សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

លោក​ខាន់ ជែមស៍ ត្រៀម​ចេញ​អាល់​ប៊ុម​ចំរៀង​ថ្មី


រាជធានីភ្នំពេញ ៖ លោក​ខាន់ ជែមស៍ ក្នុង​វ័យ​២៧​ឆ្នាំ ​ជា​អ្នក​ចំរៀង​ប្រចាំ​ផលិត​កម្ម​រ៉ក់ ​ពេល​នេះ​កំពុង​ត្រៀម​ចេញ​អាល់​ប៊ុម​ចំរៀង​ថ្មី​ពីរោះៗ​ សំរាប់​លក់​ក្នុង​ឱកាស​បុណ្យ​អុំ​ទូក​ខាង​មុខ។ តារា​ចំរៀង​រូប​នេះ​ចាប់​ផ្តើម​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​តាម​រយៈ​បទ​សំរែក​ បេះ​ដូង បុប្ផា​ក្រពុំ ​ស្នេហ៍​អូន​ជានិច្ច និង​បទ​បេះ​ដូង​រង​គ្រោះ​កាល​ពី​ឆ្នាំ​២០០៧។ ​លោក​ខាន់ មករា ហៅ​ខាន់ ជែមស៍... ដែល​មាន​ប្រភព​មក​ពី​ឃុំ​អូរ​សារាយ ស្រុក​ត្រាំ​កក់ ខេត្ត​​តាកែវ នេះ គ្រាន់​តែ​ចេញ​ផ្សាយ​បទ​ចំរៀង​ដំបូង​របស់​ខ្លួន​ចាប់​ផ្តើម​​ល្បី​ឈ្មោះ​តែ​ ម្តង។ នេះ​ជា​មោទ​ភាព​របស់​លោក។ ​ក្រោយ​ពី​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ក្នុង​ពិភព​​​សិល្បៈ​ចំរៀង​​មក​លោក​ ជែមស៍ បាន​ចូល​រួម​សំដែង​​កាយ​វិការ​ខារ៉ា​អូ​ខេ​តាម​បទ​ចំរៀង​របស់​ខ្លួន​គ្រប់​ វ៉ុល​នៅ​ក្នុង​ផលិត​កម្ម​រ៉ក់ ហើយ​ជា​ញឹក​ញាប់​គេ​តែង​តែ​​​ឃើញ​លោក​មាន​កិត្តិ​យស​ឡើង​ច្រៀង​លើ​ឆាក​ប្រគំ ​តន្ត្រី​ចុង​សប្តាហ៍​តាម​ស្ថានីយ​ទូរទស្សន៍​នានា​ ជា​ពិសេស​នោះ​ក្នុង​កម្ម​វិធី​សិល្បៈ​នៃ​ស្ថានីយ​ទូរទស្សន៍ CTN ។

ក្រៅ​ពី​​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​នៅ​ក្នុង​​ប្រទេស​ លោក​ខាន់​ ជែមស៍ ត្រូវ​បាន​បង​ដូច​​ខ្មែរ​នៅ​ឯ​ក្រៅ​ប្រទេស​​​និយម​ចូល​ចិត្ត​ស្តាប់​សំលេង​ របស់​លោក​ផង​ដែរ។ ដូច្នេះ​ហើយ​កាល​ពី ឆ្នាំ​២០០៩ លោក​បាន​ចេញ​ទៅ​​​ច្រៀង​នៅ​ឯ​ប្រទេស​​អូស្រ្តាលី​ ដោយ​មាន​បង​ប្អូន​​ខ្មែរ​យើង​រស់​នៅ​នៅ​ទី​នោះ​​គាំទ្រ​យ៉ាង​ច្រើន​​។ ចំណែក​ក្នុង​ឆ្នាំ២០១០នេះ​ ​លោក​​ត្រូវ​បាន​បង​ប្អូន​ខ្មែរ​រស់​នៅ​ឯ​ប្រទេស​កាណា​ដា ចង់​ឃើញ​រូប​លោក​ផ្ទាល់​ ដូច្នេះ​ហើយ​កាល​ពី​ថ្ងៃទី​៨ តុលា ឆ្នាំ​២០១០ លោក​បាន​ធ្វើ​ដំណើរ​​ចេញ​ពី​មាតុ​ភូមិ​​ទៅ​​ច្រៀង​នៅ​ឯ​ប្រទេស​កាណា​ដា ជា​មួយ​កញ្ញា​ទេព​ បុប្ផា។

នៅ​ព្រលាន​យន្ត​​ហោះ​អន្តរ​​ជាតិ​ភ្នំពេញ លោក​ខាន់ ជែមស៍ ឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​លោក​មាន​ឱកាស​​​ចេញ​ទៅ​សំដែង​នៅ​ឯ​ក្រៅ​ប្រទេស​។ ​ការ​ចេញ​​ទៅ​ប្រទេស​កាណាដា​នេះ ក្នុង​រយៈ​ពេល​មួយ​ខែ​​កន្លះ។ ​លោក​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ឱ្យ​អស់​ពី​លទ្ធ​ភាព​ ដើម្បី​ទាក់​ទាញ​យក​ប្រជា​ប្រិយ​ភាព​បន្ថែម​ទៀត។ មុន​ចេញ​ដំណើរ​លោក​ខាន់ ជែមស៍ ឱ្យ​​ដឹង​ថា នៅ​ថ្ងៃ​បុណ្យ​អុំ​ទូក​ខាង​មុខ​ លោក​​​ចេញ​បទ​ចំរៀង​ថ្មីៗ​ក្នុង​ផលិត​​កម្ម​រ៉ក់​មួយ​អាល់​ប៊ុម​តែ​ម្នាក់​ ឯង​សុទ្ធ គឺ​អាល់​ប៊ុម​១១៤ ដែល​មាន​បទ​ជែមស៍​រ៉ក់ បទ​​សុំ​ទោស​ដែល​ធ្វើ​ឱ្យ​អូន​ស្រក់​ទឹក​ភ្នែក បទ​ផ្តើម​ពី​ចំណុច​សូន្យ​បញ្ចប់​ដោយ​ចំណុច​សូន្យ បទ​ធ្វើ​ម្តេច​ទើប​ត្រូវ បទ​បញ្ចប់​ បទ​បង​នឹង​ធ្វើ​ឱ្យ​អូន​ស្រលាញ់​បង បទ​កំហុស​បង បទ​វាយោ​រាត្រី បទ​កុំ​ភ្លេច​កំណើត និង​បទ​មួយ​ចំនួន​ទៀត​ដែល​ជា​បទ​ថ្ម​ី​ស្នាដៃ​​របស់​អ្នក​និពន្ធ​​​ខ្មែរ។ លោក​ខាន់ ជែមស៍ សង្ឃឹម​ថា ប្រជា​ពល​រដ្ឋ​ខ្មែរ​​ នឹង​គាំទ្រ​ផលិត​ផល​ដែល​ជា​ស្នាដៃ​របស់​កូន​ខ្មែរ​ ជា​ពិសេស​បទ​ចំរៀង​ថ្មី​របស់​លោក​នេះ​តែម្តង៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP