សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

សុគន្ធ នីសា លេចមុខលេចមាត់នៅក្នុងឈុតផ្សព្វផ្សាយពាណិជ្ជកម្ម


សុគន្ធ នីសា គឺជាតារាចម្រៀងមួយដួង ប្រចាំផលិតកម្មហង្សមាស ដែលត្រូវ បានគេសង្កេតឃើញថា លេចមុខ លេចមាត់ច្រើនជាងគេនៅក្នុង... ឈុតផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលនានា ។ ថ្មីៗនេះ សុខ ជំនោរ បាន និយាយផងដែរថា សុគន្ធ នីសា ត្រៀមឃោសនាផលិតផលឱ្យក្រុមហ៊ុន ធំមួយនៅចុងឆ្នាំ ហើយនៅក្នុងឆ្នាំ ២០១១ ខាងមុខនេះ នាងគ្រោង សម្តែងរឿងថែមទៀតផង ។ តើតារាចម្រៀង សុគន្ធ នីសា អាចនឹងក្តោប យកទាំងអាជីព ចម្រៀង និង សម្តែង ?

ក្រោយពីប្រឹងប្រែងស្តារប្រជាប្រិយភាពតាមរយៈការបង្កើតវិទ្យុ Internet ក៏ដូចជាការ ផ្លាស់ប្តូរស្ទីលនៃការ ច្រៀងបទបែបកន្ត្រាក់អារម្មណ៍រួមជាមួយនឹងការបញ្ចេញក្បាច់រាំដែរនោះ បានធ្វើឱ្យតារាចម្រៀង សុគន្ធ នីសា ទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនសាជាថ្មី ម្តងទៀត បន្ទាប់ពីកេរ្តិ៍ឈ្មោះរបស់នាងបានស្ងប់ស្ងាត់ អស់មួយរយៈ ។

ជាមួយនឹងការផ្លាស់ថ្មីរបស់តារាមិនសូវបានសម្តីរូបនេះត្រូវបានទស្សនិកជនខ្លះគាំទ្រ ឯខ្លះ ទៀតបែរជានិយាយ ថា សំឡេង និង ទឹកមុខរបស់ សុគន្ធ នីសា ស័ក្តិសមច្រៀងបទមនោសញ្ចេតនា ច្រើនជាងបទញាក់ ឯការរាំទៀត សោតរឹងៗមិនសូវសម ។

ទោះជាយ៉ាងនេះក្តី លោក សុខ ជំនោរ គូស្នេហ៍របស់ សុគន្ធ នីសា ដែលព្យាយាមត្រួសត្រាយផ្លូវសិល្បៈឱ្យនាង ដើរនោះបាននិយាយថា “ជាការពិត ការផ្លាស់មក ច្រៀងបទញាក់របស់ នីសា មិនមែនសុទ្ធតែល្អទាំងអស់នោះទេ ។ បើតាមការ ស្ទាបស្ទង់របស់ខ្ញុំដែលទទួលពីមិត្តភក្តិ ក៏ដូចជាអ្នកគាំទ្ររបស់ នីសា សុទ្ធតែចង់ ឱ្យគាត់ (នីសា) ច្រៀងបទប្រភេទយុវវ័យបែបនេះ ។ សព្វថ្ងៃនេះ នីសា កំពុង ព្យាយាមហ្វឹកហាត់ចង្វាក់រាំបន្ថែមទៀត” ។

នៅក្នុងឆ្នាំ ២០១០ នេះ គេសង្កេតឃើញបទចម្រៀងថ្មីៗរបស់ សុគន្ធ នីសា មានចេញលក់ជាបន្តបន្ទាប់ ដែលមានទាំងបទមនោសញ្ចេតនា និង បទ Hip Hop ហើយដែលក្នុងនោះមានដូចជាបទ “No More believe” “ប្រពន្ធ អ្នកណាផ្ញើទឹកភ្នែកមក” និង បទ“កុំឱ្យអូនឃើញ ពេលបងកំពុងក្បត់”...ជាដើម ។ ក្នុងនោះដែរ តារា ចម្រៀង ដែលកម្រផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានរូបនេះ ក៏ឧស្សាហ៍បង្ហាញមុខនៅតាមឆាកប្រគំ តន្ត្រីនៃទូរទស្សន៍ ប៉ុស្តិ៍លេខ ៥ ក្នុងកម្មវិធី “តន្ត្រី សម័យទំនើប”កាលពីថ្ងៃទី ១៩ ខែកញា ឆ្នាំ ២០១០ និង នៅទូរទស្សន៍បាយ័ន ក្នុងកម្មវិធីទេសចរណ៍ ពិភពលោក ។

មិនត្រឹមតែអាជីពចម្រៀងរបស់ សុគន្ធ នីសា កំពុងតែអណ្តែតនោះទេ សូម្បីនៅឈុតផ្សព្វផ្សាយ ពាណិជ្ជកម្មក៏ គេចាប់អារម្មណ៍ឃើញថា សុគន្ធ នីសា មានហុងស៊ុយជាងមិត្តភក្តិរួមផលិតកម្មផងដែរ ។ សុគន្ធ នីសា លេចមុខនៅ ក្នុងឈុតផ្សាយផលិតផលជាច្រើនដូចជា នំ ម្សៅលាបមុខ ហើយថ្មីៗ នេះ គេឃើញនាងលេចមុខនៅក្នុងផលិតផល កាហ្វេ សម្រកទម្ងន់ ដែលមើលទៅឃើញតារារូបនេះមាន រូបរាងស្រស់ស្អាត និង ទាក់ទាញមិនចាញ់តារា សម្តែង ប៉ុន្មានទេ ។ បើតាមការប្រាប់របស់លោក សុខ ជំនោរ បានឱ្យដឹងថា នៅចុងឆ្នាំ ២០១០ នេះ សុគន្ធ នីសា ត្រៀមថត ឃោសនាឱ្យផលិតផល ក្រុមហ៊ុនធំមួយ ។

កន្លងមកធ្លាប់មានព័ត៌មាននិយាយចចាមអារ៉ាមថា សុគន្ធ នីសា មានគម្រោងថតខ្សែភាពយន្ត ប៉ុន្តែ រហូតមក ដល់ពេលនេះហើយគេនៅតែមិនទាន់ ឃើញតារាស្រគត់ស្រគំម្នាក់នេះបង្ហាញសមត្ថភាព នៅក្នុងរឿងណាមួយ នោះទេ ។

លោក សុខ ជំនោរ បានប្រាប់ថា“ធ្លាប់មាន ផលិតកម្មមួយចំនួនទាក់ទងឱ្យ នីសា សម្តែងរឿង ដែលមានទាំង រឿងភាគតាមទូរទស្សន៍ និង រឿងដុំ តែ នីសា មិនទាន់ទទួល ដោយសារមិនមានពេល វេលាគ្រប់គ្រាន់ ប៉ុន្តែប្រហែល ឆ្នាំ ២០១១ នីសា នឹងសាកល្បងបង្ហាញសមត្ថភាពសម្តែង (សើច)” ។

អ្នកយកព័ត៌មានយើងបានទាក់ទងទៅស្ថានីយទូរទស្សន៍មួយចំនួនដែលថតខ្សែវីដេអូភាគ ប៉ុន្តែមិន មានទូរទស្សន៍ ណាមួយបញ្ជាក់ថា ធ្លាប់ទាក់ទង សុគន្ធ នីសា ទេ ។

ដោយសារការងារនៅក្នុងស្រុកមមាញឹកច្រើនបានធ្វើឱ្យតារាចម្រៀងប្រចាំផលិតកម្មហង្សមាស សុគន្ធ នីសា បដិសេធក្នុងការចាកចេញទៅច្រៀង នៅប្រទេសមហាអំណាចដែលសម្បូរទៅដោយ សហគមន៍ខ្មែររស់នៅច្រើន ហើយក៏ជាឱកាសដែល អាចកើបប្រាក់ចំណូលបានយ៉ាងក្រាស់ក្រែល ។ លោក សុខ ជំនោរ បានបញ្ជាក់ថា “មូលហេតុដែល នីសា មិនចេញទៅសម្តែងនៅអាមេរិក ដោយសារ ចុងឆ្នាំនេះមានការងារច្រើន ម៉្យាងគាត់ (នីសា) ចង់ ធ្វើការនៅក្នុងស្រុកច្រើនជាង ។ សម្រាប់ នីសា បើ និយាយពីប្រាក់ចំណូលក្នុងស្រុក និង ក្រៅស្រុកមិន ខុសគ្នាប៉ុន្មានទេ” ។

ជីវភាពរស់នៅរបស់ សុគន្ធ នីសា ល្អប្រសើរ ក៏ពិតមែន តែតារារូបនេះនៅតែមិនទាន់ចូលរោង ការដដែល ហើយលើកនេះក៏មិនខុសពីលើកមុន ដែរ លោក សុខ ជំនោរ បាននិយាយថា“ពួកយើង រវល់រឿងការងារមិនទាន់ គិតគូររឿងរៀបការទេ” ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP