សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ភ្ញៀវកូនកំលោះ​កូន​ក្រមុំវាយតប់គ្នាផ្អើល​រោងការនៅអូររាំងឪ


ខេត្ត​កំពង់ចាម ៖ ក្នុង​ពិធី​​មង្គល​ការ​មួយ​កាល​ពី​ថ្ងៃ​ទី​២៣ មករា ​នៅ​ភូមិ​ថ្មី​ ឃុំ​គង​ជ័យ ស្រុក​អូរ​រាំង​ឪ ​ខណៈ​​កំពុង​រៀប​ចំ​កាត់​នំ​​អាពាហ៍​ពិពាហ៍​នា​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់ ​ស្រាប់​តែ​ភ្ញៀវ​ដែល​​ចូល​រួម​​បាន​​ឈ្លោះ​ដេញ​វាយ​តប់​គ្នា​ផ្អើល​ពេញ​រោង ​ការ​ បណ្តាល​ឱ្យ​​បុរស​ម្នាក់រង​របួស​ក្បាល​រយះ​ហូរ​ឈាម​ដេរ​ចំនួន​៦ថ្នេរ ហើយ​ក្រោម​កិច្ច​អន្តរា​គមកន៍​របស់​កំលាំង​​​ប៉ុស្តិ៍​​រដ្ឋ​បាល​ឃុំ​គង​ជ័យ ក៏​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​៤​នាក់ បញ្ចូន​មក​កាន់​​​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត ។ ​​ទោះ​បីជា​យ៉ាង​ណា​ ជម្លោះ​នោះ​មិន​បាន​​​រំខាន​សេច​ក្តី​សុខ​របស់​​កូន​​កំលោះ និង​កូន​ក្រមុំ​ទេ ខណៈ​ក្រុម​ជម្លោះ​ត្រូវ​ដេក​ឱ្យ​​មូស​​ខាំ​នៅ​ប៉ុស្តិ៍​ប៉ូលិស ។

តាម​លោក​អនុ​សេនីយ៍​​ឯក ញ៉ែម សុខុម អធិ​ការ​នគរ​បាល​ស្រុក​អូរ​រាំង​ឪ បាន​ឱ្យ​ដឹង​ថា ​ជន​​ចំនួន​​​៤​នាក់​ដែល​ត្រូវ​​​ឃាត់​ខ្លួន​នោះ​រួម​មាន ១-ឈ្មោះ​​ជិន សារ៉ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់​នៅ​​ភូមិ​តាទប់ ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេ​មត់ ២-ឈ្មោះ​​ហួរ ជិន​ហេង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់​នៅ​​ភូមិ​ការ៉ាស ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ៣-ឈ្មោះ​​ហេង សំអាត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់​នៅ​ភូមិអូរ​រាម ឃុំ​ស្រែ​ខ្ទុំ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គីរី និង៤-​ឈ្មោះ​ហួរ ឡៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​​ម៉ាស៊ីន​ទឹក ឃុំតា​មូង ស្រុក​មេ​មត់ ។

លោក​អធិ​ការ​​បាន​បន្ត​ថា មុន​​មាន​ពិធី​​កាត់​នំ​​អាពាហ៍​ពិពាហ៍​ ពិធី​ករ​បាន​ប្រកាស​តាម​មីក្រូ​​​ឱ្យ​ភ្ញៀវ​ដែល​​​មក​ចូល​រួម​​​រៀប​ចំ​ កន្លែង​ឱ្យ​បាន​​ត្រឹម​ត្រូវ​ ដើម្បី​​អប​អរ​សាទរ​ដល់​គូ​ស្វាមី​ភរិយា​​ថ្មី​​ខណៈ​នោះ​ស្រាប់​តែ​មាន​ ជម្លោះ​កើត​ឡើង​បង្ក​​ភាព​រញ៉េ​រញ៉ៃដោយ​ភ្ញៀវ​ដេញ​វាយ​តប់​គ្នា​​ផ្អើល​ពេញ​ រោង​ការ ។ នៅ​ក្នុង​ហេតុ​ការណ៍​នេះ ​បណ្តាល​ឱ្យ​បុរស​ម្នាក់​​ឈ្មោះ​រ៉េន ផារី អាយុ​៣៣​ឆ្នាំ ​រស់​នៅ​ភូមិ​ថ្មី ឃុំ​គង​ជ័យ ស្រុក​អូររាំង​ឪ រង​របួស​រយះ​ក្បាល​ដេរ​ចំនួន​៦​ថ្នេរ ។ ក្រោម​កិច្ច​អន្តរា​គមន៍​របស់​កំលាំង​ប៉ុស្តិ៍​រដ្ឋ​បាល​​ឃុំ​គង​ជ័យ ទាន់​ពេលវេលា​​ក៏​​ចាប់​បាន​ជន​សង្ស័យ​ចំនួន​៤​នាក់ បញ្ជូន​មក​​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត ហើយ​ពិធី​កាត់​នំ​មិន​បាន​អាក់​ខាន​នោះ​ទេ ​គឺ​បាន​ដំណើរ​ការ​ទៅ​មុខ​ទៀត​ទាល់​តែ​ចប់​កម្ម​វិធី​ ។

អ្នករងគ្រោះឈ្មោះ​រ៉េន ផារី បាន​បំភ្លឺ​​ប្រាប់​ថា ​​នៅ​ពេល​ពិធីករ​​ប្រកាស​ឱ្យ​ភ្ញៀវ​ទាំង​អស់​ថយ​ចេញ​ពីតុកាត់នំចំនួន២០ជំហាន ស្រាប់តែ​ភ្ញៀវ​ខាង​កូន​កំលោះបាន​ស្រែក​ជេរ​ប្រមាថ​ពិធីករថា «ថយ​ក្រោយ​២០​ជំហាន ម៉ែអ្ហែងអី!» និងខ្លះ​ទៀត​​ស្រែក​ថា បើថយក្រោយ២០ជំហាន នឹង​ដល់​របងផ្ទះគេហើយ។ ខណៈ​ស្តាប់ឮ​បែប​​នេះ​ខ្លួន​​ក៏បានដើរទៅប្រាប់​ថា បើគេនិយាយ​ខុស​តិច​តួច​កុំប្រកែប្រកាន់អី ព្រោះសុទ្ធតែគ្នា​យើង​ទេ រំពេចនោះស្រាប់តែភ្ញៀវខាង​កូន​កំលោះ​បាន​ស្រែក​ជេរ​ខ្លួន​ ហើយ​ខ្លួន​ក៏​ដើរទៅសួរនាំថា «គ្រាន់​តែ​ខ្ញុំនិយាយបែបនេះ ហេតុអ្វីបានជាជេរ​ម្រ៉ាយ​ខ្ញុំ» ។ បន្ទាប់​មក​ស្រាប់តែក្រុម​នោះបាន​ស្ទុះ​មក​វាយ​ខ្លួន​​យ៉ាង​ចាស់ដៃ បណ្តាលឲ្យរង​របួស​​​រយះ​ក្បាលហូរ​ឈាម​ដេរ៦ថ្នេរ ​ដែល​ករណី​នេះ​ខ្លួន​ប្តឹង​ទារ​​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០០​ដុល្លារ និង​ឲ្យ​ចាត់ការតាមច្បាប់។

ឯ​ជនសង្ស័យឈ្មោះ​ហួរ ឡៃ បានឆ្លើយ​​​ថា ​ខ្លួន​មក​ពីស្រុកមេមត់មក​ការ​បង​ប្អូននៅភូមិថ្មី ឃុំគង​ជ័យ ដោយមានគ្នាចំនួន៦នាក់ ក្នុង​នោះ​ស្រី្ត២​នាក់។ នៅ​វេលា​ម៉ោង​ជាង៧យប់ ​ខណៈ​​កំពុង​អង្គុយ​​ផឹកនៅក្នុងរោងការ ស្រាប់តែមាន​មនុស្ស​ម្នាក់មិនស្គាល់ឈ្មោះ​មកលើក​យក​ស្រា​​​បៀរ​ចំនួន​៥​ កំប៉ុងពីតុរបស់​ខ្លួន​​ ដែល​ឃើញបែប​នេះ​ខ្លួន​​ក៏​តាមទៅសុំយកមកវិញ ប៉ុន្តែ​ដើរបាន​ប្រហែល​​២០​​ម៉ែត្រប៉ុណ្ណោះ ស្រាប់តែមាន​មនុស្ស​​ប្រហែល​​​ជិត​១០​នាក់មកព្រួតវាយ​ខ្លួន​​ ហើយ​ត្រូវ​បានមិត្តភក្តិស្ទុះមក​ជួយ​ឃាត់ និង​​ប្រវាយ​​ប្រតប់​គ្នាផ្អើលពេញរោងការតែម្តង លុះ​បន្តិច​ក្រោយ​មក​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​​ខ្លួន​​តែ​​ម្តង។ លោក​រី ប៉ូ មន្រ្តីនគរបាលព្រហ្មទណ្ឌកំរិត​ស្រាល​ខេត្ត បាន​ឱ្យ​ដឹង​តាមទូរស័ព្ទ​ថា ជន​សង្ស័យ​ទាំង៤នាក់​ខាងលើនេះ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូងខេត្ត៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP