សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ប៉ូលិស​ព្រហ្ម​​​ទណ្ឌ​ខេត្ត​​ឃាត់​​ខ្លួន​ជន​​ទំនើង​បង្ក​ការ​អុក​ឡុក​ពេល​បុណ្យ​​ទាន


ខេត្ត​កំពង់​ស្ពឺ ៖ ប៉ូលិស​ការិយា​ល័យ​កណ្តាល​​នគរ​បាល​ព្រហ្ម​ទណ្ឌ​ខេត្ត ​កាល​ពី​ថ្ងៃ​ទី​២៣ មករា កន្លង​ទៅ​នេះ បាន​ឃាត់​ខ្លួន​ជន​​​ទំនើង​ចំនួន​៥​នាក់ នៅ​កន្លែង​ផ្សេង​ៗ​គ្នា​​ដែល​​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា​ ។ មន្ត្រី​ប៉ូលិស​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​នៃ​ការិយា​ល័យ​កណ្តាល​នគរ​បាល​ ព្រហ្ម​ទណ្ឌ​​​បាន​ឱ្យ​ដឹង​ថា ប៉ូលិស​តាម​ស្រុក​បាន​ធ្វើ​ការ​ល្បាត​​គ្រប់​ពេល​​មាន​បុណ្យ​ទាន​ ហើយ​តែ​តែ​ចាប់​ឃាត់​ខ្លួន​​​ជន​ពាល​ទំនើង​​ដែល​បង្ក​ការ​អុក​ឡុក​ធ្វើ​​​ ឱ្យ​​បាត់​បង់​សណ្តាប់​ធ្នាប់​​សាធារណៈ​ និង​បង្ក​ការ​ភ័យ​ខ្លាច ។ ជាក់​ស្តែង​នៅ​ស្រុក​ឧដុង្គ ​ជន​ទំនើង​​ចំនួន​ពីរ​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​​ ហើយ​នៅ​ស្រុក​ភ្នំ​ស្រួច ពីរ​នាក់​​​ និង​នៅ​​​ស្រុក​គង​ពិសី​ម្នាក់​ ។ ជន​​ទំនើង​ទាំង​​៥​នាក់​នេះ សុទ្ធ​តែ​បង្ក​ការ​​អុក​ឡុក​ក្នុង​ពិធី​បុណ្យ​​ដារ​លាន​​ដោយ​​ប្រើ​វិធី​ផឹក ​ស្រា​ស្រវឹង ហើយ​ផ្តើម​​អុក​ឡុក​​ធ្វើ​ឱ្យ​ផ្អើល​មហា​ជន​ក្នុង​ពិធី​បុណ្យ ។

ជន​ទាំង​៥​នាក់​នេះ ១-ឈ្មោះ​​សឿន ថុល ភេទ​ប្រុស អាយុ​​២២​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ២-ឈ្មោះ​អុន សល់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ​នៅភូមិ​ខ្សាច់​ពូន ឃុំ​ដំណាក់​រាំង ​ស្រុក​ឧដុង្គ ៣-ឈ្មោះ​​ម៉ាក់ រុំ ភេទ​ប្រុស នៅ​ភូមិ​ក្រាំង​ពន្លៃ ​ឃុំ​គីរី​​វ័ន ស្រុក​ភ្នំ​ស្រួច ៤-ឈ្មោះ​ម៉ាន កៃ​ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ទី​៦ ចំការ​ចេក ឃុំ​​​​​ត្រែង​​ត្រយឹង ស្រុក​ភ្នំ​ស្រួច ​និង​៥-ឈ្មោះ​​លូន សុខ​ហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​បាក់​.ក ឃុំ​ព្រៃ​ញាតិ ស្រុក​គង​ពិសី ។ ​

អ្នក​ទាំង​​៥​នាក់ ​បាន​សារ​ភាព​ប្រាប់​សមត្ថ​កិច្ច​ថា ដោយ​ការ​សប្បាយ​​ផឹក​ស្រា​​ច្រើន​​ក៏​នឹក​ឃើញ​រឿង​សង​សឹក​​​គូ​បដិ​បក្ស​កាល ​ពី​ឆ្នាំ​មុន​​ដែល​​​នៅ​រដូវ​បុណ្យ​កឋិន​​ត្រូវ​គេ​វាយ​បែក​​ក្បាល​ ឥឡូវ​​ជួប​គ្នា​ ក៏​សង​សឹក​​វាយ​ឱ្យ​បែក​ក្បាល​វិញ​ដែរ ។ ​ជន​ឈ្មោះ​​លួន ​សុខ​ហេង បាន​និយាយ​ថា ខ្លួនស្រវឹង​ខ្លាំង​​ពេល​បុណ្យ​ដារ​លាន​នោះ​ ហើយ​ដោយ​​គ្មាន​គូ​ប្រជែង​វ៉ាយ​គ្នា​ក៏​យក​ដំបង​វាយ​របង​ផ្ទះ​គេ ​​បណ្តាល​ឱ្យ​​​​​​ខូច​ខាត​ទ្រព្យ​សម្បត្តិ​​អ្នក​ដទៃ​ ។ ជា​មួយ​នឹង​ការ​ឃាត់​ខ្លួន​នេះ​សមត្ថ​កិច្ច​ប៉ូលិស​បាន​រឹប​អូស​​​ដាវ កាំបិត ​និង​ដំបង​ជា​វត្ថុ​តាង​ ហើយ​​កសាង​សំណុំ​រឿង​បញ្ជូន​​ទៅ​សាលា​ដំបូង​ខេត្ត ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP