សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ឆ្នាំ​​នេះក្រុង​បាត់​ដំបងទទួលរង្គ្រោះដោយសារទឺកជំនន់យ៉ាងដំណំ




ខេត្ត​បាត់​ដំបង ៖ យោង​តាម​សេច​ក្តី​ប្រកាស​របស់​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុ​និយម ពិត​​មែន​តែ​​ខេត្ត​បាត់​ដំបង​មិន​មែន​ជា​គោល​ដៅ​ដែល​ទទួល​​រង​នូវ​សម្ពាធ​ ទាប​នៃ​អាកាស​ធាតុ​ដែល​បង្ក​ឱ្យ​មាន​ភ្លៀង​​ធ្លាក់​ខ្លាំង​កាល​ពី​សប្តាហ៍​ មុន​ក្តី ប៉ុន្តែ​ក្នុង​រយៈ​ពេល​នេះ... ខេត្ត​បាត់​ដំបង​អាច​នឹង​ទទួល​រង​នូវ​សម្ពាធ​ទាប​នេះ​ នេះ​បើ​តាម​ការ​​អះ​អាង​ពី​មន្ត្រី​ជំនាញ។ ជាក់​ស្តែង​នៅ​វេលា​​ពាក់​កណ្តាល​អធ្រាត្រ​នា​យប់​ថ្ងៃ​ទី​១៤ តុលា ភ្លៀង​​បាន​​បង្អោរ​ធ្លាក់​មួយ​មេ​ធំ​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ប្រហែល​៣​ ម៉ោង និង​បន្ត​រលឹម​ទល់​ភ្លឺ​បាន​បណ្តាល​ឱ្យ​​ជន់​លិច​ស្ទើរ​គ្រប់​កន្លែង​ទាំង​ អស់​ក្នុង​ក្រុង​បាត់​ដំបង។ ប៉ុន្តែ​ដោយ​សារ​តែ​ក្នុង​ក្រុង​សំបូរ​ទៅ​ដោយ​ប្រព័ន្ធ​លូ ហើយ​ម្យ៉ាង​ទៀត​ដោយ​សារ​តែ​ទឹក​ស្ទឹង​សង្កែ មាន​កំរិត​ទាប ទើប​ជំនន់​ទឹក​ភ្លៀង​​នេះ​ត្រូវបាន​រំដោះ​ទាន់​ពេល​​វេលា​​បាន​មួយ​ចំនួន​ ធំ។ ទោះ​បី​ជា​យ៉ាង​ណា នៅ​ព្រឹក​ថ្ងៃ​​ទី​១៥ តុលា គេ​​សង្កេត​ឃើញ​នៅ​តាម​បណ្តា​សាលា​រៀន​ អគារ​រដ្ឋ​បាល និង​កំណាត់​ផ្លូវ​ខ្លះ​នៅ​លិច​លង់​នៅ​ឡើយ ហើយ​អាជ្ញា​ធរ​ និង​មន្ទីរ​ជំនាញ​កំពុង​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ ដើម្បី​រំដោះ​ទឹក​​ជំនន់​ដ៏​គំហុក​នេះ។

លោក​អ៊ុយ រី អភិ​បាល​​ក្រុង​បាត់​ដំបង បាន​ប្រាប់​កោះ​សន្តិ​ភាព​នា​ព្រឹក​ថ្ងៃ ទី​១៥ តុលា ថា ភ្លៀង​ចាប់​ផ្តើម​ធ្លាក់​ខ្លាំង​តាំង​ពី​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៤ តុលា រហូត​ដល់​ភ្លឺ​ ហើយ​បា​នធ្វើ​ឱ្យ​ជន់​លិច​ស្ទើរ​គ្រប់​ទី​កន្លែង​ក្នុង​ចំណោម​សង្កាត់​ទាំង​ ១០​របស់​ក្រុង​បាត់​ដំបង។ លោក​អភិ​បាល​ស្រុក​បាន​​បន្ត​ថា ជំនន់​ទឹក​ភ្លៀង​​នេះ​បាន​ស្រក​ទៅ​វិញ​លឿន​ដែរ ប៉ុន្តែ​តាម​សាលា​រៀន សាលា​សង្កាត់ និង​​លំនៅ​ឋាន​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ និង​ផ្លូវ​គមនា​គមន៍​នៅ​កន្លែង​​ខ្លះ​នៅ​បន្ត​លិច​នៅ​ឡើយ។ លោក​បាន​បញ្ជាក់​ថា​ អាជ្ញា​ធរ​ក្រុង និង​មន្ត្រី​នៃ​មន្ទីរ​​​សាធា​រណការ​ខេត្ត​កំពុង​ចុះ​ពិនិត្យ​ប្រព័ន្ធ​​លូ​ បង្ហូរ​ទឹក​សំខាន់ៗ ហើយ​យើង​កំពុង​ប្រើ​ប្រាស់​គ្រឿង​ចក្រ ដើម្បី​កាយ​មុខ​លូ​ណា​ដែល​កក​ស្ទះ​ចៀស​វាង​​ក្រែង​មាន​ភ្លៀង​​ធ្លាក់​បន្ត​ ទៀត​ នាំ​ឱ្យ​មាន​ការ​​កក​ស្ទះ​កាន់​តែ​ខ្លាំង។ ទោះ​បី​ជា​​បែប​ណា​លោក​អភិ​បាល​បាន​ថ្លែង​​ថា ជំនន់​ទឹក​​ភ្លៀង​នេះ​មិន​បង្ក​មហន្ត​រាយ​ដល់​ទ្រព្យ​សម្បត្តិ​ប្រជា​ពល​ រដ្ឋ​ ឬ​គ្រោះ​ថ្នាក់​ដល់​មនុស្ស ឬ​ដំណាំ​​កសិ​កម្ម​ទេ។
លោក​ស៊ុន ហេង អភិ​បាល​រង​ខេត្ត​បាត់​ដំបង បាន​ថ្លែង​ដែរ​ថា មិន​ទាន់​មាន​សេច​ក្តី​រាយ​ការណ៍​ពី​តាម​បណ្តា​​ស្រុក​នានា​អំពី​​ផល​ប៉ះ​ ពាល់​ដោយ​ជំនន់​ទឹក​ភ្លៀង​​​នា​យប់​​​ថ្ងៃ​ទី​១៤ តុលា នេះ​ទេ លើក​លែង​តែ​ក្រុង​បាត់​ដំបង​​ប៉ុណ្ណោះ ដែល​បាន​ទទួល​រង​នូវ​គ្រោះ​​ជំនន់​ទឹក​ភ្លៀង​​​នា​យប់​​​នោះ។ លោក​អភិ​បាល​រង​ខេត្ត​រូប​នេះ​បាន​បញ្ជាក់​ថា មិន​មាន​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ទេ​ចំពោះ​ជំនន់​ទឹក​ភ្លៀង​នេះ ព្រោះ​ទឹក​បាន​ហូរ​ចូល​ស្ទឹង​សង្កែ​បាន​លឿន ដោយ​សារ​តែ​កំរិត​ទឹក​ស្ទឹង​​នៅ​ទាប។

លោក​ខាន់ ម៉ាណេរ ប្រធាន​មន្ទីរ​សាធា​រណ​ការ និង​ដឹក​ជញ្ជូន​ខេត្ត​បាត់​ដំបង បាន​មាន​ប្រសាសន៍​ប្រាប់​កោះ​សន្តិ​ភាព​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ តុលា ថា ជំនន់​ទឹក​ភ្លៀង​នា​យប់​ថ្ងៃ ទី​១៤ តុលា នេះ ពិត​​មែន​តែ​ធំ​ដុំ​គ្រាន់​បើ ប៉ុន្តែ​​មិន​បាន​ធ្វើ​ឱ្យ​ខូច​ខាត​ផ្លូវ​ថ្នល់​​ទេ ព្រោះ​ទឹក​ជំនន់​នេះ​ត្រូវ​បាន​រំដោះ​ទាន់​ពេលវេលា​ ដោយ​សារ​​តែ​ក្រុង​បាត់​ដំបង​សំបូរ​ទៅ​ដោយ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​​ខ្វាត់​ ខ្វែង។ លោក​ប្រធាន​មន្ទីរ​​រូប​នេះ​បាន​បញ្ជាក់​ថា កំលាំង​ជំនាញ​របស់​លោក​កំពុង​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ តុលា ​ដោយ​ប្រើ​គ្រឿង​ចក្រ​កាយ​​មុខ​លូ​ណា​ដែល​ក​ក​ស្ទះ​ ដើម្បី​រំដោះ​ទឹក​ដែល​នៅ​សល់ ម្យ៉ាង​ទៀត​ក្រែង​មាន​ភ្លៀង​​ធ្លាក់​បន្ត​ទៀត​នាំ​ឱ្យ​មាន​ការ​កក​ស្ទះ​​ ខ្លាំង ដូច្នេះ​យើង​ត្រូវ​តែ​ត្រួតពិនិត្យ​ប្រព័ន្ធ​លូ​សំខាន់​ឱ្យ​បាន​មុន។

ជា​មួយ​​នឹង​អាកាស​ធាតុ​ដែល​កំពុង​មាន​សម្ពាធ​ទាប​ គ្រប​ដណ្តប់​លើ​ខេត្ត​បាត់​ដំបង​នា​ពេល​នេះ លោក​ឡុង ផល្គុន ប្រធាន​មន្ទី​រ​ធន​ធាន​ទឹក​ និង​​​ឧតុ​និយម​ខេត្ត​បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា កា​លពី​ប៉ុន្មាន​ថ្ងៃ​មុន​ ខេត្ត​បាត់​ដំបង​មិន​ស្ថិត​ក្នុង​គោល​ដៅ​ដែល​​គ្រប​ដណ្តប់​ដោយ​សម្ពាធ​ទាប​ នៃ​អាកាស​ធាតុ​នេះ​ទេ ប៉ុន្តែ​ចាប់​ពី​ថ្ងៃ​ទី​១៥ តុលា នេះ​​​ទៅ​ ខេត្ត​បាត់​ដំបង​អាច​នឹង​ទទួល​រង​នូវ​សម្ពាធ​នេះ​ដូច​ខេត្ត​ដទៃ​ដែរ រហូត​ដល់​ថ្ងៃ​ទី​១៨ តុលា ទើប​​ធូរ​​ស្រាល​វិញ។ លោក​ប្រធាន​មន្ទីរ​រូប​នេះ បាន​បញ្ជាក់​ថា ការ​ប្រមូល​​ផ្តុំ​នូវ​ប្រព័ន្ធ​សម្ពាធ​តូចៗ​ធ្វើ​​ឱ្យ​ធំ​បាន ​ហើយ​ចំលើ​​​ខេត្ត​​បាត់​ដំបង​យើង​តែ​ម្តង ទើប​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នា​រយៈ​ពេល​នេះ។ ដូច្នេះ​លោក​សូម​អំពាវ​នាវ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​បាត់​ដំបង ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ ជា​ពិសេស​​ប្រជា​ពល​រដ្ឋ​ដែល​រស់នៅ​តាម​ដង​ស្ទឹង​សង្កែ និង​តំបន់​ក្បែរ​ទន្លេ​សាប​ គួរ​តែ​ត្រៀម​លក្ខណៈ​ដើម្បី​ការ​ពារ​នូវ​ជំនន់​ទឹក​ភ្លៀង​​ដ៏​អាក្រក់​នេះ ​ដែល​អាច​មាន​ចាប់​​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៨ តុលា​។ ប៉ុន្តែ​​​ជំនន់​ទឹក​ភ្លៀង​​នេះ​មិន​ធ្ងន់​ធ្ងរ​ណាស់​ណា​ទេ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP