សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ប្រាសាទប្រាំ ទ្រុឌទ្រោមដោយសារគេលួចគាស់



ប្រាសាទបុរាណមួយដ៏ប្រណីតមាន អាយុកាលរាប់ពាន់ឆ្នាំមកហើយ នៅ លាក់កប់ ក្នុងព្រៃពុំសូវមានអ្នកណា ម្នាក់បាន ដឹងឡើយដោយហេតុថា ប្រាសាទនេះនៅដាច់ ស្រយាល ពីទីប្រជុំជន ។ អ្នកយកព័ត៌មានយើងទៅ ដល់ទីកន្លែងនោះ... បានឃើញសភាព ទ្រុឌទ្រោម ព្រមទាំងការបំផ្លាញស្ទើរតែទាំងស្រុងពីស្នាដៃព្រៃផ្សៃនៃពួកជនល្មោភលោភលន់ គាស់រុករកវត្ថុមានតម្លៃដែលដូនតាយើងបានកប់ទុកក្នុងតួនៃប្រាសាទ ។ យើងសែនរន្ធត់ចិត្តដោយភាពស្រណោះ អាឡោះអាល័យស្តាយកេរដំណែលដែល ជាបេតិកភណ្ឌជាតិរបស់ខ្លួនត្រូវបានខូចខាតដោយពួកឈ្មួញអគតិ ។

ប្រាសាទបុរាណនេះស្ថិតនៅ ក្នុងទឹកដីខេត្តបន្ទាយមានជ័យ ស្រុក ភ្នំស្រុក ឃុំគោកពន្លៃ ដែលអ្នកស្រុក បានហៅ ប្រាសាទនេះតៗថាប្រាសាទប្រាំ ឬ ប្រាសាទប្រាំល្វែង ។ ក្រៅពីប្រាសាទប្រាំនេះក៏មានប្រាសាទមួយទៀតមានឈ្មោះថា ប្រាសាទភូមិចារលើ មានរចនាបថមិនខុសពីប្រាសាទបន្ទាយឆ្មារប៉ុន្មានឡើយ ដែលស្ថិតនៅមិនឆ្ងាយពី ប្រាសាទប្រាំនេះទេ ។

បើតាមសម្តីលោក អុំ ចាន់ឈួន ជាអ្នកស្រុកនៅក្បែរប្រាសាទប្រាំល្វែងនេះ បានមានប្រសាសន៍ថា ដើមឡើយ ប្រាសាទប្រាំល្វែងឬប្រាសាទកំពូលប្រាំនេះនៅ ពុំទាន់បាក់បែកទេ កាលពីសម័យសង្គមរាស្ត្រនិយមនោះ ហើយ ក្រោយមកនាឆ្នាំ១៩៨០-១៩៨៧ ទើបតួប្រាសាទនេះត្រូវបានរងនូវការ ខូចខាតធ្ងន់ធ្ងរ ដោយសារពួកទមិឡ ឥតសាសនាបំផ្លិចបំផ្លាញគាស់រុករកវត្ថុមានតម្លៃក្រោមប្រាសាទ ដែល ជាហេតុធ្វើឱ្យប្រាសាទមានសភាពទ្រុឌទ្រោម ព្រោះសម័យនោះឯង ពួកឈ្មួញទិញរូបចម្លាក់ដែលនៅតាម ជញ្ជាំងប្រាសាទ ធ្វើឱ្យក្រុមអ្នកដើរគាស់រុករកវត្ថុបុរាណ ដាប់យករូបចម្លាក់បុរាណ និង សិលាចារឹកនានាដែល ដូនតាយើងបន្សល់ទុកជាព័ស្តុតាងសម្រាប់ឱ្យកូនចៅ ខ្មែរយើងជំនាន់ក្រោយបានដឹងពីប្រវត្តិសាស្ត្រនៃសម័យ កាលនោះយកទៅលក់ឱ្យឈ្មួញនៅប្រទេសថៃ ។




លោក ស៊ីវ សារួន អនុប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានយើង ឱ្យដឹងថាប្រាសាទប្រាំ និង ប្រាសាទចារ លើនេះនៅពុំមានព័ត៌មានណាមួយបញ្ជាក់ឱ្យបានច្បាស់លាស់នៅឡើយទេ ។ ចំពោះឈ្មោះប្រាសាទខាងលើនេះ គឺហៅតាមអ្នកស្រុកភូមិក្បែរៗនោះហៅទេ លោក បានឱ្យដឹងបន្តទៀតថា ប្រាសាទខាងលើនេះគឺមានការស្ថាបនាឡើងក្នុងរជ្ជកាល ព្រះបាទជយវរ្ម័នទី ៧ ដើមសតវត្សរ៍ទី ១២ និង សតវត្សរ៍ទី ១៣ ។ ដោយឡែក ស្ពានធំមួយកន្លែងដែលអ្នកស្រុកភូមិនេះហៅថា ស្ពានត្រែងមានប្រវែង ១១០ ម៉ែត្រ កសាងឡើងនៅក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី ៧ ដូចគ្នា ។ លោក ស៊ីវ សារួន បានបន្តទៀតថា ប្រាសាទនៅ ខេត្តបន្ទាយមានជ័យនេះគឺនៅមានច្រើន ណាស់ តែយើងនៅមិនទាន់ស្រាវជ្រាវរកឃើញឱ្យអស់នៅឡើយទេ ។

លោកអ៊ំប្រុសម្នាក់ឈ្មោះ ធៀម លើត អាយុ ៦៧ ឆ្នាំ បានមានប្រសាសន៍ថា ប្រាសាទនេះប្រហែលកសាងឡើង នៅសតវត្សរ៍ទី៩ឬសតវត្សរ៍ទី ១៥ នៅក្នុង រជ្ជកាលព្រះបាទ ជយវរ្ម័នទី ២ ឥន្ទ្រវរ្ម័នទី ១ គេកសាងឡើងដើម្បីឧទ្ទិស ដល់ព្រហ្មញសាសនា ឬ ដួងវិញ្ញាណក្ខន្ធនៃបុព្វដូនតាថ្វាយដល់ទេវព្រះព្រហ្ម ។ ដោយឡែក សព្វថ្ងៃនេះ រៀងរាល់ថ្ងៃ បុណ្យភូមិឬមានធ្វើពិធីបុណ្យទាននានាតាមវត្តអារាម ពួកអ្នកស្រុកនៅក្នុងតំបន់នេះតែងតែយកក្បាលជ្រូក មាន់ ទា ស្រាចេកទៅថ្វាយនៅពីមុខប្រាសាទដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនដល់មនុស្សផងទាំងពួងនៅ ក្នុងមូលដ្ឋាន ដើម្បីឱ្យព្រលឹងបុព្វដូនតាជួយឱ្យកូនចៅបានសុខរួចផុតពីសេចក្តីទុក្ខ សៅហ្មង ។ លោកអ៊ំបន្តទៀតថា ជំនឿ ទាំងនេះសុទ្ធសឹងតែជាជំនឿសែនថ្វាយ តៗគ្នាតាំងពីដូនតាមក ។

ប្រាសាទចារលើ នៅមិនឆ្ងាយពីប្រាសាទប្រាំប៉ុន្មានទេ គឺប្រហែលតែ ២ គីឡូម៉ែត្រ ។ ប្រាសាទនេះនៅមានសភាពល្អ ៧៥ ភាគរយ ។ លោកពូម្នាក់ដែល ជាអ្នកភូមិនៅក្បែរប្រាសាទចារលើនេះ បានមានប្រសាសន៍ថា ដើមឡើយ ប្រាសាទនេះមានរូបចម្លាក់នៅល្អនៅឡើយទេ ក្រោយមកក៏មានពួកឈ្មួញលួច ដាប់យករូបចម្លាក់នៅខ្លោងទ្វារប្រាសាទ ។ គាត់និយាយបន្តទៀតថា រូបចម្លាក់ នេះមានរូបមនុស្សជិះលើសត្វគោ ក្រោយមកស្រាប់តែមានចោរលួចដាប់យករូប សត្វគោទៅបាត់នៅសល់តែរូបចម្លាក់ និង ក្បូរក្បាច់មួយចំនួន ចំណែកបាត ប្រាសាទត្រូវបានគេគាស់រុករកវត្ថុមានតម្លៃ ដែលជាហេតុធ្វើឱ្យប្រាសាទមួយនេះ មានការស្រុតផ្អៀងផ្នែកខាងក្រោយ ។ ប្រាសាទប្រាំ ឬ ប្រាសាទប្រាំល្វែង មាន ចម្ងាយពីទីរួមស្រុកភ្នំស្រុក ២០ គីឡូម៉ែត្រ ដោយឆ្លងកាត់ស្ពានបុរាណពីរកន្លែង ទើបយើងទៅដល់ប្រាសាទប្រាំ ឬ ប្រាសាទប្រាំល្វែងស្ថិតនៅខាងស្តាំដៃពីផ្លូវ ក្រាលក្រួសក្រហមមួយខ្សែដែលត្រូវបានកសាងឡើងដោយអ្នកស្រុកភូមិ ។

លោកអ៊ំ ធៀម លើត បានឱ្យដឹងទៀតថា ផ្លូវនេះជាផ្លូវបុរាណមួយគឺតភ្ជាប់ ពីប្រាសាទបន្ទាយឆ្មារមកដល់ប្រាសាទប្រាំ ឬ ប្រាសាទប្រាំល្វែង ឆ្ពោះទៅកាន់ ប្រាសាទអង្គរវត្តនៃទីក្រុងអង្គរខេត្តសៀមរាប ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP