សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ការប្រឈមនឹងមេរោគអេដស៍ និងជំងឺអេដស៍របស់យុវវ័យ

ក្នុងវ័យ ២០ ឆ្នាំ កញ្ញា ដាណេ មាន សុខភាពឌ្រុតទ្រោម រូបកាយស្គមស្គាំង ស្លេកស្លាំង ដោយមើលទៅគ្មានកម្លាំងក្នុង ខ្លួនទាល់តែសោះ។ ដេកស្តូកស្តឹង ដៃព្យួរសេរ៉ូមនៅលើលើគ្រែក្នុងបន្ទប់ មួយដែលមានអ្នកជំងឺអេដស៍បីនាក់ក្នុង អគារជំងឺឆ្លងនៃ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថា ពេទ្យរុស្ស៊ី ដាណេ... មានទឹកមុខស្រងូតស្រងាត់មិនបាន និយាយអ្វីទាំងអស់។ អ្នកស្រី ដានី ដែលជាម្តាយរបស់ ដាណេ បាននិយាយដោយអួលដើមកថា “ខ្ញុំមិនបាន ប្រាប់កូនខ្ញុំថា វាមានផ្ទុកមេរោគ អេដស៍នោះទេ ព្រោះខ្ញុំខ្លាចវាបាក់ទឹកចិត្ត”។ នៅពេលដែលសួរថា តើ ដាណេ បានឆ្លងមេរោគអេដស៍ដោយរបៀបណា អ្នកស្រីជា ម្តាយក៏មានទឹកភ្នែករលីងរលោង ហើយនិយាយមួយៗថា ទំនងជាឆ្លងតាមរយៈការបញ្ចូលឈាមកាលពីឆ្នាំ ១៩៩៧ មកម្លេះ”។

បើទោះជាការអះអាងនោះពិតឬមិនពិតក៏ដោយ ក៏ ដាណេ បានផ្ទុកមេរោគអេដស៍ក្នុងខ្លួនរួចទៅហើយ។ ដាណេ គឺជា មនុស្សក្នុងចំណោមនុស្សជិត ៧ ម៉ឺននាក់ដែលកំពុងរស់នៅជាមួយមេរោគអេដស៍ (ផ្ទុកមេរោគអេដស៍)។ នាងក៏ជានារីវ័យក្មេងម្នាក់ក្នុងចំណោមយុវវ័យកម្ពុជាជាច្រើនដែលកំពុងរស់នៅជាមួយមេរោគអេដស៍ដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការអន្តរនាយកដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍និងគ្រឿងញៀននៃ ក្រសួង អប់រំ យុវជន និងកីឡា ដែលចេញផ្សាយនៅថ្ងៃទី ៤ វិច្ឆិកា នេះបានឱ្យដឹងថា រាជរដ្ឋាភិបាលកំពុងតែមាន ការព្រួយបារម្មណ៍ពីការ រាតត្បាតមេរោគនេះ ក្នុងចំណោមយុវវ័យ ដោយសារថា ការប្រព្រឹត្តដែលគ្មានសុវត្ថិភាព ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ការសេពគ្រឿងស្រវឹង និងការរួមភេទគ្មានសុវត្ថិភាព ដែលអាចនាំឱ្យឆ្លង មេរោគអេដស៍ និងជំងឺផ្សេងៗទៀត។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា យុវវ័យកម្ពុជាដែលមានអាយុពី ១០ ឆ្នាំ ទៅ ២៤ ឆ្នាំគឺជាក្រុមប្រឈមមុខ ខ្ពស់នៃការឆ្លងមេរោគអេដស៍នេះ ហើយការប្រឈមនឹងគ្រោះថ្នាក់នេះនឹងកើនឡើងកាន់តែខ្លាំង ដោយសារ តែលទ្ធភាពក្នុងការ ទទួលសេវាសុខភាពផ្លូវភេទ និងសេវាសុខភាពបន្តពូជពុំមាន ឬមានតិចតួច និងដោយសារ គ្មានកិច្ចការពារអំពើហិង្សា ការរំលោភ បំពាន និងការកេងប្រវ័ញ្ជ។

អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានសេចក្តីប្រកាសព័ត៌មាននោះដកស្រង់សំដីដោយ ដោយ និយាយថា “យើងត្រូវចង់ធ្វើការស្រាវជ្រាវ ដើម្បីជួយឱ្យយើងរកឃើញនូវវិធីសាស្ត្រណា ដែលល្អបំផុតក្នុងការ ដោះស្រាយបញ្ហា ប្រឈមនានាដែលធ្វើឱ្យយុវវ័យកម្ពុជាគ្មានសុវត្ថិភាព”។

គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះ មានការអង្កេតមួយបានធ្វើឡើងដោយ អង្គការសម្ព័ន្ធភាពខ្មែរប្រយុទ្ធនឹងជំងឺ អេដស៍ (ខាណា) ក្រោមការគាំទ្រពីអង្គការអន្តរជាតិមួយចំនួននោះ បានបង្ហាញពីការពាក់ព័ន្ធរបស់យុវវ័យកម្ពុជា ជាមួយនឹង សុខភាពរបស់ពួកគេ និងការប្រឈមគ្រោះថ្នាក់ជាមួយការឆ្លងមេរោគអេដស៍ និងការប្រើថ្នាំញៀន។
គោលបំណងនៃការអង្កេតនេះ គឺចង់ផ្តល់ជូនដល់អ្នករៀបចំគោលនយោបាយ និងអ្នកធ្វើផែនការនូវទិន្នន័យ ដ៏គួរឱ្យទុក ចិត្តបានស្តីពីការប្រព្រឹត្តន្តិនារាបស់យុវវ័យដែលពាក់ព័ន្ធនឹងការប្រើគ្រឿងស្រវឹង គ្រឿងញៀន និងការរួមភេទ ព្រមទាំងលទ្ធភាព អាចទទួលបាននូវសេវាអប់រំផ្លូវភេទ និងសុខភាពបន្តពូជ ក្នុងចំណោម យុវវ័យដែលប្រឈម គ្រោះថ្នាក់ខ្ពស់ ក្នុងការឆ្លងមេរោគ អេដស៍ តាមរយៈការរួមភេទគ្មានសុវត្ថិភាពជាមួយ ដៃគូច្រើននិងការប្រើថ្នាំញៀន ដោយប្រើប្រាស់សម្ភារៈចាក់ដែលពុំបានសំអាត មេរោគជាមុន។

ការអង្កេតនេះបានធ្វើឡើងនៅដើមឆ្នាំ ២០១០ ដោយមានយុវវ័យចំនួនជាង ២,៤០០ នាក់ ដែលមានអាយុពី ១០ ទៅ ២៤ ឆ្នាំ នៅ “ទីន្លែងជាចំណុចក្តៅ” ក្នុងខេត្តចំនួនប្រាំបី ដោយគេគិតថា ជាទីកន្លែងដែលអំពើប្រព្រឹត្តដែលប្រឈម គ្រោះថ្នាក់ឆ្លង មេរោគអេដស៍មានអត្រាខ្ពស់។

លទ្ធផលទទួលនៃការអង្កេតនេះបង្ហាញឱ្យឃើញថា អ្នកឆ្លើយជាប្រុសចំនួន ១.២៣៦ នាក់ ឬ ៤១% និង អ្នកឆ្លើយ ជាស្រីចំនួន ១.២៥៣ នាក់ ឬ ២៣% បានឆ្លើយថា ពួកគេធ្លាប់បានរួមភេទ។ ៨៣% នៃអ្នកឆ្លើយជាប្រុសបានបង្ហាញថា ពួកគេបាន រួមភេទជាមួយអ្នករកស៊ីផ្លូវភេទ ហើយ ៤៣% មានឆ្លងជំងឺកាមរោគ។

លទ្ធផលទទួលនៃការអង្កេតក៏បានបញ្ជាក់ពីឥរិយាបថប្រកបដោយគ្រោះថ្នាក់ខ្ពស់ក្នុងចំណោមយុវវ័យក្នុងការឆ្លង និង ចម្លងមេរោគអេដស៍ និងជំងឺអេដស៍ ដែលទាមទារឱ្យមានកិច្ចសហការ និងការសម្របសម្រួលឱ្យបានខ្លាំងក្លាជាងមុន រវាងសង្គម ស៊ីវិល និងស្ថាប័នរាជរដ្ឋាភិបាលមកពីវិស័យផ្សេងៗគ្នា។

ទាក់ទិននឹងការព្យាបាល និងថែទាំ អ្នកស្រី ដានី បានអំពាវនាវឱ្យមន្ទីរពេទ្យជួយបន្ទាបតម្លៃនៃការព្យាបាលចំពោះអ្នក ផ្ទុកមេរោគអេដស៍ ហើយសំណូមពរដ៏ទទូចឱ្យបុគ្គលិកពេទ្យក្នុងនាមជាអ្នកសង្រជ្គោះវីតិមនុស្សប្រចាំការនៅមន្ទីរពេទ្យ មេត្តា គោរពក្រមសីលធម៌ ហើយមិនត្រូវប្រើសំដីត្រគួសបោះបោកមកលើ់អ្នកជំងឺដែលកំពុងត្រូវការសង្រ្គោះជីវិត នោះទេ។

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP