សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

រមណីយដ្ឋានដុងអារញ្ញនៅក្នុងទឹកដីក្រុងប៉ោយប៉ែត


ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាក្រុងដ៏ធំមួយនៅជាប់ព្រំដែនខ្មែរ-ថៃ ដែលទើបតែប្រកាសជាផ្លូវការនៅ ប៉ុន្មានឆ្នាំមុននេះប៉ុណ្ណោះ ។ ដំបូងឡើយ ប៉ោយប៉ែតគ្រាន់តែជាឃុំមួយ តែប៉ុណ្ណោះ ក្រោយមកបន្ទាប់ពីបាន អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាបានជឿនលឿន... ព្រមជាមួយនោះដែរ ក្រុងប៉ោយប៉ែតក៏មានប្រជាពលរដ្ឋ ច្រើនស្មើនឹងបណ្តាទីក្រុងនានារបស់ ខេត្តមួយចំនួន ទើបប្រមុខថ្នាក់ដឹកនាំ បានចងក្រងឃុំនេះឱ្យក្លាយជាក្រុងថ្មី មួយរណបខេត្តបន្ទាយមានជ័យ ។ បច្ចុប្បន្នក្រុងប៉ោយប៉ែតមានសក្តានុពលជាច្រើនដូចជាក្រុមហ៊ុនកាស៊ីណូជាច្រើនបានមករកស៊ី បណ្តាក់ទុន នៅតំបន់នេះហើយក្រុងនេះក៏មានច្រក សេដ្ឋកិច្ចមួយជាសរសៃឈាមជាប់ព្រំប្រទល់ប្រទេសសៀម ។ ច្រកទ្វារ អន្តរជាតិនេះក៏អាចបង្កើតការងារ យ៉ាងច្រើនឱ្យប្រជាជនកម្ពុជា និង កម្មករយើងមានមុខរបរ និង រកប្រាក់ចំណូល បានដោយអ្នកខ្លះគ្រាន់តែ អូសរទេះដឹកជញ្ជូនបន្លែ ផ្លែឈើ និង គ្រឿងឧបភោគ ផ្សេងៗ ទៀតក៏បានប្រាក់ចំណូល ច្រើនដែរ ។ ជាមួយនឹងកំណើនប្រជាជនកាន់តែច្រើន ហើយ ប្រាក់ចំណូលរបស់ពួកគាត់ក៏កាន់តែច្រើនដែរនោះ ពួកគាត់ក៏ ត្រូវរកកន្លែងកម្សាន្តសប្បាយផងដែរ ។ នៅក្រុង ប៉ោយប៉ែតក្រៅពីការចូលលេងកាស៊ីណូរបស់ពួកអ្នក មាន និង ភ្ញៀវបរទេសនោះក្រុងក៏នៅមានបង្កើតរមណីយដ្ឋាននានាដើម្បីឱ្យភ្ញៀវជាតិ និង អន្តរជាតិដើរ កម្សាន្តទស្សនា នៅថ្ងៃបុណ្យថ្ងៃសម្រាកពីការងារ ។ រមណីយដ្ឋានដុងអារញ្ញនៅក្នុងទឹកដីក្រុងប៉ោយប៉ែត ជារមណីយដ្ឋាន មួយដែលកំពុងតែមានការពេញនិយម យ៉ាងខ្លាំង ធ្វើឱ្យភ្ញៀវជាតិ និង អន្តរជាតិទៅទស្សនា ស្រះធម្មជាតិ និង ខ្សែទឹកដ៏ថ្លាយង់ធ្វើឱ្យចិត្តយើងបាន សប្បាយភ្លេចគិតពីទុក្ខកង្វល់ទាំងឡាយដែលបានកើត ឡើងចំពោះពួកគេ នាពេលកន្លងមក ។ ជាងនេះទៅទៀតនោះ នារដូវវស្សាភ្លៀង ជោកជាំ ក្រុងប៉ោយប៉ែតក៏មានរមណីយដ្ឋាន មួយគួរឱ្យកត់សម្គាល់ជាងគេនោះគឺរមណីយដ្ឋានដុងអារញ ។ បើយើងធ្វើ ដំណើរពីព្រំប្រទល់ដែនសៀមទៅ ស៊ីសូផុនគឺនៅត្រង់ភូមិនិមិត្តចម្ងាយពីផ្លូវជាតិលេខ ៥ ប្រមាណពីរគីឡូម៉ែត្រ យើងនឹងបាន ឃើញទេសភាព វាលស្រែពណ៌បៃតងដាច់កន្ទុយភ្នែក ។ តាមដងវិថីផ្លូវលំមានជង្ហុក តូចៗ រំញោចដាស់អារម្មណ៍សុំឱ្យយើងបើក ភ្នែកមើលទឹកហូរតាមដងស្ទឹង ភ្លាមនោះ លោកអ្នកប្រាកដជាបានឃើញតូបលក់ម្ហូប អាហារដែលប្រជាពលរដ្ឋ សង់តាមដងផ្លូវមានរាងអក្សរអិលយ៉ាងមានរបៀបរៀបរយ ដោយមានទីធ្លាសម្រាប់ចតរថយន្តធំ ទូលាយ ។ នៅតាមរោងអង្គុយលេងនីមួយៗមានទោងចងជាជួរសម្រាប់ឱ្យភ្ញៀវជាតិ និង អន្តរជាតិ អង្គុយទស្សនាផ្ទៃទឹក យ៉ាងសប្បាយរីករាយ ។ លើសពីនេះទៅទៀតនោះ បើយើងចង់ទទួលទានអាហារក៏មាន ម្ហូបគ្រប់មុខក្នុងតម្លៃថោកសមរម្យ ។ តំបន់ទេសចរណ៍ដុងអារញ្ញបានកកើតប្រមាណជាប្រាំឆ្នាំមកហើយ រមណីយដ្ឋាននេះ មានផលប្រយោជន៍ ច្រើនណាស់សម្រាប់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះ ធ្វើឱ្យពួកគេមានការងារធ្វើ រកប្រាក់ចំណូល បានតាមរយៈមុខរបរលក់ម្ហូបអាហារ គ្រឿង ភេសជ្ជៈ ។ លោក លី ឡុង ជាពលរដ្ឋមកពីខេត្ត បាត់ដំបងដែលបានមកទស្សនានៅរម-ណីយដ្ឋានដុងអារញ្ញបានមាន ប្រសាសន៍ថានៅរមណីយដ្ឋានតំបន់ទេសចរណ៍ ដុងអារញ្ញមានខ្យល់បរិសុទ្ធល្អគួរជាទីចាប់អារម្មណ៍ពន់ពេក ព្រោះនៅជុំវិញស្ទឹងមានវាលស្រែពណ៌ខៀវដាច់កន្ទុយភ្នែក គួរឱ្យចង់ទស្សនា ។ ជាងនេះទៅទៀត នោះ ពេលរសៀលម៉ោងប្រមាណជា ២ រសៀល យើងអាចជិះទូកលេងតាមដង ស្ទឹងទៅទស្សនាបឹងព្រលឹតដ៏ធំ ល្វឹងល្វើយមានផ្កាពណ៌ស្វាយលាយផ្កាលំចង់រំលេច បានជាផ្កាក្រហម ស ។ មានគូស្នេហ៍ខ្លះ នាំគ្នាបេះផ្កា ព្រលឹតមកក្រងជាកម្រងផ្កាដ៏ ស្រស់សោភា រួចបំពាក់ឱ្យគូស្នេហ៍ដែល អង្គុយលើក្បាលទូក ត្រូវនឹងពន្លឺព្រះអាទិត្យក្តៅឆ្លុះពីផ្ទៃទឹកធ្វើឱ្យសម្បុរ និង ផ្ទៃមុខ ឡើងក្រហមដូចជាពណ៌ផ្កាព្រលឹតលំចង់ ដែរ ។ កញ្ញា សុភាព ពាក់អាវពណ៌សេះ បង្កង់បានប្រាប់ថា នាងនៅ ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ កញ្ញាចូលចិត្តមកលេងនៅទីនេះរៀងរាល់ ថ្ងៃសម្រាក ព្រោះទីនេះមានកន្លែងអង្គុយ លេង មានខ្យល់បរិសុទ្ធ ។ លើសពីនោះទៀតគឺនាងចូលចិត្តរៀនអុំទូកទៅបេះផ្កា ព្រលឹតលំចង់យកមកក្រងធ្វើភួងផ្កាពាក់លេង ។ ចំណែកនារីម្នាក់ឈ្មោះចាន់ដាជាបុគ្គលិកកាស៊ីណូប៉ោយប៉ែតបានមានប្រសាសន៍ថា នៅប៉ោយប៉ែតគឺ មានតែតំបន់ទេសចរណ៍រមណីយដ្ឋានដុងអារញ្ញនេះឯង ដែលមនុស្សមកទស្សនាមួយថ្ងៃៗរាប់ពាន់ នាក់ មានទាំងរថយន្តម៉ូតូរកតែកន្លែង ចតរថយន្ត និង ម៉ូតូសឹងតែគ្មានផង ប៉ុន្តែ ពេលខ្លះ នៅតាមកន្លែងលក់ម្ហូបអាហារ មួយចំនួនបានឆ្លៀតឱកាសកោរភ្ញៀវមិន ដាក់ទឹកក៏មានដែរ ហើយតូបខ្លះភ្ញៀវកុម៉្មង់ ម្ហូបមួយមុខបែរជាយកមាន់ដុតមួយឱ្យក៏ មាន ។ ចំណែកលោក ប៉ាល់ សេដ្ឋា មេ ឃុំកូនដំរី បានប្រាប់តាមទូរស័ព្ទថា លោកពិតជាសប្បាយចិត្ត ព្រោះនៅក្នុងទឹកដីរបស់លោកមានរមណីយដ្ឋាន ទេសចរណ៍ ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាព ប្រសើរតាមរយៈការប្រកបមុខរបរលក់ដូរខួបប្រាំងខួបវស្សា ។ លោកមានមោទកភាព ខ្លាំងណាស់ចំពោះតំបន់ទេសចរណ៍ដុងអារញ្ញនេះ ហើយលោកសូមធ្វើការផ្តាំផ្ញើដល់ម្ចាស់តូបទាំងអស់​ឱ្យចេះទុកដាក់សំរាមឱ្យ មានរបៀប ត្រូវមានធុងសំរាមតាមតូប រៀងៗខ្លួន ដើម្បីរក្សាទឹកស្អាត ទីធ្លាល្អ ខ្យល់ បរិសុទ្ធ ។ លោក ប៉ាល់ សេដ្ឋា បន្តទៀតថា បើនៅរដូវស្រូវទុំវិញ តាមដងផ្លូវពោរពេញ ដោយវាលស្រែពណ៌មាស ខ្យល់បក់មកពី ទិសនិរតីជះក្លិនក្រអូបប្រហើរ អារម្មណ៍កើត ទុក្ខក៏បាត់ស្មុគស្មាញដែរ ។ លោកក៏បានផ្តាំ ផ្ញើកុំឱ្យអ្នកលក់ដូរទាំងឡាយកោរភ្ញៀវហួស ប្រមាណពេក បើមិនដូចនោះទេ គេមក ម្តងហើយគេនឹងលែងមកម្តងទៀត ក៏ព្រោះ ការលក់ដូរម្ហូបអាហារថ្លៃហួសពេកនេះ ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP