សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

Coca-Cola នឹង​វិនិយោគ​​​នៅ​ភូមា​សា​ជាថ្មី!

ក្រុមហ៊ុន​ភេសជ្ជៈ​យក្ស​ Coca-Cola ​នឹង​​ចាប់​ផ្ដើម​ដំណើរ​ការ​ក្នុង​ប្រទេស​ភូមា​សា​ជា​ថ្មី​ បន្ទាប់​ពី​អវត្តមាន​អស់​រយៈពេល ៦០ ​ឆ្នាំ។ ​ការ​សម្រេច​​ត្រឡប់​ជា​ថ្មី​ក្នុង​ប្រទេស​មួយ​នេះ គឺ​ដោយសារ​សហរដ្ឋអាមេរិក​បាន​សម្រេច​ពន្យារ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​ប្រទេស​នេះ ​ដោយ​មើល​ឃើញ​ពី​កំណែទម្រង់​ជា​វិជ្ជមាន​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ។

​ក្រុមហ៊ុន​ភេសជ្ជៈ​ដ៏​ល្បីល្បាញ​មួយ​នេះ​ បាន​​ឲ្យ​ដឹង​​ថា​ ខ្លួន​នឹង​ចាប់​ផ្ដើម​ជំនួញ​ភ្លាមៗ​បន្ទាប់​ពី​ទទួល​បាន​អាជ្ញាប័ណ្ណ​​ អនុញ្ញាត​ពី​រដ្ឋាភិបាល​អាមេរិក។

​​ភូមា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន​បី​ដែល​ Coca-Cola ​មិន​​ធ្វើ​ជំនួញ​ជាមួយ​​ដោយ​ក្នុង​នោះ​មាន​កូរ៉េខាងជើង និង​គុយបា​ផង​ដែរ។​

ក្នុង​របាយការណ៍​របស់​ខ្លួន ​ក្រុមហ៊ុន Coca-Cola ​​បាន​បញ្ជាក់​ថា ​​ខ្លួន​នឹង​ចាប់​ផ្ដើម​ជំនួញ​​ដោយ​ការ​នាំចូល​ផលិតផល​នេះ ​ពី​ប្រទេស​ជិតខាង​​ដែល​ខ្លួន​មាន​រោងចក្រ​​​ស្រាប់​នៅ​ទី​នោះ ​ខណៈពេល​​ការ​សាងសង់​រោងចក្រ​​​នៅ​ភូមា​កំពុង​ចាប់​ផ្ដើម។ ការ​ប្រកាស​របស់​ក្រុមហ៊ុន​នេះ​ធ្វើ​ឡើង​ ស្រប​ពេល​ដែល​​​ជម្លោះ​រវាង​អ្នក​កាន់​សាសនា​ព្រះពុទ្ធ និង​សាសនា​ឥស្លាម​ កំពុង​បន្ដ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​រាប់ម៉ឺន​នាក់​ភៀស​ខ្លួន​ពី​ផ្ទះ​សម្បែង​ ដើម្បី​សន្តិសុខ ​សុវត្ថិភាព​។

របប​​យោធា​​​ផ្ដាច់ការ​​​​បាន​​គ្រប់គ្រង​ ​ប្រទេស​​ភូមា​​​​ដោយ​អស់​រយៈ​ពេល​ ៤៩ ឆ្នាំ ​​បាន​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ​ក្លាយ​ជា​ប្រទេស​ឯកា និង​ហ៊ុមព័ទ្ធ​ដោយ​ទណ្ឌកម្ម​សេដ្ឋកិច្ច។ ​ប៉ុន្តែ​ដោយ​មើល​ឃើញ​ពី​កំណែទម្រង់​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ​ពោល​គឺ​ការ​​បើក​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​នៅ​ឆ្នាំ ២០១១ ​​​និង​ដោះ​លែង​អ្នក​ទោស​នយោបាយ ​ប្រទេស​លោក​ខាង​លិច​បាន​បន្ទន់​ឥរិយាបថ និង​បន្ធូរបន្ថយ​ទណ្ឌកម្ម​ជា​ច្រើន​មក​លើ​ប្រទេស​នេះ​វិញ៕

ប្រែ​សម្រួល៖ ​សីហា

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP