សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

រមណីយដ្ឋានបឹងបៃតង


ក្រោយពីបម្រើការងារពេញមួយ​ សប្តាហ៍ហើយនោះមន្ត្រីរាជការ បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល បុគ្គលិកក្រុមហ៊ុនឯកជននានា សិស្ស និស្សិត បានសម្លឹងទៅ រកកន្លែងកម្សាន្តលម្ហែកាយនានា ដើម្បីបន្ធូរបន្ថយ នូវភាពតានតឹងដែលពួកគេបានបំពេញការងារអស់រយៈពេលមួយ សប្តាហ៍កន្លងមក ។ បឹងបៃតងជារមណីយដ្ឋានថ្មីមួយដែលមានតូប លម្ហែកាយសម្រាប់ស្ទូចត្រី ភោជនីយដ្ឋាន ទីលានកីឡា និង កន្លែង កម្សាន្ត ដែលពេលនេះកំពុងមានការ ទាក់ទាញភ្ញៀវទេសចរភ្នំពេញ យ៉ាងច្រើនឱ្យចង់ទៅលម្ហែកាយនៅទីនោះ ។

បើយើងចង់ទៅស្ទូចត្រីលម្ហែកាយនៅ រមណីដ្ឋានបឹងបៃតង យើងចេញដំណើរពីភ្នំពេញតាមផ្លូវ សហព័ន្ធរុស្ស៊ី មុននឹងទៅដល់ពោធិ៍ចិនតុងនោះ យើង ត្រូវបត់ចូលតាមផ្លូវហាណូយ កាត់ផ្សារដីហ៊ុយដល់ វត្តសំរោងអណ្តែត ហើយបន្តដំណើរទៅមុខប្រមាណ ១០០ ម៉ែត្រ រួចក្រឡេកមើលខាងឆ្វេងដៃនោះ យើង នឹងបានឃើញស្លាកសញ្ញាមួយផ្ទាំងដែលបង្ហាញផ្លូវ ចូលបឹងបៃតង ហើយយើងបន្តដំណើរលើកំណាត់ ផ្លូវក្រួសក្រហមតែមួយគីឡូម៉ែត្រទៀតនោះ យើងនឹង បានទៅដល់គោលដៅ ។

បឹងបៃតងទើបតែចាប់ដំណើរការកាលពីថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០១០ នេះប៉ុណ្ណោះ ប៉ុន្តែដោយសារ តែទីនោះមានអាកាសធាតុបរិសុទ្ធនោះ បានធ្វើឱ្យ រមណីយដ្ឋានថ្មីមួយនេះទាក់ទាញយកភ្ញៀវទេសចរ បានយ៉ាងច្រើន ដែលអ្នកទៅទីនោះម្តងហើយចង់ មកម្តងទៀត ។ កត្តាដែលធ្វើឱ្យបឹងបៃតងមានការ ចាប់អារម្មណ៍របស់ភ្ញៀវនោះ គឺទីនោះនៅជិតបង្កើយ ទីក្រុងភ្នំពេញ ដែលភ្ញៀវគ្រាន់តែចេញពីផ្ទះប្រហែល ១៥-២០ នាទី នឹងដល់កន្លែងលម្ហែតែម្តង ។

បើយើងនិយាយពីទេសភាពវិញ បឹងបៃតងគឺហាក់បីដូចជានៅស្រុកស្រែនាទី ជនបទដែរ ។ នៅជុំវិញកន្លែងស្ទូចត្រីមានទេសភាព វាលស្រែពណ៌ខៀវស្រងាត់នៅព័ទ្ធជុំវិញបរិវេណនោះ ហើយនៅខាងលិច និង ខាងជើង យើងបានក្រឡេក ឃើញដើមត្នោតដែលមានដើមខ្លះមានអ្នកឡើងត្នោត កំពុងតែត្រងទឹកត្នោត ធ្វើឱ្យទិដ្ឋភាពទីនេះរឹតតែគួរឱ្យ ចង់គយគន់ក្រៃលែង ។ នៅលើផ្ទៃដីជាង ១១ ហិកតារ របស់បឹងបៃតងមានស្រះទឹកយ៉ាងធំមួយនៅចំកណ្តាល ជម្រៅ ១៤ ម៉ែត្រ ដែលរំលេចទៅដោយតូបស្ទូចត្រី នៅព័ទ្ធមាត់ស្រះពីរជួរមានរាងជាអក្សរអិល ដែល តូបនីមួយៗមានមនុស្សទៅស្ទូចត្រីលម្ហែពេញៗ ពិសេសនៅថ្ងៃសៅរ៍-អាទិត្យ ឬ ថ្ងៃបុណ្យទានម្តងៗ មានមនុស្សម្នាទៅស្ទូចត្រីលម្ហែចាប់ពី ៣០០ នាក់ ទៅ ៥០០ នាក់ ក្នុងមួយថ្ងៃៗ នាំគ្នាសម្រុកចូលទៅស្ទូចត្រីលម្ហែកាយនៅទីនោះ ។ រីឯថ្ងៃ ធម្មតាវិញ គឺយ៉ាងហោច ណាស់ក៏មានភ្ញៀវជាង ១០០ នាក់ នាំគ្នាទៅស្ទូចត្រីលម្ហែ នៅទីនោះ ។ ចំពោះសេវាបម្រើភ្ញៀវវិញ បឹងបៃតងមានសេវាកម្មល្អៗខុសពី កន្លែងលម្ហែកាយ ឬ កន្លែងស្ទូចត្រីដទៃទៀត ។ ការអង្គុយស្ទូចត្រីនៅបឹងបៃតង គឺមិនគិតប្រាក់ឡើយ ភ្ញៀវអាចយកសន្ទូចគ្រប់ប្រភេទពីខាងក្រៅចូលក៏បាន ដោយ គ្មានគិតតម្លៃអ្វីទាំងអស់ ហើយភ្ញៀវដែលគ្មានសន្ទូចត្រូវការចង់ទិញសន្ទូច គឺមានលក់ឱ្យជាស្រេចនៅទីនោះ ដោយសន្ទូចស្ទូចត្រីមួយតម្លៃ ១ ដុល្លារ ពេល ស្ទូចចប់ភ្ញៀវអាចយកទៅតាមខ្លួនវិញក៏បាន ។ ចំពោះ ត្រីដែលស្ទូចបានវិញ បើភ្ញៀវចង់ចម្អិនជាម្ហូបអាហារ នោះមានចុងភៅយ៉ាងចំណាននៅចម្អិនជូនដោយគិត តម្លៃត្រឹមមួយដុល្លារប៉ុណ្ណោះក្នុងការចម្អិនម្ហូបមួយមុខ ហើយចំពោះត្រីដែលស្ទូចបានវិញ បឹងបៃតងតម្រូវ ឱ្យភ្ញៀវបង់ប្រាក់ ៣ ដុល្លារក្នុងត្រីមួយគីឡូក្រាម ហើយ ត្រីដែលស្ទូចបាននោះបើភ្ញៀវចង់ឱ្យបឹងបៃតងធ្វើហើយ ប្រឡាក់នោះ អាចធ្វើបានតាមសេចក្តីត្រូវការរបស់ ភ្ញៀវដោយគិតថ្លៃសេវាអ្នកធ្វើត្រី និង ថ្លៃប្រឡាក់គ្រឿង គ្រៅ ២ ដុល្លារ ។ ចំពោះម្ហូបអាហារដែលលក់នៅទី នោះ គឺមានដាក់តារាងតម្លៃច្បាស់លាស់ដែលតម្លៃ ចាប់ពី ២ ដុល្លារទៅ ៤ ដុល្លារ ចំពោះម្ហូបទឹកមួយមុខ, ៥ ដុល្លារដល់ ៩ ដុល្លារចំពោះម្ហូបគោក ដូចជាគ្រឿងក្លែមផ្សេងៗ ។ ភ្ញៀវដែលទៅ ស្ទូចត្រីនៅទីនោះសុទ្ធតែបានត្រីត្រឡប់ទៅផ្ទះវិញគ្រប់ៗគ្នា គ្មាន អ្នកណាម្នាក់ដែលស្ទូចត្រីហើយមិនបានត្រីត្រឡប់ទៅវិញឡើយ ។ ត្រីដែលមាននៅក្នុងស្រះនោះ គឺអាចនិយាយបានថាជាត្រីធម្មជាតិ សុទ្ធសាធ ទោះបីត្រីខ្លះជាត្រីចិញ្ចឹមក្តី ព្រោះត្រីមួយចំនួនត្រូវបាន គេចិញ្ចឹមទុកវាអស់រយៈពេលបួនឆ្នាំមកហើយ ដោយពុំដែលឱ្យចំណី អ្វីវាស៊ីឡើយ គឺទីនោះមានចំណីធម្មជាតិរួចជាស្រេចទៅហើយ ។ នៅតាមតូបស្ទូចត្រីនីមួយៗយើងសង្កេតឃើញមានមនុស្សស្ទូចត្រី ពេញព្រៀប និង មានអ្នកខ្លះអង្គុយទទួលទានអាហារជាមួយត្រីដែល ស្ទូចបានថ្មីៗដ៏មានរសជាតិយ៉ាងឆ្ងាញ្ញ់ពិសាក្រៃលែងដូចត្រីដែលគេ រកបានពីក្នុងបឹង ឬ ក្នុងទន្លេធម្មជាតិអ៊ីចឹងដែរ ហើយក៏មានអ្នកខ្លះបានជាប់ចិត្ត ជក់មាត់ជាមួយរសជាតិនៃត្រីដែលទើបតែស្ទូចបានថ្មីៗនេះ ដោយពួកគាត់គិតថា មកទីនេះម្តងហើយពួកគាត់នឹងមកម្តងទៀត ដោយពួកគាត់និយាយថា រសជាតិត្រី នៅទីនេះឆ្ងាញ្ញ់ សេវាកម្មល្អ មិនថ្លៃ មិនកោរភ្ញៀវដូចកន្លែងដទៃ ឯខ្យល់អាកាស ក៏បរិសុទ្ធល្អដូចទីជនបទពិតៗ មិនបាច់ចំណាយពេលទៅលម្ហែកាយនៅទីជនបទ ឡើយ ។

មន្ត្រីក្រសួងមហាផ្ទៃម្នាក់ដែលសុំមិនឱ្យបញ្ចោញឈ្មោះបានឱ្យដឹងថា ចាប់ តាំងពីទីនេះបើកមក គាត់បានជ្រើសរើសទីនេះជាកន្លែងសម្រាកលម្ហែកាយ ពេល ខ្លះមកជាលក្ខណៈគ្រួសារ ពេលខ្លះមកជាលក្ខណៈមិត្តភក្តិ ពីព្រោះវាមានខ្យល់ អាកាសល្អបរិសុទ្ធ និង មានទេសភាពល្អ ។

និស្សិតម្នាក់ឈ្មោះ បញ្ញា សិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែល កំពុងតែកាន់សន្ទូចត្រីបានឱ្យដឹងថា គេ និង មិត្តភក្តិមួយក្រុមដែលមានគ្នាប្រាំបួន នាក់ ដែលមកស្ទូចត្រីនៅទីនេះមានការសប្បាយរីករាយណាស់ ព្រោះទីនេះ អាចធ្វើឱ្យពួកគេបន្ថយភាពតានតឹងដែលខិតខំសិក្សាអស់ពេញមួយសប្តាហ៍កន្លង មក ទុក្ខសោក ការនឿយហត់ទាំងប៉ុន្មានដែលមាន គេបានយកវាមកបញ្ចោញ ចោលនៅទីនេះ ដោយនាំយកទៅវិញនូវភាពបរិសុទ្ធ និង ទេសភាពស្រស់បំព្រង នៅទីនេះទៅជាមួយផង ហើយគេសង្ឃឹមថា ថ្ងៃក្រោយគេ និង មិត្តភក្តិ នឹងនាំគ្នា មកម្តងទៀត ។

អ៊ិន សុខុម អ្នកគ្រប់គ្រងនៅទីនេះបានឱ្យដឹងថា ក្រោយពីបង្កើតឱ្យមាន កន្លែងស្ទូចត្រីនេះហើយ បឹងបៃតងនឹងបង្កើតឱ្យមានកន្លែងលេងកីឡាផ្សេងៗជា ច្រើនទៀត ដូចជា កន្លែងវាយប៉េងប៉ុង ទីលានបាល់ទាត់ ៘ ដើម្បីបម្រើសេវា ឱ្យភ្ញៀវទេសចរមិនឱ្យទាស់ចិត្តឡើយ ពិសេសទៅទៀតនោះ បឹងបៃតងនឹងបង្កើត ឱ្យមានកសិ-ទេសចរណ៍ ដើម្បីបម្រើឱ្យទេសចរណាដែលចាប់អារម្មណ៍ ។ ក្រៅ ពីនេះ បឹងបៃតងយើងក៏មានគម្រោងថ្មីៗជាច្រើនទៀត ដើម្បីបម្រើឱ្យការកម្សាន្ត សប្បាយរបស់ភ្ញៀវផងដែរ ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP