សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ប្រទេស​ឡាវ​សំរុក​ទិញ​ផ្លែ​ប្រមាត់​មនុស្ស​ពី​ខេត្ត​ស្ទឹង​ត្រែង

ផ្លែ​ប្រមាត់​មនុស្សនៅខ្ចី


ខេត្ត​ស្ទឹង​ត្រែង ៖ ក្នុង​រដូវ​វស្សា​​រុក្ខ​ជាតិ​ម្យ៉ាង​​ដែល​បាន​ដុះ​​នៅ​ក្នុង​តំបន់​ព្រៃ​ ភ្នំ និង​មាន​ដើម​ទំហំ​ប៉ុន​មេ​ដៃ​ត្រូវបញ្ចប់​ការ​លូត​លាស់​នៅ​រដូវ​ប្រាំង ​​​ផ្លែ​​រាង​​មូល​តូច​​​ប៉ុន​ផ្លែ​ម្រេច​ដែល​ពេល​នៅ​ខ្ចី​មាន​ពណ៌​បៃតង និង​ពេល​ទុំ​​​មាន​ពណ៌​ខ្មៅ​ស្រដៀង​នឹង​ផ្លែ​​ម្រេច...​ ​​តែ​មាន​រស​ជាតិ​ល្វីង​​ហើយ​ភាគ​ច្រើន​គេ​ហៅ​ថា «ផ្លែ​ប្រមាត់​មនុស្ស»។ លោក​ថៃ ឡុង​ ជា​ឈ្មួញ​កណ្តាល​មាន​​ទី​លំនៅ​ក្នុង​ភូមិ​ព្រែក​ សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​​ត្រែង បាន​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​ថា ​​ជា​យូរ​មក​ហើយ​ពុំ​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​ចំពោះ​គ្រាប់​ផ្លែ​ប្រមាត់ ​មនុស្ស​នេះ​ប៉ុន្មាន​ទេ ហើយ​ការ​ដែល​យើង​ទិញ​ចូល​ក៏​ក្នុង​តំលៃ​ទាប​ដែរ ទើប​តែ​ចូល​ដល់​​ឆ្នាំ​២០១០នេះ ប្រទេស​ឡាវ​បាន​សំរុក​ប្រមូល​ទិញ ហើយ​មាន​តំលៃ​រហូតដល់​ទៅ​៧.០០០​ទៅ​៨.០០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម ដែល​ប្រៀប​ធៀប​​ទៅ​នឹង​ឆ្នាំ​មុនៗ​ក្នុង​មួយ​គីឡូ​ក្រាម​តំលៃ​១.០០០​រៀល​ ប៉ុណ្ណោះ ​និង​គ្មាន​អ្នក​ណា​ចាប់​​អារម្មណ៍​​ចង់​ទិញ​ផង។


ផ្លែ​ប្រមាត់​មនុស្សទុំ

លោក​បាន​បន្ត​ទៀត​ថា ចំពោះ​លោក​ជា​ឈ្មួញ​កណ្តាល​បាន​ទិញ​ចូល​ក្នុង​តំលៃ​មួយ​គីឡូ​ក្រាមពី​២.០០០​ ទៅ​៣.០០០​រៀល ហើយ​​លោក​លក់​បន្ត​​ឱ្យ​ឈ្មួ​ញ​​ដែល​ទិញ​យក​ទៅ​ប្រទេស​ឡាវ​បាន​៣.២០០​រៀល​ ក្នុង​មួយ​គីឡូ​ក្រាម។ ឯ​​ឈ្មួញ​ដែល​យក​ទៅ​លក់​ដល់​ប្រទេស​ឡាវ​នោះ​​បាន​​តំលៃ​ដល់​ទៅ៧.០០០ ​ទៅ​៨.០០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម ហើយ​ក្នុង​មួយ​​ថ្ងៃ​លោក​ទិញ​ចូល​បាន​​​ពី​១០០​ទៅ ២០០​គីឡូ​ក្រាម​ដោយ​​មាន​បង​ប្អូន​អ្នក​ភូមិ​យក​មក​​លក់​ដល់​ទី​កន្លែង ។ លោក​ថៃ​ ឡុង ​បាន​រៀប​រាប់​​បន្ត​ទៀត​ថា ចំពោះ​ផ្លែ​​ប្រមាត់​មនុស្ស​​​ដែល​ប្រទេស​ឡាវ​ប្រមូល​ទិញ​នេះ​មិន​ដឹង​ថា គេ​យក​ទៅ​ផលិត​ចេញ​ជា​អ្វី​នោះ​ទេ ប៉ុន្តែ​អ្នក​ស្រុក​យើង​ភាគ​ច្រើន​គេ​យក​​ផ្លែ​ប្រមាត់​មនុស្ស​នេះ​ទៅ​ហាល​ ថ្ងៃ​ឱ្យ​ក្រៀម​រួច​ដាំ​​ជា​មួយ​ទឹក​សំរាប់​ទទួល​ទាន ​បង្ការ​​ជំងឺ​គ្រុន​ចាញ់​​ធ្វើ​ឱ្យ​ត្រជាក់ខ្លួន និង​មាន​សុខ​ភាព​ល្អ​ ព្រោះ​វា​មាន​​រស​ជាតិ​ល្វីង​​ទាំង​ផ្លែ​ទាំង​ដើម។


ឈ្មួញ​កណ្តាលសំរុកទិញយក​ទៅ​លក់​នៅប្រទេស​ឡាវ

លោក​បាន​បន្ថែម​ទៀត​​ថា គ្រាប់​ផ្លែ​ប្រមាត់​មនុស្ស​នេះ​ប្រជា​ពល​រដ្ឋ​យើង​ដែ​លរស់​នៅ​តាម​​​​តំបន់ ​ព្រៃ​ភ្នំ​ដាច់ស្រយាល​ដើរ​បេះ​សន្សំ​ម្តង​បន្តិច​ៗ ព្រោះ​ភាគ​ច្រើន​វា​ដុះ​នៅ​ក្នុង​ព្រៃ។ ដើម​របស់​វា​មិន​ធំ​ដូច​ជា​ដើម​ស្វាយ ឬ​ដើម​ល្ហុង​ឡើយ ​ហើយ​ក៏​មិន​មាន​លក្ខណៈ​ដូច​​ជា​វល្លិ​ដែរ ពោល​គឺ​ដូច​ជា​ដើម​ទន្ទ្រាន​ខេត្ត។ វា​ចាប់​ផ្តើម​ដុះ​នៅ​ពេល​​មាន​ភ្លៀង​ធ្លាក់​​លុះ​ដល់​ពេល​រដូវ​ក្តៅ​​វិញ​ វា​ក៏​ងាប់​ទៅ​វិញ ​ហើយ​​​​វា​គឺ​ជា​រុក្ខ​ជាតិ​ដុះ​ឡើង​​ដោយ​ឯងៗ​ពី​ធម្ម​ជាតិ​​ និង​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​​ថា «ដើម​ប្រមាត់​មនុស្ស ឬ​ផ្លែ​ប្រមាត់​មនុស្ស» ​៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP