សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​៨ (ASEM )


ភ្នំពេញ ៖ ដោយ​ថ្លែង​ក្នុង​នាម​ជា​ប្រធាន​សម្របសម្រួល​កិច្ច​ប្រជុំ​កំពូល​ អាស៊ី-អឺរ៉ុប​លើក​ទី​៨ (ASEM ) សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា មាន​ប្រសាសន៍​ទៅ​កាន់​មេ​ដឹក​នាំ ASEM នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​៤ តុលា នៅ​ទីក្រុង​ប៊្រុចសែល ប្រទេស​បែល​ហ្ស៊ិក​ថា... កិច្ច​ប្រជុំ​ឆ្នាំ​នេះ​គឺ​ជា​ព្រឹត្តិការណ៍ មាន​ន័យ​ជា​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​ក្នុង​ការ​កែ​ទំរង់​និម្មាបនកម្ម​ សេដ្ឋកិច្ច​សាកល​លោក ជា​ពិសេស​អំពី​វិធី​និង​ដំណោះ​ស្រាយ របស់​យើង​ចំពោះ​ផល​វិបាក ដែល​បណ្តាល​មក​ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកលលោក ដែល​មាន​ផល​ប៉ះពាល់​ដោយ​ ផ្ទាល់​ទៅ​លើ​សុខុមាល​ភាព និង​ការ​រស់​នៅ​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ​របស់​ ប្រជាពលរដ្ឋ​នៃ​យើង ។

យោង​តាម​បេសកជន​ពិសេស​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ឱ្យ​ ដឹង​ថា សុន្ទរកថា​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​នេះ គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ថ្លែង​សុន្ទរកថា​របស់​ឯកឧត្តម ហែរម៉ាន់ វ៉ាន់រុំពុយ ប្រធាន​សហភាព​អឺរ៉ុប និង​ជា​ប្រធាន​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​​៨ ឯកឧត្តម វេន ជាប៉ាវ នាយក​រដ្ឋមន្ត្រី​ចិន និង​ឯកឧត្តម អ៊ីវេស លេធីមីស នាយក​រដ្ឋមន្ត្រី ប៊ែលហ្ស៊ិក ផង​ដែរ ។ របាយ​ការណ៍​របស់​បេកសជន​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​គូស​បញ្ជាក់​ថា ក្នុង​សម័យ​ប្រជុំ​កំពូល​នេះ មេ​ដឹក​នាំ​នៃ​វេទិកា​អាស៊ី-អឺរ៉ុប​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ និង​ពិភាក្សា​ផ្លាស់​ប្តូរ​មតិ​យ៉ាង​ស៊ី​ជម្រៅ​លើ​ប្រធាន​បទ គន្លឹះ​សំខាន់​ចំនួន​៣ គឺ​១-ការ​ឈាន​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ទី២-ការ​ផ្តោត​លើ​បញ្ហា​សកល និង​ទី​៣-ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន និង ការ​ផ្សព្វផ្សាយ​ឱ្យ​ទូលាយ​នឹង​អនាគត​របស់​ASEM ។

ក្នុង​កិច្ច​ពិភាក្សា​របស់​ខ្លួន​មេ​ដឹក​នាំ ASEM សុទ្ធ​តែ​បាន​ទទួល​ស្គាល់​នូវ​ការ​រីក​ចំរើន​នៃ​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប និង​បាន​បញ្ជាក់​ទ្បើង​វិញ​នូវ​ការ​សន្ទនា និង កិច្ច​សហប្រតិបត្តិការ​រវាង​អាស៊ី​និង​អឺរ៉ុប​ស្តីពី​មូល​ដ្ឋាន​សមភាព​ដៃ​គូ ការ​គោរព​គ្នា និង​ដើម្បី​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក ។ មេ​ដឹក​នាំ ASEMបាន​កត់​សម្គាល់​ដោយ​កោត​សរសើរ​នូវ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ថ្នាក់ រដ្ឋមន្ត្រី​អប់រំ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ថាមពល កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​គមនាគមន៍ កិច្ច​ប្រជុំ​ថ្នាក់ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​វប្បធម៌ ដែល​បាន​ដំណើរ​ការ​ការងារ​របស់​ខ្លួន​ចាប់​តាំង​​ពី​កិច្ច​ប្រជុំ​កំពូល​ អាស៊ី-អឺរ៉ុប លើក​ទី​៧​មក​ម្លេះ ។

ASEM​គឺជា​វេទិកា​កិច្ច​សហប្រតិបត្តិការ​រវាង​បណ្តា​ ប្រទេស​នៃ​ទ្វីប​អាស៊ី និង​អឺរ៉ុប ដែល​មាន​គោល​បំណង​ពង្រឹង​ភាព ជា​ដៃ​គូ​ក្នុង​ការ​បង្កើន​ការ​ថែរក្សា​សន្តិភាព ស្ថេរភាព និង​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព ។ ASEM ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៦ ដោយ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​មាន​ចំនួន​១៥ ប្រទេស​ដំបូង​គណៈកម្មាធិការ​អឺរ៉ុប ជាមួយ​និង​ប្រទេស​អាស៊ី​ចំនួន ១០ រួម​មាន​ប្រទេស​ប៊្រុយណៃ ឥណ្ឌូ​ណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី វៀតណាម ថៃ ចិន ជប៉ុន និង​សាធារណរដ្ឋ​កូរ៉េ ។

បន្ទាប់​ពី​មាន​ការ​ពង្រីក​សមាជិក​ភាព​ចំនួន​២​លើក​រួច​ មក​នោះ បច្ចុប្បន្ន ASEM មាន​សមាជិក​ចំនួន​៤៥ ប្រទេស ក្នុង​នោះ​សហភាព​អឺរ៉ុប​មាន​ចំនួន​២៧​ប្រទេស រួម​ទាំង​គណៈកម្មការ​អឺរ៉ុប អាស៊ាន​មាន​១០​ប្រទេស​រួម​ទាំង​លេខាធិការដ្ឋាន​អាស៊ាន ប្រទេស​អាស៊ី​ឥសាន និង​ប្រទេស​អាស៊ី​ខាង​ត្បូង​៦​ប្រទេស ។ សំរាប់​កិច្ច​ប្រជុំ​កំពូល ASEM លើក​ទី​៨​នេះ ASEM មាន​សមាជិក​ចំនួន ៤៨ ប្រទេស​ដោយ​មាន​ការ​ចូល​រួម​ពី​ប្រទេស​ចំនួន​៣​ទៀត​គឺ​ប្រទេស​អូស្ត្រាលី រុស្សី និង​ប្រទេស​នូវែល​ហ្សេឡង់។

បេសកជន​ពិសេស​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​រាយការណ៍​ថា ពាក់ព័ន្ធ​នឹង​ប្រធាន​បទ​ការ​ឈាន​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព មេ​ដឹក​នាំ ASEM បាន​ពិភាក្សា​លើ​(១)ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​គូស​បញ្ជាក់​ថា កំណើន សេដ្ឋកិច្ច​ត្រូវ​តែ​ធ្វើ​ទ្បើង​តាម​រយៈ​សេរីភាវូបនីយកម្ម​ទីផ្សារ​ក្នុង​ ស្រុក និង​អន្តរជាតិ ដែល​ក្នុង​នោះ​ការ​បញ្ចប់​កិច្ច​ចរចា​លើ​ផែន ការ​អភិវឌ្ឍន៍​ដូហា​ឱ្យ​បាន​ឆាប់​ជា​កត្តា​ចម្បង​បំផុត ។ មេ​ដឹក​នាំ​បាន​អំពាវនាវ​ឱ្យ​មាន​គោល​នយោបាយ​ និង​កម្ម​វិធី​កសិកម្ម ដើម្បី​ធានា​នូវ​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាជន និង​ប្តេជ្ញា​លើក​កម្ពស់​ផលិត​កម្ម​កសិកម្ម​ប្រកប​ដោយ​ចីរភាព និង​ជម្រុញ​ការ​អភិវឌ្ឍ​ជន​បទ តាម​រយៈ​ការ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ធ្វើ​វិនិយោគ​ប្រកប​ដោយ​ទំនួល​ខុស​ ត្រូវ ។ មេដឹកនាំ ASEM ទាំង​អស់​បាន​ទទួល​ស្គាល់​ថា គំនិត​ផ្តួចផ្តើម​ឈៀង​ម៉ៃ​ស្តី​ពី​កិច្ច​ព្រមព្រៀង​ពហុនីយកម្ម​នៅ​អាស៊ី និង​យន្ត​ការ​ស្ថេរភាវូបនីយកម្ម ហិរញ្ញវត្ថុ​អឺរ៉ុប គឺជា​គំនិត​ផ្តួច​ផ្តើម​តំបន់​ដ៏​គួរ​ឱ្យ​មាន​ទំនុក​ចិត្ត (២) ភាព​រលូន​ក្នុង​សង្គម​ត្រូវ​អនុវត្ត​តាម​ការ​ផ្តល់​ការ​អប់រំ​មូលដ្ឋាន និង ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ដោយ​មាន​មូល​ដ្ឋាន​លើ​ការ​ចូល​រួម​របស់ ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​ក្នុង​ការ​បង្កើត​វិបុល​ភាព ដែល​ក្នុង​នោះ​ការ​ផ្តល់​ការ​ងារ​ធ្វើ​គឺ​ជា​បញ្ហា​ស្នូល (៣)​ការ​ការពារ​បរិស្ថាន​មេ​ដឹក​នាំ ASEM បាន​គូស​បញ្ជាក់​អំពី​ភាព​ចាំ​បាច់ នៃ​ការ​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ​សកល​លោក ដែល​អនុសញ្ញា​ក្រប​ខ័ណ្ឌ អង្គការ​សហប្រជាជាតិ​លើ​ការ​ប្រែប្រួល​អាកាសធាតុ UNFCCC គឺ​ជា​ស្នូល​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ ។

មេដឹកនាំ ASEM បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ចំពោះ​ការ​ប្តេជ្ញា​នៃ​បណ្តា​ប្រទេស​អឺរ៉ុប ដែល​ផ្តល់​ថវិកា​ចំនួន ២៤០០ លាន​អឺរ៉ូ ប្រទេស​អូស្ត្រាលី​ចំនួន ៥៩៩ លាន​ដុល្លារ និង​ប្រទេស​ជប៉ុន​ចំនួន ១៥ លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០១០-២០១៥ ។ ពាក់​ព័ន្ធ​នឹង​បញ្ហា​ការពារ​បរិស្ថាន មេដឹកនាំ​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ឱ្យ​បន្ត​តាម​ដាន​ការ​ប្តេជ្ញា របស់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ក្នុង​ការ​កៀរគរ​ថវិកា​ចំនួន ១០០ ពាន់​លាន​ដុល្លារ​អាមេរិក​ឱ្យ​បាន​នៅ​ឆ្នាំ ២០២០ ខាង​មុខ សំរាប់​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​ដោយ​ចិរភាព​អាស៊ី-អឺរ៉ុប​ទៅ​ អនាគត ។

មេដឹកនាំ​ASEMបាន​គូស​បញ្ជាក់​ពី​ការ​ជំរុញ​ភាព​ជា​ដៃ​ គូ​ជា​យុទ្ធសាស្ត្រ​អាស៊ី-អឺរ៉ុប សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ស្មើ​ភាព និង​ផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក តាម​រយៈ​ការ​លើក​កម្ពស់​ការ​រៀន​សូត្រ និង​ការ​ផ្លាស់​ប្តូរ ការ​អនុវត្ត និង​បទ​ពិសោធន៍​ល្អៗ ពី​គ្នា​ក៏​ដូចជា​តាម​រយៈ​ការ​ពង្រឹង​បណ្តាញ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល រដ្ឋបាល ស្ថាប័ន វិទ្យាសាស្ត្រ និង​សិក្សា​ស្រាវជ្រាវ​ក្រុម​ជំនាញ​និង​បណ្តា​ក្រុមហ៊ុន​ឯកជន​នៃ​សមាជិក ASEM ។ មេ​ដឹក​នាំ​ក៏​បាន​គូស​បញ្ជាក់ ជា​ថ្មី​ថា គោល​ដៅ​អភិវឌ្ឍន៍​នានា​រួម​ទាំង​គោល​ដៅ​អភិវឌ្ឍន៍​សហស្សវត្ស​បាន​ទ្រទ្រង់​ ដល់ កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព និង​បាន​កត់​សម្គាល់​ថា ទោះ​បី​ជា​មាន​កិច្ច​ខំ​ប្រឹង​ប្រែង​ពី​សមាជិក ASEM ក្នុង​ការ​អនុវត្ត​គោល​ដៅ​អភិវឌ្ឍន៍​សហស្សវត្ស​ក៏​ដោយ ក៏​កិច្ច​ប្រឹងប្រែង​របស់​តំបន់​និង​ពិភព​លោក មិន​បាន​ធ្វើ​ទៅ​តាម​កម្មវិធី​គ្រោង​ទុក​ទេ មួយ​ផ្នែក​ដោយសារ​តែ​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពិភព​លោក​នោះ ។

ពាក់ព័ន្ធ​នឹង​ការ​ផ្តោត​លើ​បញ្ហា​សកល មេដឹកនាំ​បាន​ពិភាក្សា​លើ​ប្រធាន​បទ​ពាក់ព័ន្ធ​នានា​ដូចជា ១-ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​និង​ឧក្រិដ្ឋ​កម្ម ដែល​មាន​ការ​រៀប​ចំ​ដោយ​សម្តែង​នូវ​ការ​ថ្កោល​ទោស​ចំពោះ​អំពើ​ភេរវកម្ម​ គ្រប់​ទម្រង់ និង​រូប​ភាព និង គូស​បញ្ជាក់​ពី​ភាព​ចាំ​បាច់​ក្នុង​ការ​ប្រកាន់​ភ្ជាប់​អនុសញ្ញា និង​ពិធី​សារ​របស់​អង្គការ​សហប្រជាជាតិ ក៏​ដូចជា​ការ​គោរព​ច្បាប់​អន្តរជាតិ​រួម​មាន ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ច្បាប់​សិទ្ធិ​មនុស្ស ច្បាប់​ជន​ភៀស​ខ្លួន​និង​ច្បាប់​មនុស្ស​ធម៌​អន្តរ ជាតិ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ ២-បញ្ហា​ចោរ​សមុទ្រ មេដឹកនាំ​បាន​សង្កត់​ធ្ងន់​ថា អង្គការ​សហប្រជាជាតិ​មាន​តួនាទី​នាំ​មុខ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ ចោរ​សមុទ្រ ដោយ​ធានា​គ្រប់​ពេល​វេលា​ការ​គោរព​ច្បាប់​អន្តរជាតិ និង​អធិបតេយ្យ​ភាព របស់​រដ្ឋ ៣-កំណែ​ទម្រង់​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ​មេ​ដឹក​នាំ​បាន​យល់​ព្រម​ថា កំណែ​ទម្រង់​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ ជា​អាទិភាព​មួយ ដើម្បី​ឱ្យ​អង្គការ​នេះ​ដោះ​ស្រាយ​ដោយ​មាន​ប្រសិទ្ធិភាព លើ​បញ្ហា​ប្រឈម​ជា​សកល​នា​ពេល​បច្ចុប្បន្ន​នេះ តាម​រយៈ​ការ​ផ្តល់​សន្ទុះ​ថ្មី​ថែម​ទៀត លើ​កំណែ​ទម្រង់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ ក្រុម​ប្រឹក្សា​សន្តិសុខ ក្រុមប្រឹក្សា​សេដ្ឋកិច្ច​និង​សង្គម និង​លេខាធិការដ្ឋាន​ក៏​ដូច​ជា​ទីភ្នាក់ងារ​ផ្សេង​ទៀត​របស់​អង្គការ​ សហប្រជាជាតិ ៤-ការ​មិន​រីក​សាយ​ភាយ​អាវុធ​នុយ​ក្លេអ៊ែរ មេដឹកនាំ​បាន​ប្រគល់​តួនាទី​សំខាន់​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​ សហប្រជាជាតិ សន្ធិសញ្ញា​មិន​រីក​សាយ​ភាយ​អាវុធ​នុយ​ក្លេអ៊ែរ និង​ទីភ្នាក់ងារ​ថាមពល​អាតូមិច​អន្តរជាតិ ក្នុង​ការ​ទប់​ទល់​នឹង​ការ​មិន​រីក​សាយ​ភាយ​អាវុធ​នុយ​ក្លេអ៊ែរ ។ មេដឹកនាំ​ក៏​បាន​សម្តែង​នូវ​ការ​ប្តេជ្ញា​គាំ​ទ្រ​ដល់​កិច្ច​ប្រឹងប្រែង​ដែល ​បាន​ធ្វើ​ទ្បើង​ នា​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​នុយ​ក្លេអ៊ែរ​នៅ​ឆ្នាំ​២០១០ ដើម្បី​ទប់​ទល់​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ការ​គំរាម​កំហែង​ភេរវកម្ម​នុយ​ក្លេអ៊ែរ​តាម​រយៈ​ការ​ធានា​ឱ្យ​បាន​ សុវត្ថិភាព នៃ​សារ​ធាតុ​នុយ​ក្លេអ៊ែរ​ក្នុង​រយៈ​ពេល​៤ ឆ្នាំ​ខាង​មុខ​នេះ ។

ទាក់​ទង​នឹង​ប្រធាន​បទ​ទំនាក់​ទំនង​រវាង​ប្រជាជន និង​ប្រជាជន ការ​ផ្សព្វផ្សាយ​ឱ្យ​ទូលាយ និង​អនាគត ASEM មេ​ដឹក​នាំ​បញ្ជាក់​ពី​ការ​បង្កើន​ទំនាក់ទំនង​ប្រជាជន​និង​ប្រជាជន និង​អន្តរកម្ម​រវាង​អ្នក​សិក្សា​ស្រាវជ្រាវ និស្សិត ភ្ញៀវ​ទេសចរណ៍ មន្ត្រី​រៀប​ចំ​គោល​នយោបាយ អ្នក​ជំនាញ​ផ្នែក​វប្បធម៌ តំណាង​សង្គម​ស៊ីវិល និង​ថ្នាក់​ដឹក​នាំ​មូល​ដ្ឋាន​និង​តំបន់ ។ លើស​ពី​នោះ​មេ​ដឹក​នាំ​ក៏​បាន​អះអាង​សារ​ជា​ថ្មី​ចំពោះ​សារៈសំខាន់​នៃ​កិច្ច ​សន្ទនា​ដទៃ​ទៀត​ក្នុង​ក្រប​ខ័ណ្ឌ​ភាព​ជា​ដៃ​គូ​នៃ​សភា​វេទិកា​ប្រជាជន និង​ធុរកិច្ច គម្រោង​អភិវឌ្ឍ​បណ្តាញ​ព័ត៌មាន​រវាង​អាស៊ី​និង អឺរ៉ុប កម្មវិធី​អាហារូបករណ៍​ក៏​ដូចជា​សកម្មភាព របស់​មូល​និធិ​អាស៊ី-អឺរ៉ុប​ផង​ដែរ ។ មេដឹកនាំ ASEM ក៏​ធ្វើ​ការ​កត់​សម្គាល់​ដោយ​ពេញ​ចិត្ត​ចំពោះ​ការ​ផ្សព្វផ្សាយ ឱ្យ​ទូលំទូលាយ​ថែម​ទៀត​ក្នុង​និង​ក្រៅ ASEM និង​បាន​ទទូច​ស្នើ​សមាជិក ASEM ទាំង​អស់​បង្កើន​កិច្ច​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន ដោយ​ណែ​នាំ​ស្ថាប័ន​និង​អង្គភាព​របស់​ខ្លួន​និមួយៗលើក​កម្ពស់​ការ​យល់​ដឹង​ ជា​សាធារណៈ​អំពី ASEM តាម​រយៈ​ផែន​ការ និង​នយោបាយ​ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ បណ្ដា​ទំនាក់​ទំនង និង​សកម្មភាព​វប្បធម៌​ផ្សេងៗ ។

ក្នុង​ឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​៨ ដែល​បញ្ចប់​នៅ​ថ្ងៃ​ទី​៥​តុលា មេដឹកនាំ​នឹង​អនុម័ត​ឯកសារ​ចំនួន​២ គឺ១-សេចក្តី​ប្រកាស​របស់​ប្រធាន​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​៨ និង​២-សេចក្តី​ថ្លែង​ការណ៍​របស់​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប លើក​ទី​៨ ស្តីពី​វិបត្តិ​សេដ្ឋកិច្ច​សកល​លោក និង បាន​ស្វាគមន៍​ប្រទេស​ឡាវ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​​៩​ផង​ដែរ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP