សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ក្មេងស្ទាវតណ្ហាក្រាស់ប្លន់រួចនឹកចងរួមរ័កថែមទៀត


ខេត្ត​រតន​គិរី ៖ ជន​​សង្ស័យ​​២​នាក់​ត្រូវ​ប៉ូលិស​​នៃ​អធិ​ការ​​ដ្ឋាន​ក្រុង​បាន​លុង​ចាប់​ ខ្លួន​ បន្ទាប់​​ពី​​​ប្លន់​ម៉ូតូ​​នាវេលា​ម៉ោង​​៤​និង​៣០​នាទី​ទៀប​ភ្លឺ នៅ​ចំណុច​ផ្លូវ​បំបែក​ ស្ថិត​ក្នុង​ភូមិ​៣ សង្កាត់​ឡាបាន​សៀក ក្រុង​បាន​លុង។ មន្ត្រី​ប៉ូលិស​ក្រុង​បាន​លុង​​ឱ្យ​ដឹង​ថា... ជន​សង្ស័យ​​ម្នាក់​ឈ្មោះ​ស៊ី វិបុល ភេទ​ប្រុស អាយុ​២៦ឆ្នាំ មាន​ទីលំនៅ​​ក្នុង​ភូមិ​លើ ​សង្កាត់​ស្រះ​ប្ញស្សី ក្រុង​ស្ទឹង​ត្រែង មុខ​របរ​មិន​ពិត​ប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ​សំ ប៊ុន​ណារ៉ាក់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​ មុខ​របរ​មិន​ពិត​ប្រាកដ ស្នាក់​នៅ​ភូមិ​ជ្រី​ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង។ ​ចំណែក​ជន​រង​គ្រោះ​មាន​គ្នា​២​នាក់ដែរ ​ម្នាក់​ឈ្មោះ​ឌី នី ភេទ​ស្រី អាយុ​៤៤​ឆ្នាំ រស់​នៅ​ភូមិ​កែង​សាន់ ឃុំ​សេដា ស្រុក​លំផាត់ ​ជា​អ្នក​លក់​ដូរ និង​ម្នាក់​ទៀត​ឈ្មោះ​ភួង ម៉ាយ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជន​ជាតិ​ទំពូន រស់​នៅ​​ភូមិ​ថ្មី ឃុំ​សេដា។

តាម​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ​នៅ​ចំពោះ​មុខ​ប៉ូលិស ​​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១០ តុលា ​ពួក​គេ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ឌុប​គ្នា​​ពី​ស្រុក​លំផាត់ ​ទៅ​ទារ​លុយ​គេ​ជំពាក់​នៅ​ភូមិ​ក្របី​ជ្រុំ ឃុំ​ត្រពាំង​​ក្រហម ស្រុក​​កូន​មុំ។ ពេល​ត្រឡប់​មក​វិញ​ម៉ូតូ​ខូច​តាម​ផ្លូវ​​ធ្វើ​ឱ្យ​ពួក​គេ​ជ្រុល​ដំណើរ​រហូត​ ដល់​យប់​ជ្រៅ ក៏​សំរេច​ចិត្ត​​ទៅ​សំរាក​នៅ​ទីរួម​ខេត្ត​រតន​គិរី។ ពេល​ទៅ​ដល់​ចំណុច​ផ្លូវ​បំបែក​ស្ថានីយ​លក់​ប្រេង​មួយ​​ស្រាប់​​តែ​ជួប​ជន​២​ នាក់​ស្ទាក់​​​គំរាម​ រួច​នាំ​ពួក​គេ​ទាំង​២​នាក់​ចូល​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​នៅ​ក្បែរ​នោះ​។ ជន​២​នាក់​​នោះ​បង្ខំ​ឱ្យ​ឈ្មោះ​ភួង​ ម៉ាយ ដោះ​សំលៀក​បំពាក់​ដើម្បី​ឆែក​ឆេរ​រក​លុយ ហើយ​បាន​យក​​កាបូប​ដៃ​មួយ​មាន​លុយ​៧៥.០០០​រៀល និង​ទូរ​ស័ព្ទ​ដៃ​មួយ​គ្រឿង។ ​បន្ទាប់​​មក​​ជន​​២​នាក់​​នោះ​ជិះ​​ម៉ូតូ​​ចេញ​ទៅ​បាត់។

ក្រុម​​​ជន​រង​គ្រោះ​​ប្រាប់​ទៀត​ថា ពួក​គេ​បាន​នាំ​គ្នា​រត់​ចេញ​​ទៅ​​ក្រៅ​ ​ទៅ​​ប្តឹង​ប៉ូលិស​ ប៉ុន្តែ​​​ពេល​ទៅ​ដល់​រង្វង់​មូល​ផ្សារ ស្រាប់​តែ​ឃើញ​ជន​​ទាំង​២​​នាក់​នោះ​ត្រឡប់​មក​វិញ ហើយ​​ចាប់​បង្ខំ​​ឱ្យ​ឈ្មោះ​ឌី នី ឡើង​ជិះ​ម៉ូតូ​ទៅ​ជា​មួយ ​ដោយ​បណ្តោយ​ឱ្យ​ឈ្មោះ​ភួង ម៉ាយ ទៅ​ណា​ក៏​ទៅ​ចុះ...។ ​ជន​២​នាក់​​​នោះ​បាន​​ដឹក​ស្ត្រី​ឈ្មោះ​ឌី នី​ ចុះ​ឡើងៗ​រួច​ត្រឡប់​​ទៅ​បន្ទប់​​ជួល​នោះ​វិញ។ ខណៈ​នោះ​​​ជន​​ម្នាក់​​ជិះ​ម៉ូតូ​​ចេញ​ទៅ​បាត់ ទុក​ឱ្យ​ជន​សង្ស័យ​ឈ្មោះ​សំ ប៊ុន​ណារ៉ាក់ នៅ​​បង្ខំ​ឱ្យ​ស្ត្រី​​រង​គ្រោះ​ដោះ​សំលៀក​បំពាក់​​ចេញ​បំរុង​ចាប់​រំលោភ ប៉ុន្តែ​មិន​បាន​ព្រម​ព្រៀង​ទេ ​​ហើយ​​ត្រូវ​​ប៉ូលិស​ទៅ​ដល់​ជួយ​សង្គ្រោះ​ទាន់។

មន្ត្រី​ប៉ូលិស​​ឱ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ឈ្មោះ​ភួង ម៉ាយ ​បាន​​ទៅ​ប្តឹង​ ​ហើយ​ក្រុម​ប៉ូលិស​អធិ​ការ​​ដ្ឋាន​បាន​បំបែក​កម្លាំង​ជា​២​ក្រុម ដឹកនាំ​ដោយ​លោក​ឯម វុន អធិ​ការ​ក្រុង​ផ្ទាល់។ ជន​រង​គ្រោះ​ឈ្មោះ​ភួង ម៉ាយ បាន​នាំ​​​សមត្ថ​កិច្ច​ទៅ​​បន្ទប់​​ជួល​លេខ​​៤ ​​​ស្ថិត​ក្នុង​ភូមិ​៣ សង្កាត់​ឡាបាន​សៀក ក្រុង​បាន​លុង ​ហើយ​ប្រទះ​ឃើញ​ឈ្មោះ​សំ ប៊ុន​ណារ៉ាក់ បំរុង​ចាប់​រំលោភ​​ស្ត្រី​ឈ្មោះ​​ឌី នី។ សមត្ថ​កិច្ច​​នាំ​ខ្លួន​ឈ្មោះ​សំ ប៊ុន​ណារ៉ាក់ ​ទៅ​តាម​រក​ជន​សង្ស័យ​ម្នាក់​ទៀត​ ហើយ​ចាប់​ខ្លួន​​បាន​នៅ​ក្នុង​ភូមិ​ជ្រី សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង រួម​ទាំង​វត្ថុ​តាង​មូ៉តូ​ម៉ាក​យ៉ាម៉ាហា​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៥ ​កាបូប​លុយ​ ទូរ​ស័ព្ទ​ដៃ និង​លុយ​ចំនួន​៧៥.០០០​រៀល។ មន្ត្រី​ប៉ូលិស​អធិ​ការ​​ដ្ឋាន​ក្រុង​​បញ្ជាក់​ថា ការ​ស្ទាក់​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​​ប្រើ​​ពេល​អស់​​ជិត​​២​ម៉ោង ​គឺ​ចាប់​ខ្លួន​បាន​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ​ថ្ងៃ​ទី​១១ តុលា ឆ្នាំ​២០១០៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP