ក្នុង​ការ​របាយការណ៍​​មួយ​ របស់​ធនាគារ​ពិភពលោក​ ​​​ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ​​ បាន​​​បង្ហាញ​ថា​ ​សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០១២​នេះ​ ត្រូវ​បាន​រំពឹង​ទុក​ថា​ នឹង​កើន​ឡើង​ប្រមាណ​ ៦,៦​% ខណៈ​ដែល​អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​រំពឹង​ទុក​ថា​ ​នឹង​មាន​កំណើន​​ខ្ពស់​ជាង​​នេះ។

នៅ​ក្នុង​របាយការណ៍​មួយ​ដែល​​ មាន​ឈ្មោះ​ថា​ បច្ចុប្បន្នភាព​នៃប្រតិបត្តិ​ការ និង​កំណែទម្រង់សេដ្ឋកិច្ច ប្រចាំ​ខែឧសភា​ ​បាន​បង្ហាញ​​ថា​ ​​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេង​ទៀត​​ ដែល​កំពុង​មាន​​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ខ្ពស់។

របាយការណ៍​នោះ​ ក៏​បាន​បង្ហាញ​ដែរ​ថា​ ប្រភព​ដែល​​​​​ជំរុញ​កំណើន​សេដ្ឋកិច្ច​ខ្លាំង​នៅ​ឆ្នាំ​ ២០១២​នេះ​ គឺ​ដោយ​សារ​តែ​កើន​ឡើង​​នៃ​វិស័យ​​ឯក​ជន​ ក្នុង​​នោះ​​​ វិស័យ​កាត់ដេរ​ និង​វិស័យ​កសិកម្ម​ ត្រូវ​បាន​គេ​​សម្លឹង​ឃើញ​ថា​ ​នឹង​​មាន​កំណើន​ខ្ពស់​។

ប្រជាកសិករ​នៅ​ ភូមិ​​ផ្លាង ​សង្កាត់​ស្នោរ​​ ខណ្ឌ​ពោធិសែនជ័យ​ កំពុង​ស្ទួង​ស្រូវ

នៅ​ឆ្នាំ​២០១១​កន្លង​ទៅ​នេះ​ ឧស្សាហកម្ម​កាត់ដេរ​ និង​វាយនភណ្ឌ​កម្ពុជា នាំ ​ចេញ​មាន​ទឹក​ប្រាក់​សរុប​ប្រមាណ​ ៤០០០​លាន​ដុល្លារ​​ គឺ​កើន​ឡើង​បាន​ប្រមាណ​ជាង​ ៣០​%​ បើ​ធៀប​នឹង​ឆ្នាំ​២០១០។ ចំណែក​វិស័យ​កសិកម្ម​ ​កាល​ពី​ឆ្នាំ​ទៅ​មិញ​កើន​ប្រមាណ​ ៣,៣​%។

ដោយ​ឡែក​ លោក​ បណ្ឌិត​ កង ច័ន្ទ​ដារារ័ត្ន​​ អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​កម្ពុជា ​​បាន​អះអាង​ថា​ ​លោក​ទទួល​ស្គាល់​ថា ​​កម្ពុជា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​​​​​​​ខ្ពស់​ តែ​មិន​អាច​ទាប​​ជាង​ឆ្នាំ​ទៅ​មិញ​បាន​នោះ​ទេ។ លោក​លើក​ឡើងបែប​នេះ​ ដោយ​សម្អាង​ថា​ ​ស្ថានភាព​​​ក្នុង​វិស័យ​​​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​ បាន​ងើប​​ឡើង​វិញ​ និង​មាន​លក្ខណៈ​ប្រសើរ​ជាង​ឆ្នាំ​​មុន​​ច្រើន​ណាស់ ក្នុង​នោះ​គឺ​ វិស័យ​កសិកម្ម​ និង​​ទេសចរណ៍​ ​​នឹង​កើន​ខ្ពស់។

លោក​​​បញ្ជាក់ “​​ទេសចរណ៍​ឆ្នាំ​នេះ ​​មិន​​​ទទួល​រង​ឥទ្ធិពល​ពី​ប្រទេស​ជិត​ខាង​​ (ទឹក​ជំនន់​នៅ​ថៃ)​​ ​ទៀត​ទេ ហើយ​កសិកម្ម​វិញ ​រដ្ឋ​បាន​ធ្វើ​អន្តរគមន៍​​​ស្វែង​រក​ទីផ្សារ​បាន​ច្រើន​ និង​មាន​ឧបត្ថម្ភ​ធន​ខ្លះ​ផង​ អីចឹង​​​វិស័យ​ទាំង​ពីរ​នឹង​មាន​កំណើន​ខ្ពស់​ ខណៈ​ដែល​វិស័យ​វាយនភណ្ឌ​ និង​កាត់​ដេរ​ ​​​យ៉ាង​ហោច​ណាស់​ នឹ​ង​អាច​រក្សា​​បានកំណើន​ដដែល”។

នៅ​ឆ្នាំ​២០១២​​នេះ​ តម្លៃ​ប្រេង​​​​បាន​កើន​ឡើង​ខ្ពស់​​​ ​ហើយ​​​សហគមន៍​អឺរ៉ុប​​កំពុង​ជួប​បញ្ហា​​លើ​វិបត្តិ​បំណុល​ដែរ។ ​ចំពោះ​បញ្ហា​ពីរ​នេះ​ លោក​​​បណ្ឌិត​ អះអាង​ថា​ នឹង​​​មិន​អាច​បង្ក​បញ្ហា​ អាច​បន្ទាប​កំណើន​សេដ្ឋកិច្ច​​កម្ពុជា​​​បាននោះ​ទេ​ ព្រោះ​ឆ្នាំ​ទៅ​មិញ​ តំបន់​អឺរ៉ុប​ក៏​ជួប​បញ្ហា​​​ធ្ងន់ធ្ងរ​​​​ ហើយ​អាមេរិក​ក៏​​​ជួប​បញ្ហា​ដែរ​ តែ​​កម្ពុជា​នៅ​តែ​អាច​រក្សា​កំណើន​បាន​ខ្ពស់​ មាន​ន័យ​ថា​ បញ្ហា​​​នេះ​​ មិន​មាន​ឥទ្ធិពល​ធំ​ដុំ​មក​លើ​​សេដ្ឋកិច្ច​កម្ពុជា​នោះ​ទេ។

របាយការណ៍​​របស់​ធនាគារ​ពិភពលោក​​ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ ​​​​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ កម្ពុជា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​​គិត​ជា​មធ្យម​ប្រមាណ​ ៨​%​ក្នុង​មួយ​ឆ្នាំ​​។ សម្រាប់​ឆ្នាំ​​២០១១​កន្លង​ទៅ​​នេះ​ កំណើន​សេដ្ឋកិច្ច​ពិត​ប្រាកដ​​របស់​ប្រទេស​កម្ពុជា​ គឺ​កើន​ឡើង​បាន​ប្រមាណ​ ៦,៩​%៕

អត្ថបទ៖ សេង ណារិទ្ធិ