សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ប្រាសាទរបើកស្វាយ


នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃនៃជួរភ្នំ ដងរែកមានប្រាសាទបុរាណជាច្រើន ដែល ប្រាសាទបុរាណភាគច្រើនទទួល រងនូវការខូចខាតយ៉ាងដំណំ ហើយប្រាសាទបុរាណខ្លះរងការ ខូចខាតទាំងស្រុងក៏មាន ។ ប្រាសាទរបើកស្វាយ ជាប្រាសាទទោលស្ថិតនៅតំបន់ព្រំដែននៃ ជួរភ្នំដងរែកព្រំដែនខ្មែរ-ថៃ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយនោះ ប្រាសាទបុរាណមួយនេះទទួលរងនូវការបំផ្លិចបំផ្លាញនៅពេលស្រុកមានសង្គ្រាមស្ទើរតែគ្មានសល់អ្វីទាំងអស់ ។



ប្រាសាទរបើកស្វាយស្ថិតនៅក្នុងភូមិរបើកស្វាយ ឃុំស្វាយចេក ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ ។ កាលពី សម័យសង្គ្រាមប្រាសាទរបើកស្វាយ ស្ថិតក្រោមការគ្រប់គ្រងរបស់អតីតខ្មែរក្រហម ហើយទីតាំងប្រាសាទនេះក៏ ស្ថិតនៅលើសមរភូមិប្រយុទ្ធរវាងកងទ័ពរដ្ឋាភិបាលកម្ពុជា និង ភាគីម្ខាងទៀត ដែលនៅក្នុងព្រៃ ជាហេតុធ្វើឱ្យ ប្រាសាទនេះទទួលការខូចខាតស្ទើរតែទាំង ស្រុង និង ម៉្យាងទៀតជនឆ្លៀតឱកាសក៏បានជីកកកាយតួប្រាសាទ និង បរិវេណប្រាសាដើម្បីរុករកវត្ថុបុរាណនានាយកទៅលក់ឱ្យពួកឈ្មួញដែលនាំចូល ប្រទេសថៃ ទើបធ្វើឱ្យប្រាសាទ នេះខូចខាតស្ទើរតែបាត់ស្រមោលពីផែនទី ។ សព្វថ្ងៃនេះទោះបីស្រុកយើងមានសន្តិភាពទៅហើយក្តី ក៏ប្រាសាទ បុរាណដែលស្ថិតនៅក្បែរបន្ទាត់ព្រំដែនខ្មែរ-ថៃមួយនេះនៅតែទទួលនូវការគំរាមកំហែង ដដែល ពោលគឺប្រាសាទ នេះនៅតែឯកោខ្វះការថែទាំដដែល ។ នៅក្នុងបរិវេណប្រាសាទ យើងបានឃើញមានស្លាកស្នាមនៃការជីកកកាយ ចាស់ៗរបស់មនុស្សមួយចំនួនដែលខ្វះការពិចារណា ដើម្បីរុករកវត្ថុបុរាណយកទៅលក់ឱ្យ ឈ្មួញ ហើយនៅកន្លែងខ្លះ យើងឃើញមានស្នាមគាស់កកាយថ្មីស្រស់ៗនៅឡើយ ។ នៅជុំវិញបរិវេណប្រាសាទរបើកស្វាយ យើងបាន ឃើញប្រជាជនយើងបាននាំគ្នាកាប់ ឆ្ការព្រៃស្ទើរតែដល់តួប្រាសាទដើម្បីធ្វើចម្ការដាំដំឡូងមី ។ តាមទិដ្ឋភាព ជាក់ស្តែងដែលអ្នកយកព័ត៌មានយើងបានទៅដល់នោះ ប្រាសាទរបើកស្វាយហាក់បីដូចជាគ្មានការថែ ទាំ ឬ ការអភិវឌ្ឍអ្វីឡើយពោលទុកចោលឱ្យនៅឯកោយ៉ាងកណ្តោចកណ្តែងគួរឱ្យ សង្វេគក្រៃលែង ។ ប្រាសាទរបើក ស្វាយជាប្រាសាទទោល ដែលតួប្រាសាទប្រហាក់ ប្រហែលនឹងតួប្រាសាទនានានៅប្រាសាទសម្បូរព្រៃគុហ៍ដែរ ។ ប្រាសាទរបើកស្វាយ មានទំហំ ៣ ម៉ែត្រ គុណនឹង ៣ ម៉ែត្រ ព័ទ្ធជុំវិញកំពែង មានបណ្តោយ ៧០០ ម៉ែត្រ ទទឹង ៣០០ ម៉ែត្រ ។

លោក ស៊ីវ សារួន អនុប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តបន្ទាយមាន ជ័យបានឱ្យដឹងថា ប្រាសាទរបើកស្វាយ កសាងក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី ៧ នាដើមសតវត្សរ៍ទី ១២ និង ចុងសតវត្សរ៍ទី ១៣ ធ្វើឡើងអំពីឥដ្ឋ និង ថ្មភក់ ។



អ្វីដែលគួរឱ្យសោកស្តាយនោះ គឺប្រាង្គប្រាសាទ និង ខឿនគ្រឹះនៃប្រាសាទ ត្រូវបានពួកឈ្មួញលួចជីកកកាយគាស់ រំលើងគ្មានសល់អ្វីដែលគួរឱ្យកត់សម្គាល់ ទៀតទេ ប៉ុន្តែថ្វីបើប្រាសាទនេះត្រូវរងគ្រោះដោយស្នាដៃពួកទមិឡយ៉ាងនេះ ក៏ដោយអ្វីដែលនៅសេសសល់គឺយើងត្រូវតែថែរក្សា និង អភិរក្សប្រាសាទនេះ ឱ្យបានល្អ ដើម្បីឱ្យភ្ញៀវជាតិ និង អន្តរជាតិចូលទៅទស្សនាកម្សាន្ត ព្រោះនេះ ជាប្រាសាទបុរាណដែលមានអាយុកាលប្រហាក់ប្រហែលនឹងប្រាសាទអង្គរ ដែរ ។ លោកអនុប្រធានមន្ទីរបានបន្តទៀតថា នៅភូមិភាគខាងលិចនៃប្រទេស កម្ពុជាយើងនេះ ប្រាង្គប្រាសាទរាប់សិបទៀត ដែលនៅពុំទាន់រកឃើញ ព្រោះ កន្លែងខ្លះក្រុមការងារយើងខ្ញុំចូលទៅមិនបាន ដោយសារស្ថានភាពព្រំដែននៅ មិនទាន់ដោះមីននៅឡើយ ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP