស​ថៃ ដើម្បី​ទៅចូល​រួម​ប្រយុទ្ធនៅ​ទីនោះ។ ពេលនោះ លោក​រដ្ឋ​មន្ត្រី​​ក្រសួងព័ត៌​មាន ​រួម​ជាមួយ​លោក​អូស្មាន់ ហា​ស្សាន់​ រដ្ឋ​លេខាធិការ​ក្រសួង​​ការងារ​ដែល​តំណាង​​ឱ្យសហគមន៍​មូស្លីម ធ្វើ​ការ​បដិសេធ​ជា​ច្រើន​ដង​ក៏ថៃ​គេនៅតែ​​មិនស្តាប់។ ទាល់តែ​នៅ ពេលបើក​ការ​ដ្ឋា​នកសាង​ស្ពាន​ព្រែក​ក្តាម ខ្ញុំ​លេង​ម្តង ​ខ្ញុំ​ថា មូស្លីម​នៅស្រុក​ខ្មែរ​មិន​ល្ងង់​ដល់ថ្នាក់​ទៅធ្វើជា​ទាហាន​ស៊ីឈ្នួល​ច្បាំង ​ឱ្យ​ភាគ​ខាង​ត្បូង​ប្រទេសថៃ​ទេ។ បើ​សិនជាគេមាន​ចេតនា​យ៉ាង​ដូច្នេះ​គឺ​គេ​វាយ​ពីខាង​កម្ពុជាទៅវិញ​ហើយ​ ព្រោះ​វា​​ផ្ទប់គ្នា​​មួយ​ពីជើងមួយពីត្បូង​ (នេះនិយាយ​​ពីយុទ្ធសាស្ត្រ​យោធា) គេមិនឆ្លង​ទៅហើយបាន​វាយ​ពី​​ត្បូងមក​នោះទេ។ ពេលនោះ​ខ្ញុំ​ប្រាប់ទៅ​លោក​សូវីយុទ្ធ ហើយ​លោក​សូវីយុទ្ធ បាន​ប្រាប់​អ្នកនាំ​ពាក្យ​ខាង​យោធា​ថៃ​ឱ្យធ្វើការ​ប្រយ័ត្ន​ប្រយែង ។

បន្ត​មកទៀត ព្រឹត្តិ​ការណ៍​ថ្ងៃ​១០ ខែមេសា ឆ្នាំ​២០១០ ដែល​ពេល​នោះ​មានការបាញ់​គ្នា​នៅ​កណ្តាល​ទីក្រុង​បាង​កក។ កាលណោះ រដ្ឋ​មន្ត្រី​ការ​បរទេស​កាស៊ីត​ ភិរម្យ ឱ្យ​សុំ​ជួយ​បិទ​​កា​ណាល់​​អា​វក្រហម។ សម្តេច​មាន​ប្រសាសន៍​ថា យើង​ទៅបិទកន្លែង​ណា បើ​មិន​ដឹង​គេ​ផ្សាយ​ពី​កន្លែងណា​ផង។ គេ​ថា កង​ទ័ព​ខ្មែរ​ចូល​ជួយវាយ​នៅទី​ក្រុង​បាងកក ឥឡូវ​​កំពុង​តែ​រត់​មក​ដល់​អ៊ូប៊ុន។ សម្តេច​មាន​​ប្រសាសន៍​ថា ចុះ​បើ​ដឹង​ដូច្នេះហើយ ម៉េចក៏​មិ​ន​ចាប់​ទៅ​...​។
សម្តេច​តេជោ​នាយក​ រដ្ឋ​មន្ត្រី​ ហ៊ុន សែន មាន​ប្រសាសន៍​ថា​ ខ្ញុំ​ធ្លាប់​បាន​ប្រកាស​​ហាម​តាំង​ពី​ពេល​មាន​បាតុ​កម្ម​នៅ​ថៃ​ម៉្លេះ​ ទី១-ហាម​ឃាត់​ការ​ចល័ត​កំលាំង​តាម​ព្រំដែន​ដែល​ធ្វើ​ឱ្យ​ខាង​ភាគី​ថៃ​មាន​ ការ​ភាន់​ច្រឡំ ទី២-ហាម​ឃាត់​ពល​រដ្ឋ​​ខ្មែរ​ដែល​​ធ្វើ​ការ​​នៅ​ប្រទេស​ថៃ​​ចូល​រួម​បាតុ​ កម្ម​ជា​មួយ​ក្រុម​អាវ​ក្រហម ទី៣-សុំ​ឱ្យ​សហ​ការ​គ្នា​ល្អ។ នេះ​គឺ​ជា​ការ​ចូ​លរួម​ចំណែក​ដើម្បី​បង្កើត​នូវ​បរិយា​កាស​​ងាយ​ស្រួល​​ដល់​ រាជ​រដ្ឋា​ភិបាល​ថៃ​ហើយ។

ឥឡូវ​នេះ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា និង​នាយក​រដ្ឋ​មន្ត្រី​ថៃ​ជួប​គ្នា​យ៉ាង​ស្រួល បែរ​ជា​អ្នក​នាំ​ពាក្យ​ ទាំង​ប៉ូលិស ទាំង​មតិ​ផ្សេងៗ​ចេញ​មកអះ​អាង...​ស្អី...ទៅ​បាញ់​មេ​ដឹក​នាំ...។ សម្តេច​តេជោ​​រិះ​គន់​ថា យី មិន​ចេះ​ការ​ពារ​ខ្លួន​​​ឯង​ទេ​អី...? អី​ក៏​វា​លំបាក​​ម៉្លេះ។ ស្រុក​​ថៃ​គេ​មាន​ច្បាប់​កាតព្វ​កិច្ច​យោធា កាល​ណា​គេ​ធ្វើ​​កាតព្វ​​កិច្ច​យោ​ធា​​គេ​មិន​ចាំ​​បាច់​មក​ហាត់​​នៅ​ស្រុក​ ខ្មែរ​ទេ។ បើ​ជើង​ដៃ​ដល់​​វា​មិន​មែន​ហាត់​ប៉ុណ្ណឹង​ទេ វា​ហាត់​ដូច​ពួក​អាហ្វា​ហ្គា​នីស្ថាន តាលី​បង់...​រហូត​ដល់​វា​ចេះ​បើក​​យន្ត​​ហោះ​ បើ​ក​បុក​​​អគារ​ពាណិជ្ជ​កម្ម​ពិភព​លោក​ឯ​ណោះ ហាត់​៣​អាទិត្យ​ស្ទើរ​ភ្លើង​យក​ទៅ​ធ្វើ​អ្វី? ស្អី​អ្នក​វិភាគ​រាយ​ការណ៍​ឱ្យ​លោក​អាប់​ភី​ស៊ីត ប៉ុន្តែ​លោក​អាប់​ភី​ស៊ីត មិន​មាន​ធ្វើ​សេច​ក្តី​ថ្លែង​ការណ៍​ណា​មួយ​បង្ក​ឱ្យ​មាន​អរិ​ភាព​នោះ​ទេ គ្រាន់​តែ​គាត់​ឆ្លើយ​ថា​ រក​ការ​បញ្ជាក់​ ព្រោះ​វា​មិន​ទាន់​ច្បាស់។

សម្តេច​តេជោ​នាយក​​រដ្ឋ​មន្ត្រី​​មាន​ប្រសាសន៍​​​ទៀត​ ថា កម្ពុជា​ក៏​​បញ្ជាក់​​នៅ​ថ្ងៃ​នេះ​ដែរ ដោយ​ខ្ញុំ​មិន​ចាំ​បាច់​និយាយថា កាល​ពី​ទស​វត្សឆ្នាំ​៨០-៩០ នៅ​ប្រទេស​ថៃ​មាន​មូល​ដ្ឋាន​ខ្មែរ​ក្រហម បន្ទាយ​ខ្មែរ​ក្រហម កំលាំង​ប្រឆាំង... ហើយ​ខ្ញុំ​ក៏​ប្រាប់​​ទៅ​អាប់​ភី​ស៊ីត​ត្រង់ៗ ខ្ញុំ​ដឹង​ថា មាន​ជន​ជាតិ​របស់​ខ្ញុំ​ជាង​​២០​នាក់ នៅ​បាង​កក​រាល់​ថ្ងៃ​ ខ្ញុំ​ប្រាប់​ដូច្នេះ។ អ្នក​ប្រព្រឹត្ត​ឧ​ក្រិដ្ឋ​​កម្ម​មួយ​ចំនួន​នៅ​ទី​ក្រុង​បាង​កក ក្នុង​នោះ​មាន​អ្នក​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​​ព្រហ្ម​ទណ្ឌ​នៃ​បក្ស​ប្រឆាំង​ មួយ​នៅ​ស្រុក​មេ​មត់ ដឹង​ទាំង​អ្នក​​ឱ្យ​លុយ​​បញ្ជូន​ទៅ​ទៀត។ មាន​អ្នក​មួយ​ទៅ​​ហើយ​សំភាសន៍​មិន​ជាប់ រួច​ហើយ​បាច​ខិត្ត​ប័ណ្ណ​​ជេរ​រាជ​រដ្ឋា​ភិបាល​ដើម្បី​​ទៅ​សំភាសន៍​​ម្តង​ ទៀត ដើម្បី​ឱ្យ​ជាប់។ ស្តាប់​ខ្ញុំ​និយាយ​ឱ្យ​ច្បាស់​​ អ្វី​ដែល​អ្នក​បាន​ធ្វើ​ សូម្បី​តែ​អ្នក​ដែល​បញ្ជូន​ពី​ខេត្ត​កំពង់​ឆ្នាំង ចូល​ទៅ​ដល់​ប៉ោយ​ប៉ែត ខ្ញុំ​ដឹង​គ្រប់ពេល​ ចេញ​ពី​ប៉ោយ​​ប៉ែត ឡើង​ទៅ​ដល់​បាង​កក ជួប​អ្នក​ណា​​ខ្ញុំ​ដឹង​គ្រប់​ពេល។ សូម​អ្នក​កុំ​ភាន់​ច្រឡំ​ឱ្យ​សោះ រឿង​ផ្នែក​នេះ​មួយ​អ្នក​មិន​អាច​លេង​ទាន់​ខ្ញុំ​ទេ តែ​ខ្ញុំ​មិន​ធ្វើ ។ កម្ពុជាយក​​ការ​បញ្ជាក់​មួយ​ ​ខ្លួន​មាន​ការ​ទទួល​ខុស​ត្រូវ​ ប្រយុទ្ធ​ប្រឆាំង​ភេរវ​កម្ម​ រឿង​ផ្ទៃ​ក្នុង​របស់​ថៃ​ទុក​ឱ្យ​ថៃ​ដោះ​ស្រាយ​ខ្លួន​ឯង។ ធ្វើ​ល្អ​​គេ​អត់​ប្រឆាំង​ទេ ធ្វើ​មិន​ល្អ​គេ​ប្រឆាំង​ហើយ...៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP