សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

កោះ​សំពៅមាស​នៅ​ខេត្ដពោធិ៍សាត់

កោះ​សំពៅមាស​ ​មើល​ពី​ស្ពានថ្ម​ខាងត្បូង

កោះ​សំពៅមាស​ ​មើល​ពី​ស្ពានថ្ម​ខាងត្បូង

ដី​មួយ​ដុំ​ដែល​ដុះ​កណ្ដាល​ស្ទឹង​នៅ​ផ្នែក​ខាងកើត​ ឆៀង​ខាងជើង​ដែល​មាន​សណ្ឋាន​ដី​ទទឹង​៥០​ម៉ែត្រ...​ ​បណ្ដោយ​ជាង​២០០​ម៉ែត្រ​ត្រូវ​បាន​អ្នក​ខេត្ដពោធិ៍សាត់​ឱ្យឈ្មោះ​ថា​ “កោះ​សំពៅមាស” ។

កោះ​នេះ​ត្រូវ​បាន​គេ​ច្នៃប្រឌិត​ចាក់​បេតុង​ជុំវិញ​ ​ហើយ​នៅ​ផ្នែក​ខាងលើ​កោះ​បាន​ធ្វើ​សួនច្បារ​ដាំ​ដើមឈើ​ធ្វើ​ជា​រោង​វេទិកា​ ដាក់​ដងក្ដោង​ ដងទង់​ជាតិ​ ហើយ​រចនា​ផ្នែក​ជុំវិញ​លាបថ្នាំ​ចម្រុះ​ពណ៌​ និង​ដាំ​បង្គោល​ភ្លើង​យ៉ាងច្រើន​ ដែល​មើលទៅ​ដូច​ជា​សំពៅ​ដ៏​ថ្មី​សន្លាង​កំពុង​បើក​កណ្ដាល​ស្ទឹង​បញ្ច្រាស​ទឹក ​ហូរ​មក​ជាប់​នៅ​មុខ​សាលាខេត្ដ​ក្នុង​ទីប្រជុំជន​យ៉ាងដូច​នេះ​ដែរ ។

មន្ដ្រី​សាលាខេត្ដ​ពោធិ៍សាត់​បានឱ្យ​ដឹង​ថា​ ការ​ធ្វើ​កោះ​សំពៅមាស​ដោយ​រចនា​ដូច​សំពៅ​បេះបិទ​នោះ​បាន​ចាប់ផ្ដើម​ធ្វើ​ឡើង ​ទន្ទឹម​គ្នា​ជាមួយនឹង​ស្ពាន​ថ្មី​មួយ​ដែល​ឆ្លង​ពី​ថ្នល់​ខាង​លិច​ទៅ​លើ​កោះ ​សំពៅមាស​កាលពី​ដើមឆ្នាំ​២០០៨ ។ ដី​កោះ​ដែល​ធ្វើ​ឱ្យ​ដូច​សំពៅ​នោះ​ត្រូវ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា ​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១០​ ខែ​មករា​ ​ឆ្នាំ​២០០៩ ។

ស្ពានថ្ម​ចូល​ទៅ​កាន់​កោះ​សំពៅមាស

ស្ពានថ្ម​ចូល​ទៅ​កាន់​កោះ​សំពៅមាស

ប្រវត្ដិ​ខ្លះៗ​ទាក់ទង​នឹង​កោះ​សំពៅមាស

កោះ​សំពៅមាស​នេះ​មិន​មាន​ឯកសារ​ណា​ច្បាស់លាស់​ទេ​ គ្រាន់តែ​ឮ​គេ​តំណាល​តៗ​គ្នា​ពី​មនុស្ស​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ។ តាម​ចាស់ៗ​និយាយ​ថា​ មាន​សំពៅ​មួយ​ដែល​មក​ពី​ស្រុក​ចិន​បាន​ចូល​មក​ដឹក​ទំនិញ​នៅ​ម្ដុំ​ផ្សារ​ ក្រោម​ខេត្ដពោធិ៍សាត់​នេះ​តែ​បាន​លិច​ ហើយដោយ​មិន​អាច​ស្រង់​វិញ​បាន ។​ ​ទឹក​ដែល​ហូរ​បាន​នាំ​ល្បាប់​ដី​មក​ព័ទ្ធ​ជុំ​ជិត​ទីនោះ​ហើយ​ក៏​បាន​ ក្លាយទៅជា​កោះ ។ រឿង​នេះ​មិនដឹង​កើតឡើង​កាលពី​ប៉ុន្មាន​រយ​ឆ្នាំ​មក​ហើយ​នោះ​ទេ ។ តែ​អ្នកខ្លះ​បាន​តំណាល​ថា​ កោះ​សំពៅមាស​នោះ​ ​គឺជា​កន្លែង​ដែល​នាង​ពេញ​ជា​បាវបម្រើ​លោក​ជំទាវ​ខាន់​ ​ខៀវ​ ​ប្រពន្ធ​លោក​ឧកញ៉ា​ឃ្លាំង​ ​មឿង​ ​បាន​ទៅ​លោតទឹក​សម្លាប់​ខ្លួន​តាម​ចៅហ្វាយ​ ​ហើយ​នឹង​កូន​ពីរ​នាក់​ទៀត​របស់​លោក​ឧកញ៉ា​មឿង ​ដែល​បាន​លោត​ចូល​ទៅ​ក្នុង​រណ្ដៅ​មួយ​ ​ដើម្បី​ទៅ​កេណ្ឌ​ទ័ព​ខ្មោច​មក​ប្រយុទ្ធ​ជាមួយ​សត្រូវ​ដែល​កាល​ណោះ​មាន​ ស្ដេច​អង្គ​ចន្ទរាជា​ប្រយុទ្ធ​ជាមួយនឹង​សៀម ។ ប៉ុន្តែ បើ​តាម​សៀវភៅ​ “ព្រះស្ដេច​កន”​ របស់​លោកបណ្ឌិត រស់ ចន្ត្រាបុត្រ អ្នកម្នាង ខៀវ ជា​ស្នំ​ឯក​របស់​ព្រះអង្គ​ចន្ទរាជា ហើយ​នាង​ពេញ​ជាអ្នកបម្រើ​របស់​អ្នកម្នាង ។ រីឯ​​ចម្បាំង​កាលណោះ​ គឺ​រវាង​ព្រះអង្គ​ចន្ទរាជា និង​ឃុនហ្លួង​ព្រះស្ដេច​កន ។

នាង​ពេញ​ ​ពេល​លោតទឹក​នោះ​បាន​បួងសួង​ថា​ “ខ្ញុំ​សូម​ឱ្យ​បាន​ទៅ​ជួបនឹង​ចៅហ្វាយ​ខ្ញុំ​ ​ហើយ​បានឱ្យ​កើតជា​បិសាច​នៅ​ស្រុក​នេះ” ។ ពេល​បួងសួង​ហើយ​នាង​ពេញ​ក៏​ទៅ​លោតទឹក​ស្ទឹង​ពោធិ៍សាត់​ជិត​ផ្សារ​ក្រោម​នោះ​ ហើយ​បាន​កើតជា​បិសាច​ដែល​កើត​បាន​ទៅ​ជា​ដំបូក ។

ប្រផ្នូល​ដំបូក​នាង​ពេញ​

កន្លែង​ដែល​នាង​ពេញ​លោតទឹក​ស្ទឹង​សម្លាប់​ខ្លួន​នោះ​ ទំនាយ​ទាយ​ថា បើ​ច្រាំង​ស្ទឹង​ដុះ​លូតលាស់​ល្អ​ ​ទំនាយ​ថា​ចៅហ្វាយស្រុក​នឹង​ក្សេមក្សាន្ដ ។ បើ​បាក់​ច្រាំង​រេចរឹល​ ​ទំនាយ​ថា​ចៅហ្វាយស្រុក​នេះ​មានទុក្ខ​ក្នុងផ្ទះ​ ​ឬ​មានទុក្ខ​ពី​រាជការ ។ បើ​ច្រាំង​ស្ទឹង​នេះ​បាក់ ទំនាយ​ថា​ចៅហ្វាយស្រុក​នឹង​អស់បុណ្យ ។

លោក​ អ៊ី​ ​សារ៉ូ​ ​អនុប្រធាន​មន្ទីរ​ធម្មការ​ខេត្ដពោធិ៍សាត់​ឱ្យ​ដឹង​ថា​ កាលពី​ជាង​៦០​ឆ្នាំ​កន្លង​ទៅ​ហើយ​នោះ​ ទីកន្លែង​កោះ​សំពៅមាស​នេះ​មាន​គេ​រើស​បាន​រូប​បដិមា​ធ្វើ​ពី​ឈើ​មួយ​អង្គ​ តែ​ព្រះ​អង្គ​ឈើ​នោះ​ពុក​បាក់​ខ្លះ​ ​តែ​រចនាបថ​គេ​យល់​ថា​ជា​ព្រះ​អង្គ​ចៅសែន ។ ហើយ​ពុទ្ធបដិមា​នោះ​ក៏​យក​ទៅ​តម្កល់​ទុក​នៅ​មុខ​សាលាខេត្ដ​ពោធិ៍សាត់ ។ បច្ចុប្បន្ន​កន្លែង​នោះ​ត្រូវ​បាន​ឯកឧត្ដម ​ឆាយ​ ​សារ៉េត​ ​អភិបាលខេត្ដ​ពោធិ៍សាត់​ធ្វើ​ជា​អាស្រម​សម្រាប់​តម្កល់​ព្រះ​អង្គ​ចៅសែន​ឱ្យ ​គត់មត់​ផង​ដែរ ។




Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP