សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

កម្ពុជា​ព្រមាន​ថា នឹង​មិន​អត់​ឱន​ឲ្យ​សៀម​ទៀត​ទេ


ខុស​ប្លែក​ពី​គ្រា​មុន​ដែល ហ៊ុន សែន ចាត់​ទុក​ការ​ផ្ទុះ​អាវុធ​នៅ​ប្រាសាទ​តាមាន់ និង​តាក្របី​ថា ជា​សង្រ្គាម​ ប៉ុន្ដែ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្នុង​កម្មវិធី​មួយ​របស់​ក្រសួង​សង្គមកិច្ច​នាយក​រដ្ឋមន្រ្ដី​ខ្មែរ​រូប​នេះ ​បាន​និយាយ​ថា វា​មិន​មែន​ជា​សង្រ្គាម​ទេ វាជា​ប្រភេទ​ភេរវកម្ម​ ហើយ​កម្ពុជា​នឹង​មិន​អត់​ឱន​ឲ្យ​ទៀត​ទេ។

នៅ​ចំពោះ​មុខ​ក្រុម​មន្រ្ដី​ពី​ក្រសួង​ការងារ​និង​អតីត​យុទ្ធជន​ ឯវិទ្យាស្ថាន​ជាតិ​អប់រំ ហ៊ុន សែន ​បាន​ហៅ​ការ​ប្រើ​ប្រាស់​ប្រភេទ​អាវុធ​ស្មាយ​ភើ​របស់​ទាហាន​សៀម​អំឡុង​ការ​ ផ្ទុះ​អាវុធ​កាល​ពី​ខែ​មេសា​នោះ​ថា​ គឺជា​ប្រភេទ​អាវុធ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​សកម្មភាព​ភេរវកម្ម។ ហើយ​ថា «បើ​ថ្ងៃក្រោយ​វាយ​គ្នា​ទៀត​ លេង​អាធំ​វិញ​ម្ដង​ទៅ​កុំ​លួច​បាញ់​គ្នា​ដូច្នេះ»។

ដោយ​នាយករដ្ឋ​មន្រ្ដី​រូប​នេះ​បាន​រំឭក​ដល់​ការ​ផ្ទុះ​អាវុធ​កាល​ ពីថ្ងៃទី​២២ ខែ​មេសា​កន្លង​ទៅ​ឯ​ប្រាសាទ​តាមាន់, តាក្របី​ក្នុង​ខេត្ដ​ឧត្ដរមានជ័យ​ថា «ពេល​នោះ​យើង​បាន​ទុក​ឲ្យ​គេ​វាយ​រយៈ​ពេល​៤ថ្ងៃ​ ហើយ​ធ្វើ​ការ​តប​វិញ​នៅ​ល្ងាច​ថ្ងៃទី២៦ មេសា​ហើយ​រយៈ​ពេល​១៧នាទី​ភាគី​ថៃ​សុំ​កម្ពុជា​ចរចារ។ យើង​ថ្នម​មិន​ចង់​ឲ្យ​មាន​សង្គ្រាម​ទេ តែ​វា​ឈ្លើយ….»។

ប្រទេស​កម្ពុជា និង​សៀម​បាន​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​អាវុធ​កាល​ពីអំឡុង​ខែ​កក្កដា​ឆ្នាំ​ ២០០៨​ ខណៈ​ដែល​កម្ពុជា​បាន​ដាក់​ប្រាសាទ​ព្រះវិហារ​ដែល​មាន​អាយុ​ជិត​១ពាន់​ឆ្នាំ​ របស់​ខ្លួន​ទៅ​ក្នុង​បញ្ជី​សម្បត្ដិ​បេតិកភ័ណ្ឌ​ពិភព​លោក។ កម្ពុជា​បាន​និយាយ​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​អាវុធ​ដ៏រ៉ាំរ៉ៃ​នេះ​វា​ជា​លេស​មួយ​ចំពោះ​ មហិច្ឆតា​សៀម​ក្នុង​ការ​ឈ្លាន​ពាន​ទឹកដី​កម្ពុជា៕


Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP