សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ប្រាសាទវត្តឯករងរង្គ្រោះព្រោះខ្វះការថែទាំ


សព្វថ្ងៃនេះខេត្តបាត់ដំបង នៅតែជាខេត្ត ដែលមានរមណីយដ្ឋានវប្បធម៌ជាច្រើន ជាពិសេសប្រាសាទបុរាណដូចជា ប្រាសាទភ្នំបាណន់ប្រាសាទវត្តបាសែត ប្រាសាទស្ទឹង និង ប្រាសាទវត្តឯក ព្រមទាំងមានរមណីយដ្ឋានធម្មជាតិជា ច្រើនទៀតដូចជាបន្ទាយសត្វប្រជ្រៀវនៅភ្នំសំពៅ...ដែលសុទ្ធសឹងជាកន្លែងបានទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិទៅចូលទស្សនាយ៉ាងច្រើន ។ ដោយឡែក ប្រាសាទវត្តឯក គឺជាប្រាសាទមួយដែលដូនតាខ្មែរបានកសាង ទុកសម្រាប់ឱ្យកូនខ្មែរ ជំនាន់ក្រោយបានស្គាល់នូវស្នាព្រះហត្ថនៃស្ថាបត្យកម្មក្នុងសម័យកាលនោះ ។


http://www.phnompenhdailynews.com/images/stories/27773695.jpg


បច្ចុប្បន្នប្រាសាទវត្តឯក ស្ថិតនៅចម្ងាយ ១០ គីឡូម៉ែត្រ ខាងជើងទីរួមខេត្តបាត់ដំបង ស្ថិតនៅភូមិគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

លោក ប្រាក់ សុណ្ណារ៉ា ប្រធានការិយាល័យអង្កេត និង រុករកនៃនាយកដ្ឋានបេតិកភណ្ឌជាតិ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈនិងជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ អាស៊ីអាគ្នេយ៍ នៅមហាវិទ្យាល័យបុរាណវិទ្យាបានមានប្រសាសន៍ថា ដោយសារនៅក្នុងបរិវេណប្រាសាទនេះមានព្រះវិហារវត្តមួយស្ថិតនៅចំពីមុខប្រាសាទ ហើយមានឈ្មោះថាវត្តឯកទើប ហេតុដូច្នេះហើយបានជាប្រាសាទនេះត្រូវបានគេហៅតាមឈ្មោះវត្តថា ប្រាសាទវត្តឯក ។

ប្រាសាទវត្តឯកមានតួប្រាង្គរាងការ៉េ (រាងបួនជ្រុង) ធ្វើពីថ្មភក់ ហើយមានគ្រឹះនឹងកំពែងធ្វើពីថ្មបាយក្រៀម បែរមុខ ទៅទិសខាងកើត។ សំណង់ប្រាសាទវត្តឯកនេះមានតួប៉មមួយសង់នៅលើខឿន ធ្វើពីថ្មភក់ មានពីរថ្នាក់កម្ពស់ ៤ ម៉ែត្រ នៅលើទីលានមួយមានរាងបួនជ្រុងដែលមានប្រវែងប្រហែល ៣០ ម៉ែត្រ ទីលានមួយមានរាងបួនជ្រុង ដែលមាន ប្រវែងប្រហែល ៣០ ម៉ែត្រ ។ ប្រាសាទនេះមានចែងពន្លឺជុំវិញតួប៉មប្រាសាទ ហើយមានប្រវែង ៥២ ម៉ែត្រ តាមទិសខាងកើតទៅលិច និង ៤៩ ម៉ែត្រតាមទិសជើងទៅត្បូង ដោយថែវនេះបង្កើតបានជាជញ្ជាំងមួយធ្វើពីថ្ម បាយក្រៀម ។ មិនតែប៉ុណ្ណោះនៅជុំវិញប្រាសាទវត្តឯកនេះក៏មានស្រះ បុរាណព័ទ្ធជុំវិញផងដែរ ។

លោក ប្រាក់ វណ្ណារ៉ា បានមានប្រសាសន៍បញ្ជាក់បន្ថែមថា ប្រាសាទវត្តឯក ត្រូវបានសាងឡើងនាសតវត្សរ៍ទី ១១ ក្រោមរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី ១ ដែលព្រះអង្គបានសោយរាជ្យពីឆ្នាំ ១០០២ ដល់ឆ្នាំ ១០៥០ នៃគ្រិស្តសករាជ ។ តាមការពិនិត្យឃើញចម្លាក់នៅលើផ្តែទ្វារនៃប្រាសាទវត្តឯកនិយាយពីរឿងរ៉ាវទាក់ទងទៅនឹងអាទិទេព និង ខាង ព្រហ្មញ្ញាសាសនាដូចជាអាទិទេពឥសូរអង្គុយជាមួយមហេសី នៅលើយានជំនិះរបស់ព្រះអង្គជាសត្វគោនន្ទិន អាទិទេពព្រះវស្ណុព្រះព្រហ្ម និង ព្រះឥន្ទ្រអង្គុយលើដំរីក្បាលបី ។ ក្រៅពីចម្លាក់ជាអាទិទេព នៅមានចម្លាក់ជាសត្វ ផងដែរដូចជាចម្លាក់សត្វតោ ជាដើម ។ បន្ទាប់មកទៀតយើងឃើញមានចម្លាក់ជារឿងកូរសមុទ្រទឹកដោះ ដែលមានតួអង្គ៥ម្ខាងតំណាងដោយក្រុមទេវតា និង ក្រុមអសុរៈទាញសត្វពស់នាគដើម្បីយកទឹកអម្រឹត ។


http://www.phnompenhdailynews.com/images/stories/8934209.jpg



ប៉ុន្តែគួរឱ្យសោកស្តាយ និង គួរឱ្យរន្ធត់ជាទីបំផុតដោយសារតែបណ្តាលមកពីធម្មជាតិអាយុកាលយូរលង់ហើយនឹង មនុស្សបំផ្លាញប្រាសាទវត្តឯកនាពេលសព្វថ្ងៃនេះបានទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរជាក់ស្តែងផ្ទាំងថ្មប្រាសាទបានរលុះ ធ្លាករាយប៉ាយពាសពេញដី ។

ដោយបានឆ្លងកាត់នូវព្រឹត្តិការប្រវត្តិសាស្ត្រជាច្រើនដំណាក់កាលបានធ្វើឱ្យសម្បត្តិវប្បធម៌ខ្មែរ ត្រូវទ្រាំទ្រ និង ក្តីឈឺចាប់រាប់មិនអស់ច្រើនជាងអ្វីដែលខ្លួនបានទទួលនូវក្តីសុខសាន្តក្រោយពីខ្លួនបានទទួលនូវពន្លឺរស្មីមួយរយៈមក ។ ឥឡូវនេះពិតមែនតែស្រុកទេសមានសន្តិភាព ហើយច្បាប់ដែលទាក់ទងទៅនឹងការថែរក្សាការពារបេតិកភណ្ឌវប្បធម៌ អាចជួយកាត់បន្ថយដល់ការខូចខាត ឬ បាត់បង់នៃសម្បត្តិវប្បធម៌ តែគេមិននឹកស្មានដល់ថា នៅមានអ្នកដែល មានបំណងលើសពីនេះមានចេតនា ឬ អចេតនាជួយបន្ថែមនូវអ្វីដែលខ្លួនចង់បានតាមចិត្តប្រាថ្នាដោយមិនគិតថា វាប៉ះពាល់ដល់តម្លៃនៃសម្បត្តិវប្បធម៌ដូចជាប្រាសាទវត្តឯកនេះជាដើម ។ នេះមិននិយាយដល់សំណង់វត្តអារាម ដែលបានកសាងឡើងមុន ពេលមានច្បាប់ខាងលើនេះជាយូរមកហើយនោះទេ ។ ពោលគឺនិយាយតែអ្វីដែលអ្នកទាំង នោះបានកសាងនូវសំណង់ដែល កើតមានក្រោយពេលមានច្បាប់ខាងលើប៉ុណ្ណោះ ។ ដូចជាករណីការកសាង ព្រះពុទ្ធប្បដិមាធំមានកម្ពស់ជាង ២០ ម៉ែត្រ ដោយបានរំលោភទៅលើការស្តារស្រះទឹកបុរាណទៀតផង ដែលទាំង អស់នេះសុទ្ធតែខុសទៅនឹងច្បាប់ការពារបេតិកភណ្ឌ របស់ជាតិ។ តែទោះបីជាប្រាសាទនេះស្ថិតនៅក្នុង ស្ថានភាពមួយដូចពោលខាងលើនេះក៏ដោយ ក៏ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈមានគម្រោងថែទាំ និង អភិរក្សប្រាសាទវត្តឯកទៅតាមទិសដៅរបស់រដ្ឋាភិបាលដែរ ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP