សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ប្រាសាទបន្ទាយគុក រងការខូចខាតស្ទើរទាំងស្រុង


ប្រាសាទ បុរាណមួយ ដែលត្រូវរង នូវការខូចខាត ទ្រុឌទ្រោម ស្ទើរតែទាំងស្រុង ដោយសារសង្គ្រាម និងពួកឈ្មួញ ទមិឡ ឥតសាសនា គាស់ទន្ទ្រានរុករក វត្ថុបុរាណ ឥតឈប់ឈរនោះ ធ្វើឱ្យប្រាង្គប្រាសាទ ស្ទើរទាំងស្រុង រងនូវការដួលរលំ ជាពិសេស... ទៅទៀតនោះ ក្បាច់រចនានានា ដែលបុព្វបុរស ដូនតាខ្មែរយើង បានបន្សល់ទុក ជាកេរដំណែល សម្រាប់គោរពបូជា និង ជាការឧទ្ទិសដល់ ដួងវិញ្ញាណក្ខន្ធ នៃបុព្វបុរស ដូនតាខ្មែរ ត្រូវរលាយ បាត់អស់ ។

អ្វីៗដែលគួរឱ្យ សោកស្តាយនោះ ព្រលឹងដូនតា បានត្រូវ ជនអន្ធពាល ល្មោភនឹងប្រាក់ បានជីកកកាយ ធ្វើឱ្យបាក់ប្រាសាទ ព្រមទាំងដាប់យក រូបចម្លាក់ផ្សេងៗ ដែលជាស្ថាបត្យកម្ម ដ៏ប្រណីតពុំអាច កាត់ថ្លៃបាននោះ បែរជាត្រូវ បំផ្លាញដោយ ស្នាដៃ ក្រុមឈ្មួញទុច្ចរិត ទៅវិញ ។ ទាំងនេះ ក៏សបញ្ជាក់ ឱ្យឃើញថា ដោយសារតែ ប្រទេសកម្ពុជា យើងជួបនូវ វិបត្តិសង្គ្រាម រ៉ាំរ៉ៃ រាប់ទសវត្សរ៍ ទើបបណ្តាលឱ្យ ប្រាសាទមួយនេះ ក៏ដូចជាប្រាសាទ មួយចំនួនទៀត ជួបនូវគ្រោះ មហន្តរាយ និង ជាឱកាស សម្រាប់ពួក ស្រឡាញ់ទឹកប្រាក់ គុបគិតជាមួយ ប្រទេសជិតខាង ជ្រុលនិយម ដែលជាឈ្មួញ ក្នុងគោលបំណង បំផ្លាញឱ្យអស់រាល់ ប្រាង្គប្រាសាទ វត្ថុមានតម្លៃ សិលាចារឹក ដែលជាព័ស្តុតាង សម្រាប់កូនខ្មែរ ជំនាន់ក្រោយ មិនឱ្យស្គាល់ អំពីវប្បធម៌ អរិយធម៌ ដ៏ត្រចះត្រចង់ នៃសម័យកាល ដ៏យូរលង់ របស់បុព្វបុរស ដូនតាខ្មែរ សម័យមុន ។


បើតាមការឱ្យដឹង របស់មន្ត្រីវប្បធម៌ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ប្រាសាទបន្ទាយគុក ឬ ប្រាសាទគុកនេះ គឺកសាងឡើង អំពីថ្មបាយក្រៀម និង ថ្មភក់ ជារចនាបថ សម្បូណ៌ព្រៃគុហ៍ ហើយប្រាសាទនេះ កសាងឡើងដើម្បី ឧទ្ទិសដល់ទេវរូប និង ដួងវិញ្ញាណ ព្រះមហាក្សត្រ ដែលជាស្តេចបាន ធ្វើចម្បាំងឈ្នះ អស់សត្រូវមារ ទាំងពួង ។ ប្រាសាទបន្ទាយគុក នេះមានទីតាំង ស្ថិតនៅភូមិចម្ការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានចម្ងាយពី ព្រំប្រទល់ ប្រទេសសៀម ២ គីឡូ ម៉ែត្រ មានចម្ងាយពីទីរួម ខេត្តបន្ទាយមានជ័យ ប្រមាណជា ៤៥ គីឡូម៉ែត្រ ពោលគឺយើង ធ្វើដំណើរកាត់ តាមផ្លូវជាតិលេខ ៦៩ A ឆ្ពោះទៅទីរួម ស្រុកស្វាយចេក បន្ទាប់មកទៀត យើងធ្វើដំណើរ បន្តកាត់ភូមិចម្ការគ ពេលនោះ យើងនឹងបានឃើញ ប្រាសាទមួយ ដែលកំពុងលាក់ខ្លួន ពួនអាត្មា នៅជ្រកក្រោម កណ្តាលទ្រូងព្រៃ គួរឱ្យអាណិតអាសូរ យ៉ាងពន់ពេក ព្រោះប្រាសាទនេះ នៅដាច់ស្រយាល ពីទីប្រជុំជន ធ្វើឱ្យក្រុមទមិឡ មានឱកាស ជីកកកាយរុករក វត្ថុបុរាណ មានតម្លៃផ្សេងៗ នៅក្នុងតួ ប្រាសាទ គ្មានសេសសល់ ។

តាំងពីឆ្នាំ ២០០២ ប្រជាពលរដ្ឋខ្មែរយើង បានទៅសង់ លំនៅស្ថាន នៅក្បែរប្រាសាទ ព្រមទាំងបាន កាប់ឆ្ការព្រៃវល្លិ ដែលរុំព័ទ្ធជុំវិញ ប្រាសាទ ក៏បានប្រទះឃើញ ខ្នោះជើងបុរាណ ដែលបុព្វដូនតាយើង បានបន្សល់ទុក ក្នុងបាតប្រាសាទ ទើបអ្នកស្រុក នៅក្បែរប្រាសាទនេះ ដាក់នាមឱ្យ ប្រាសាទនេះ ថាជា “ប្រាសាទបន្ទាយគុក” ឬ “ប្រាសាទគុក” តមកដល់ សព្វថ្ងៃនេះ ។

លោក អុំ សារួន អនុប្រធាន មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នក យកព័ត៌មានថា ប្រាសាទបន្ទាយគុក ឬ ប្រាសាទគុក កសាងឡើងនា រជ្ជកាល ព្រះបាទជយវរ្ម័នទី ៧ ដើមឆ្នាំ ១១៨១ នៃគ.ស. ដែលធ្វើអំពី ថ្មបាយក្រៀម មានទំហំ ៧០០ x ៣០០ ម៉ែត្រ ប៉ុន្តែសព្វថ្ងៃនេះ ដួលរលំស្ទើរ ទាំងស្រុង ព្រោះប្រាសាទនេះ នៅឆ្ងាយពីទីប្រជុំជន ជាពិសេសទៅទៀតនោះ ជាអតីតសមរភូមិ ប្រយុទ្ធគ្នារវាង កងទ័ពរដ្ឋកម្ពុជា និង ពួកទ័ពព្រៃ ខ្មែរក្រហម ។


លោកអនុប្រធាន មន្ទីរបានឱ្យដឹង ទៀតថា ចំពោះឈ្មោះ ប្រាសាទបន្ទាយគុក នេះ គឺខ្ញុំសន្មតតាម ប្រជាពលរដ្ឋ ហៅតែប៉ុណ្ណោះ “ចំពោះឈ្មោះដើម នៅពុំទាន់ ស្រាវជ្រាវរក ឈ្មោះប្រាសាទនេះ ឃើញនៅឡើយទេ” ។ លើសពីនេះ ទៅទៀតនោះ លោកអនុប្រធាន មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ បានបន្ថែមទៀតថា នៅ ខេត្តបន្ទាយមានជ័យ ថ្វីដ្បិតជាខេត្ត មានព្រំប្រទល់ជាប់ នឹងប្រទេសសៀម ក៏ពិតមែន ប៉ុន្តែសក្តានុពល ផ្នែកវិស័យ ទេសចរណ៍របស់ ប្រាសាទគុកនេះ មានការទាក់ទាញ ភ្ញៀវ ទេសចរ នៅក្នុងខេត្តនេះ បានច្រើនគ្រាន់បើដែរ មិនចាញ់ ប្រាសាទផ្សេងៗ ឡើយ ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP