សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

លួចដាប់ថ្មនៅភ្នំត្បែងធ្វើអាជីវកម្ម

ភ្នំត្បែងគឺជាភ្នំមួយស្ថិតនៅក្នុង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។ ភ្នំនេះត្រូវបានបងប្អូនជនជាតិ ភាគតិចនៅតំបន់នោះនាំ គ្នាគោរពបូជា តាំងពីដើមរៀងមក ដោយមានជំនឿ ថា... ជាភ្នំមួយមាន ទសបារមីខ្លាំងពូកែ ថែរក្សា ព្រោះមុនពេលព្រឹត្តិការណ៍ អ្វីកើតឡើង បារមីថែរក្សាភ្នំនោះតែង តែសម្តែងអភិនីហារឱ្យប្រផ្នូលដល់ ប្រជាពលរដ្ឋនៅទីតំបន់នោះ ដឹង និង បានឃើញជាមុន ។ ប្រផ្នូលទាំងនោះ មានដូចជា មានដុំភ្លើងហោះកាត់ភ្នំ ថ្មភ្នំបាក់រមៀលធ្លាក់ទាំងផ្ទាំងៗមក ក្រោម និង ឃើញនាគហោះកាត់ភ្នំ ជាដើម ៘ ប៉ុន្តែអ្វីដែលគួរឱ្យ សោកស្តាយនោះ ភ្នំដែលជាកន្លែង គោរពសក្ការៈពេលនេះត្រូវជនខិល ខូចមួយចំនួនលួចដាប់យកថ្មភ្នំនោះ ចេញយ៉ាងអនាធិបតេយ្យ ធ្វើឱ្យ បាត់បង់អស់កន្លែងគោរពសក្ការៈគួរឱ្យ សោកស្តាយក្រៃលែង ។

តាំងតែពីដើមរៀងមករហូតទល់បច្ចុប្បន្ន បារមីភ្នំត្បែងតែងតែ សម្តែងអភិនីហារមុនពេលហេតុការណ៍ប្លែកៗមុនពេលដែលបានកើតឡើងឱ្យ ប្រជាពលរដ្ឋនៅទីតំបន់នោះបានដឹងជាមុន ហើយមិនដែលខុសពីការចំណាំទុក របស់ពួកគេឡើយ ។ ឧទាហរណ៍ដូចជា មានដុំភ្លើងហោះ ថ្មភ្នំបាក់ទាំងផ្ទាំងៗ ដែលពីអតីតកាលកន្លងមក ក្រោយពេលមានកើតអព្ភូតហេតុនេះ ប្រទេសជាតិ តែងតែកើតមានសង្គ្រាម ឬ កើតកលិយុគ ៘ ឧទាហរណ៍ដូចកាលពីខែ មករា ឆ្នាំ ២០០៨ កន្លងទៅនេះ ស្រាប់តែមានដុំភ្លើងហោះចេញពីពយតាទួន ត្រង់វត្តពើងព្រះគោព្រះកែវលើខ្នងភ្នំនៅវេលាម៉ោង ៦ និង ៣០ នាទីល្ងាច ចូល ទៅបាត់ក្នុងសាលាខេត្តព្រះវិហារ រីឯដុំភ្លើងមួយទៀតបានហោះចេញពីពយតាទួន ដែរ ឆ្ពោះទៅទិសខាងលិចចូលប្រទេសសៀម និង មានថ្មភ្នំបាក់ទាំងផ្ទាំងៗ ធ្វើឱ្យ ប្រជាពលរដ្ឋនាតំបន់នោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ លុះដល់ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០៨ ស្រាប់តែមានទាហានសៀមចូលមកលុកលុយឈ្លានពានតំបន់ ក្បែរប្រាសាទព្រះវិហារតែម្តង រហូតដល់សព្វថ្ងៃនេះនៅតែបង្កភាពស្មុគស្មាញមិន ទាន់ចប់នៅឡើយ ។


លោកតា ស កែវ ឆ្នាំនេះមានអាយុ ៨១ ឆ្នាំ ជាជនជាតិភាគតិចគួយ បាន រំឭករឿងដើមដែលជាអ្នកមានស្រុកកំណើតនៅភ្នំត្បែងនោះបានរៀបរាប់ឱ្យដឹង ថា លោកតាជាអ្នករស់នៅជើងភ្នំត្បែងនេះតាំងពីជីដូនជីតាមក និង បានដឹង រឿងរ៉ាវអាថ៌កំបាំងនៃទសបារមីភ្នំត្បែងនេះតាំងពីនៅក្មេងមកម៉្លេះ ។ លោកតា បានបន្តទៀតថា កាលពីជំនាន់បារាំង និង ខ្មែរឥស្សរៈ ពួកគេពុំដែលហ៊ានធ្វើអ្វី មួយរំលោភបំពានមកលើប្រជាពលរដ្ឋដែលជាអ្នកស្រុកនៅតាមជើងភ្នំត្បែងនេះ ឡើយ តែបើពួកគេហ៊ានរំលោភបំពានវិញ ពួកគេតែង តែស្លាប់ដោយពស់ចឹក ឬខ្លាខាំស៊ីជាក់ជាមិនខាន ដូច ជាស្តេចត្រាញ្ញ់ (មេទ័ព) ដាប ឈួន (ខេត្តសៀមរាប) នៅពេលបារាំង និង កងទ័ពរដ្ឋាភិបាល តាមរុករក ចាប់ខ្លួនយ៉ាងលំបាក ពុំដែលរកឃើញ និង ចាប់ខ្លួន បានឡើយ ពេលដែលគេចខ្លួនឡើងមកពួនសំងំនៅ លើខ្នងភ្នំត្បែង តែដោយសារការអួតអាងថា ខ្លួនមាន តេជៈបារមីខ្លាំងពូកែ ក៏បានធ្វើដំណើរចាកចេញពីខ្នង ភ្នំត្បែង ទើបត្រូវបាត់បង់អាយុជីវិត ។

លុះដល់ខែមករា ឆ្នាំ ១៩៧០ នារដូវប្រាំង ភ្នំនេះ បានបាក់ថ្មទាំងផ្ទាំងៗប៉ុនផ្ទះហ៊ុយទ្រលោមកណ្តាល ថ្ងៃត្រង់ រីឯពេលយប់វិញ គេតែងតែឃើញដុំភ្លើងហោះ ហើរអណ្តែតលើខ្នងភ្នំស្ទើរតែរាល់យប់ មិនយូរប៉ុន្មាន ក៏មានសង្គ្រាមផ្ទុះឡើង បន្ទាប់ពី លន់ ណុល ធ្វើរដ្ឋ ប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ចេញពីមុខ តំណែងព្រះប្រមុខរដ្ឋ ។ ក្រោយមកទៀតនៅរដូវ ច្រូតកាត់ ខែធ្នូ ឆ្នាំ ១៩៧៨ មុនថ្ងៃរំដោះ ៧ មករា ១៩៧៩ គេបានឃើញភ្លើងឆេះព្រៃជុំវិញភ្នំត្បែង ដល់ ពេលយប់មើលទៅហាក់បីដូចជាភ្លើងពណ៌បំភ្លឺលម្អទីក្រុង ។

រយៈពេលជាងកន្លះខែក្រោយមក ក៏មានកងទ័ព រណសិរ្ស និង កងទ័ពវៀតណាមបានវាយចូលមក ប្រទេសកម្ពុជា ផ្តួលរំលំរបប ប៉ុល ពត រំដោះប្រជាពលរដ្ឋនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ។ បន្ទាប់ មកនៅខែឧសភា ឆ្នាំ ១៩៩៧ គេបានឃើញអព្ភូត ហេតុភ្នំត្បែងបាក់ដីហូរ និង បាក់ថ្មប៉ុនៗផ្ទះ ពេល នោះអ្នកស្រុកបាននាំគ្នាគិតថា ប្រហែលជាមាន ហេតុការណ៍អ្វីកើតឡើងហើយ លុះបានប៉ុន្មានខែ ក្រោយមកក៏មានព្រឹត្តិការណ៍ថ្ងៃទី ៥-៦ ខែកក្កដា ឆ្នាំ ១៩៩៨ កើតឡើងម្តងទៀត ។

ដោយឡែកអព្ភូតហេតុនៅក្នុងខែមករា ឆ្នាំ ២០០៨ កន្លងទៅនេះ អ្នកភូមិអូរក្លែងព័រ ភូមិហ្មរសែត និង ភូមិមហាផល បានឃើញភ្នំត្បែងបាក់ទាំងផ្ទាំងមួយ កន្លែងទៀតក្បែរកន្លែងកាលពីមុននោះ ព្រមទាំង ឃើញដុំភ្លើងហោះចេញពីពយតាទួន ដូចបានរៀបរាប់ ខាងលើ តែពុំសូវមានអ្នកចាប់អារម្មណ៍លុះដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៨ ក៏កើតមានហេតុការណ៍ សៀមចូលលុកលុយឈ្លានពានតំបន់ក្បែរប្រាសាទ ព្រះវិហារ និង បង្កជម្លោះតាមព្រំដែន ព្រមទាំងមាន ការប៉ះទង្គិចដោយអាវុធប៉ុន្មានលើកទៀតទាំងព្រឹក ព្រលឹម ធ្វើឱ្យអ្នកភូមិនៅក្បែរៗនោះមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំង ដោយពួកគាត់និយាយរៀបរាប់ថា នៅបណ្តោយដងភ្នំត្បែងដែលមានប្រវែងជាង ៥០ គីឡូម៉ែត្រ នៅព្រឹកនោះមានពពកអ័ព្ទ ហើយនៅខាង ក្រោមមានសត្វនាគពណ៌ទឹកប្រាក់ចាំងផ្លេកៗតាម បណ្តោយជួរភ្នំ ។ នេះជាការអះអាងរបស់ប្រជាពលរដ្ឋតាមបណ្តោយជួរភ្នំនៅទីតំបន់នេះ ។

ស្ត្រីម្នាក់ឈ្មោះ គង់ តារ៉េម មានទីលំនៅភូមិ អូរក្លែងព័រ ដែលបានឃើញហេតុការណ៍នាគហោះ មុនគេ បានស្រែកប្រកូកហៅអស់អ្នកភូមិដែលនៅជិត ខាងក្បែរៗគ្នាឱ្យមកមើលសត្វនាគហោះនោះ គឺម្នាក់ៗ សុទ្ធតែព្រឺក្បាល ព្រឺសម្បុរ និង បះរោមគ្រប់ៗគ្នា ។ ចំណែកលោកតា លោកយាយ មានវ័យចំណាស់មួយ ចំនួនដែលបានឃើញហេតុការណ៍ផ្សេងៗថ្មីៗទៀត នោះ គាត់មិនដឹងថាជាប្រផ្នូលល្អ ឬ អាក្រក់នោះ ទេ ។ រីឯអ្នកស្រុកមួយចំនួនធំរស់នៅតំបន់នោះមាន ជំនឿថា អព្ភូតហេតុបែបនេះគឺពិតជាល្អ នៅពេល ខាងមុខប្រទេសខ្មែរយើងនឹងបាននាំមកនូវមហា ជោគជ័យលើប្រទេសសៀមជាក់ជាមិនខាន ។

ទន្ទឹមនឹងហេតុការណ៍នេះបានកើតឡើងចាស់ៗ ព្រឹទ្ធាចារ្យនៅតំបន់នោះភាគច្រើនបានសំណូមពរដល់ នាម៉ឺន មន្ត្រីខ្មែរនៅក្នុងខេត្តព្រះវិហារទាំងមូលប្រញាប់នាំគ្នាធ្វើដំណើរឡើងទៅកាន់ទីអារាមនៅលើកំពូលភ្នំត្បែងឱ្យព្រះសង្ឃស្រោចទឹកលើករាសីដើម្បី បណ្តេញឧបទ្រពចង្រៃទាំងពួងឱ្យចេញអស់ពីខ្លួន ហើយ ទទួលអំណាចតេជៈ និង សេចក្តីសុខគ្រប់ៗគ្នា ដើម្បី បម្រើ និង ការពារប្រជាពលរដ្ឋទូទៅ ។

លោកតា ស កែវ បញ្ជាក់ថា កាលពី ៧០ ឆ្នាំ មុន បងប្អូនខ្មែរលើជនជាតិភាគតិចដែលរស់នៅតាម បណ្តោយជើងភ្នំត្បែង គឺរស់នៅតាមរបៀបលក្ខណៈ ជាកុលសម្ព័ន្ធ ហើយពួកគេមានជំនឿខ្លាំងណាស់ទៅ លើបារមីភ្នំត្បែងនេះ ទោះបីជាក្នុងយុគសម័យនោះ ខេត្តព្រះវិហារស្ថិតក្រោមអាណានិគមរបស់សៀមក៏ ដោយ ក៏នៅក្នុងពិធីបុណ្យទានម្តងៗ អ្នកស្រុកនៅទី នោះពុំដែលធ្វើតាមអារ្យធម៌សៀមទេ ព្រោះពួកគេ ជាអ្នកកាន់លទ្ធិព្រហ្មញសាសនា គឺគោរពម្ចាស់ទឹក ម្ចាស់ដី ជាពិសេសបារមីភ្នំត្បែងនេះតែម្តង ប៉ុន្តែអ្វី ដែលគួរឱ្យសោកស្តាយនោះនៅភ្នំត្បែងនេះ មាន កន្លែងខ្លះ ត្រូវគេដាប់កាត់យកថ្មផ្ទាំងធំៗដឹកយក ទៅលក់នៅតាមខេត្តនានា និង រាជធានីភ្នំពេញ ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP