សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ទ្វារទឹកស្ទឹងបំណក់ ក្លាយជា រមណីយដ្ឋាន ទេសចរណ៍ នៅខេត្ត ពោធិ៍សាត់


ខេត្តពោធិ៍សាត់ គឺជាខេត្តមួយ ដែលសម្បូរ ទៅដោយ រមណីយដ្ឋាន ធម្មជាតិ និង រមណីយដ្ឋាន ទេសចរណ៍ បែបប្រវត្តិសាស្ត្រ មិនចាញ់ខេត្ត ដទៃទៀតឡើយ ។ រមណីយដ្ឋាន ធម្មជាតិ និង រមណីយដ្ឋាន ប្រវត្តិសាស្ត្រ រួមមាន... រមណីយដ្ឋាន ទឹកធ្លាក់ ច្រកល្អៀង អូរដារ កោះថាស វត្តបាកាន កោះសំពៅ បូជនីយដ្ឋាន ឧកញ៉ា ឃ្លាំង មឿង ៘ ប៉ុន្តែពេលនេះ ទ្វារទឹកស្ទឹងបំណក់ ដែលទើបតែ សាងសង់ថ្មី នៅស្រុកក្រគរ ក៏បានក្លាយទៅជា តំបន់ទេសចរណ៍ថ្មី ទៀត ដែលធ្វើឱ្យ មានទាក់ទាញ យ៉ាង ខ្លាំងនៅ ស្រុកក្រគរ និង ខេត្តពោធិ៍សាត់ នេះទាំងមូល ។

ទ្វារទឹកស្ទឹងបំណក់ ត្រូវបានកសាង ឡើងនៅដើមឆ្នាំ ២០១០ នេះ ដើម្បីស្ទាក់ទឹកទុក សម្រាប់បម្រើឱ្យ វិស័យកសិកម្ម របស់ប្រជាជន នៅក្នុង ខេត្តកំពង់ឆ្នាំង និង ខេត្តពោធិ៍សាត់ ។ ទ្វារទឹកស្ទឹងបំណក់ នេះស្ថិតនៅក្នុង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍ សាត់ ។ បើយើងចង់ ធ្វើដំណើរ ទៅកាន់សំណង់ ទ្វារទឹកស្ទឹងបំណក់ នេះ យើងត្រូវចេញពី ទីប្រជុំជន ស្រុកក្រគរ ឆ្ពោះទៅតាមផ្លូវ ក្រាលក្រួសក្រហម ក្នុងចម្ងាយផ្លូវ ២៨ គីឡូម៉ែត្រ យើងនឹងបានឃើញ សំណង់ទ្វារទឹក ទើបសាងសង់ ថ្មី ដែលមានឮ សូរសន្ធឹកទឹកហូរ និង មានហ្វូង ត្រីចង្វាតូចៗ លោតហក់បញ្ច្រាស ទឹកហូរ ដែលមើលទៅ គួរឱ្យចង់ ទស្សនាក្រៃលែង ។

លោក ថឹម ង៉ុក មេឃុំឈើតុំ បានឱ្យដឹងថា ដំបូងឡើយ លោកមិនបានគិតថា ទ្វារទឹកនេះ មានឥទ្ធិពល ទាក់ទាញ ភ្ញៀវទេសចរ យ៉ាងច្រើន ដូចនេះឡើយ ពោលគឺ យើងគ្រាន់តែ គិតថាវាមាន ផលប្រយោជន៍ ធំៗចំនួនពីរ ប៉ុណ្ណោះ ទីមួយ គឺជាស្ពាន ដែលតភ្ជាប់ជីវភាព និង ការរស់នៅរបស់ ប្រជាពលរដ្ឋ នៅត្រើយនៃ ស្ទឹងម្ខាង ទៅត្រើយម្ខាងទៀត ដែលទីនេះ ពីមុនមកពុំដែល មានស្ពានល្អ ដូចនេះឡើយ ហើយស្ពាននេះ ជាការតភ្ជាប់ ប្រព័ន្ធគមនាគមន៍ មួយយ៉ាងល្អ ប្រសើរក្នុងការ ធ្វើដំណើរ និង ការដឹកកសិផល ផ្សេងៗរបស់ ប្រជាពលរដ្ឋ នៅតាមបណ្តា ភូមិនានាទៅកាន់ ទីប្រជុំជន ។ ចំណុចទីពីរ លោកគិតថា វាជាប្រព័ន្ធ ស្ទាក់ទឹកមួយ យ៉ាងសំខាន់ ដែលបានរួមចំណែក យ៉ាងច្រើនក្នុងការ បម្រើឱ្យ វិស័យកសិកម្ម ពិសេសបម្រើ ការងារ ស្រោចស្រពដីស្រែ ដែលធ្វើឱ្យតំបន់ នៅជុំវិញស្ទឹងនោះ អាចធ្វើស្រែ បានពីរ ទៅបីដង ក្នុងមួយឆ្នាំ ប៉ុន្តែចំណុច ដែលលោកក៏ដូចជា មន្ត្រីផ្សេងៗ មិននឹកដល់នោះ គឺសំណង់ថ្មីនេះ បានក្លាយទៅជា រមណីយដ្ឋាន ទេសចរណ៍ យ៉ាងថ្មីសន្លាង ដែលធ្វើឱ្យ ប្រជាពលរដ្ឋ រាប់រយពាន់នាក់ ងាកមកចាប់ អារម្មណ៍ទស្សនា និង ងូតទឹក កម្សាន្តនៅទីនេះ ។ នៅថ្ងៃអនាគត ប្រជាពលរដ្ឋ ដែលរស់នៅតំបន់នេះ នឹងរកចំណូលបាន បន្ថែមទៀត តាមរយៈការ លក់ដូរនំចំណី និង អាហារផ្សេងៗ ឱ្យភ្ញៀវទេសចរ ដែល មកទស្សនា និង ងូតទឹកលេង នៅសំណង់ថ្មីនេះ ។ លោកមានសេចក្តី រីករាយណាស់ ដោយសារ សំណង់ថ្មីមួយ ដែលលេចជារូបរាង យ៉ាងស្រស់ត្រកាលនេះ បានផ្តល់អត្ថប្រយោជន៍ យ៉ាងសំខាន់សម្រាប់ ប្រជាពលរដ្ឋនៅក្នុង ឃុំរបស់លោក ។

ប្រសិនបើយើង ចេញពីសំណង់ថ្មីនេះ បានប្រមាណជា ៥ គីឡូម៉ែត្រនោះ យើងនឹងបានឃើញ ប្រព័ន្ធប្រឡាយ ស្រោចស្រព បែកជាបី ដែលខ្លះធ្វើ រួចរាល់ហើយ និង ខ្លះទៀតកំពុងធ្វើ ។ ប្រឡាយទីមួយ កសាងទៅកាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ប្រឡាយទីពីរ ធ្វើកាត់ឃុំឈើតុំ និង ប្រឡាយទីបី ធ្វើសំដៅទៅកាន់ ឃុំព្រៃស ក្នុងស្រុកក្រគរដែរ ។ ក្រៅពីនេះ នៅមានសំណង់ ប្រព័ន្ធធារាសាស្ត្រ តូចៗ ជាច្រើនទៀត រាប់មិនអស់ត្រូវបាន រដ្ឋាភិបាលសាងសង់ ឡើងដើម្បី បម្រើការងារ ស្រោចស្រព ដីស្រែរបស់ប្រជាជន នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ និង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។



ស្ទឹងបំណក់នេះ មានប្រភពទឹកហូរ មកមួយផ្នែក ពីភ្នំល្អៀង មួយផ្នែក ពីភ្នំយោក និង មួយផ្នែកទៀត ពីភ្នំបំណក់ ដែលនៅជិតនេះឯង ហើយវាបាននាំ ទឹកហូរកាត់ ទៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង រួចបន្តហូរធ្លាក់ ទៅក្នុង បឹងទន្លេសាប ។

លោក ញ៉ូ សុង ប្រធានមន្ទីរ ទេសចរណ៍ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា លោកមានសេច ក្តីរីករាយណាស់ ដោយសំណង់ទ្វារទឹកថ្មី មួយនេះបានចូលរួម យ៉ាងសំខាន់ដើម្បី បម្រើការកម្សាន្តរបស់ ភ្ញៀវទេសចរជាតិ និង ភ្ញៀវទេសចរបរទេស ដែលបាន មកទស្សនានៅ ខេត្តពោធិ៍សាត់ ។

សព្វថ្ងៃនេះ សំណង់ថ្មីមួយនេះ មានប្រជាពលរដ្ឋ រាប់រយនាក់ទៅទស្សនា កម្សាន្ត និង ងូតទឹកលេងយ៉ាង សប្បាយរីករាយ នាថ្ងៃរៀងរាល់ ចុងសប្តាហ៍ ឬ ថ្ងៃ បុណ្យទានផ្សេងៗ ពិសេសថ្ងៃ បុណ្យភ្ជុំបិណ្ឌ កន្លងទៅនេះ មានភ្ញៀវទេសចរជាតិ រាប់ពាន់ នាក់ នាំគ្នាមកកម្សាន្ត និង ងូតទឹកលេង ពីព្រោះពួកគេ មកទស្សនានៅទីនេះ ក្រៅពីងូតទឹកលេង ពួកគាត់បានឃើញ ទេសភាពដ៏ស្រស់ ត្រកាល នៃកំពូលភ្នំបំណក់ យ៉ាងស្រស់ត្រកាល ដែលគេកម្ររកអ្វី មកប្រដូចឱ្យសម នឹងទីនេះណាស់ ។ នៅ ចម្ងាយប្រមាណ ជាង ១០០ ម៉ែត្រ ពីសំណង់ទ្វារទឹកនេះ មានស្ពានផ្លូវរថភ្លើង មួយទៀត ដែលគេឧស្សាហ៍ ឃើញមាន ភ្ញៀវទេសចរ យ៉ាងច្រើនទៅគយគន់ ខ្សែទឹកហូរ យ៉ាងខ្មួលខ្មាញ់ ជាពិសេសនៅទីនេះ ក៏ជាកន្លែងអង្គុយ សាសងគ្នារបស់ គូស្នេហ៍ វ័យក្មេង ដែលធ្វើឱ្យពួកគេ រឹតតែស្និទ្ធស្នាល នឹងគ្នាថែមទៀត ។

នៅតាមច្រាំងស្ទឹង ក្បែរសំណង់ ទ្វារទឹកបំណក់នេះ មានរៀបជាកំពែងថ្ម មានរាងទេរ ចូលទៅបាតស្ទឹង ដែលកន្លែងច្រាំង នេះហើយដែលជា កន្លែងភ្ញៀវទេសចរ នាំគ្នាអង្គុយលម្ហែកាយ និង អ្នកខ្លះអង្គុយ ស្ទូចត្រីលេងយ៉ាង សប្បាយរីករាយ ។ រីឯពួក ក្មេងៗដែល ធ្លាប់រស់នៅតាម ដងស្ទឹង តាមដងទន្លេ ដែលចេះ ហែលទឹកវិញ គេបាននាំគ្នាងូតទឹក លោតដាំដូងក្នុង ទឹកស្ទឹងយ៉ាង សប្បាយរីករាយ ឥតឧបមា ។ទោះបីទីនេះ មានភ្ញៀវទេសចរ មកកម្សាន្តយ៉ាងច្រើនក្តី ក៏គេនៅមិនទាន់ ឃើញមានកន្លែង លក់ដូរច្រើនប៉ុន្មានឡើយ ពីព្រោះទីនេះជា តំបន់ទេសចរណ៍ ដែលទើបនឹង កកើតថ្មីៗ ហើយគេសង្ឃឹមថា នៅថ្ងៃអនាគត ដ៏ខ្លីខាងមុខនេះ តំបន់ ទ្វារទឹកនៃ ស្ពានបំណក់ នឹងមានការទាក់ទាញ ភ្ញៀវទេសចរ កាន់តែច្រើនឡើងៗ ហើយគេក៏សង្ឃឹមដែរថា នឹងមានសេវាកម្ម ផ្សេងៗទៀត យ៉ាងល្អដើម្បីបម្រើ ភ្ញៀវទេសចរ ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP